អាជ្ញាធរខេត្តកណ្ដាល ចែកប្លង់កម្មសិទ្ធដីធ្លីជិត ៤ពាន់ប័ណ្ណ ជូនពលរដ្ឋចំនួន ៤ភូមិ នៅស្រុកលើកដែក

19-03-2026 22:01

(កណ្ដាល)៖ លោក ខុន សេរីរដ្ឋា អភិបាលរងខេត្ត តំណាងលោក គួច ចំរើន អភិបាលខេត្តកណ្តាល នាថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦នេះ បានអញ្ជេីញជាអធិបតីបែកប្លង់កម្មសិទ្ធដីធ្លី ជូនពលរដ្ឋចំនួន៣,៩៥៥ ប័ណ្ណ នៅក្នុងភូមិចំនួន៤ គឺភូមិកោះកន្ធាយ, ភូមិព្រែកដាច់, ភូមិព្រែកតូច និងភូមិតាហ៊ីង ឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្តាល។

ថ្លែងនាឱកាសនោះលោកអភិបាលរងខេត្តបានថ្លែងថា ការចែកបណ្ណកម្មសិទ្ធជូនប្រជាពលរដ្ឋនៅពេលនេះ ជាការឆ្លុះបញ្ចាំងឱ្យឃើញ អំពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ក្នុងការធានាកម្មសិទ្ធិដីធ្លីស្របច្បាប់ជូនប្រជាពលរដ្ឋ សំដៅលើកកម្ពស់ជីវភាព សុខុមាលភាព និងការកាត់បន្ថយភាពក្រីក្រ ព្រមទាំងរួមចំណែកដល់ការពង្រឹងយុត្តិធម៌ និងវិវាទផ្សេងៗ។

លោកអភិបាលរងខេត្ត បានសំដែងនូវការអបអរសាទរជាមួយបងប្អូនប្រជាពលរដ្ឋទាំង៤ភូមិ ក្នុងស្រុកលើកដែក ដែលនឹងទទួលបាននូវវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ សម្រាប់ប្រើប្រាស់ប្រកបដោយសុវត្ថិភាព និងមានទំនុកចិត្ត លើកម្មសិទ្ធិរបស់ខ្លួនបន្ថែមទៀត។

ក្នុងឱកាសនោះដែរ លោកក៏បានផ្តាំផ្ញើដល់រដ្ឋបាលស្រុក អាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទបន្តផ្តល់សេវាសាធារណៈ ជាពិសេសសេវារដ្ឋបាលប្រកបដោយគុណភាព តម្លាភាព និងទទួលបានជំនឿទុកចិត្ត បន្តយកចិត្តទុកដាក់អនុវត្តគោលនយោបាយ «ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព» ដោយលុបបំបាត់នូវបទល្មើសគ្រប់ប្រភេទ នៅក្នុងមូលដ្ឋានរបស់ខ្លួន។

លោក ទៀង កុស្យារៈ អនុប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្មសំណង់ និងសូរិយោដីខេត្តកណ្ដាល បានឱ្យដឹងថា ខេត្តកណ្តាល បានអនុវត្តនីតិវិធីបិទផ្សាយចប់ និងត្រៀមចេញបណ្ណនាពេលខាងមុខចំនួន ២២៣ ភូមិ មាន ២២០ ៧៤៣ ក្បាលដី និងបានធ្វើការចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ បានចំនួន ៧៨៤ភូមិ ស្មើនឹង ៥៨៥ ៨១៨ បណ្ណ និងធ្វើការចែកបណ្ណ ជូនដល់ដៃប្រជាពលរដ្ឋសរុបចំនួន ២៦៣ លើក ស្មើនឹង ៤៣០ ៨៧៥ បណ្ណ។

ចំពោះថ្ងៃនេះគឺជាលើកទី២៦៣ នៃការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលវត្ថុ ដែលនឹងត្រូវផ្តល់ជូនប្រជាពលរដ្ឋមកពី ០៤ភូមិ ក្នុងឃុំព្រែកដាច់ រួមមាន៖ភូមិកោះកន្ធាយ២៨៣ បណ្ណភូមិព្រែកដាច់ចំនួន ១ ២៨៨ បណ្ណ ភូមិព្រែកតូចចំនួន ១ ៣៧៩ បណ្ណ ភូមិតាហ៊ីងចំនួន ១ ០០៥ បណ្ណសរុប ចំនួន ៣ ៩៥៥ បណ្ណ៕