បណ្ឌិត ញិល រដ្ឋា៖ អ៊ីស្រាអ៊ែល ប្រើយុទ្ធសាស្រ្ត «កាត់ក្បាលមេឌូសា» នៅអ៊ីរ៉ង់

20-03-2026 09:59

(ភ្នំពេញ)៖ ការធ្វើឃាតលោក Ali Larijani តាមរយៈការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល មិនត្រឹមតែជាការបាត់បង់មន្ត្រីកំពូលម្នាក់នោះទេ ប៉ុន្តែវាគឺជាការកាត់ផ្តាច់ «ខួរក្បាលយុទ្ធសាស្ត្រ» ដ៏សំខាន់មួយទៀតរបស់សាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់។ នេះបើតាមការបញ្ជាក់របស់លោកបណ្ឌិត ញិល រដ្ឋា អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ និងសេដ្ឋកិច្ច មកកាន់បណ្ដាញព័ត៌មាន Fresh News។

តើចាប់ពីឆ្នាំ១៩៧៩ មក អ៊ីរ៉ង់បានបំពាក់យុទ្ធសាស្ត្រ «កាត់ក្បាលមួយដុះពីរ» (Hydra) បានជោគជ័យ ឬយ៉ាងណា? តើអាមេរិក-អ៊ីស្រាអែល អាចសម្រេចបេសកកម្ម ៥សប្តាហ៍របស់ខ្លួនដោយបែបណា? បើមិនសម្រេច តំបន់មជ្ឈិមបូព៌ាទៅជាយ៉ាងណា?

លោកបណ្ឌិត ញិល រដ្ឋា បានឆ្លើយបែបនេះថា៖ លោក Ali Larijani បានគេស្គាល់ថាជា «អ្នកមានឥទ្ធិពលនៅពីក្រោយខ្នង» (Grey Cardinal) ដែលមានសមត្ថភាពខ្ពស់ទាំងផ្នែកទស្សនវិជ្ជា នយោបាយ និងសន្តិសុខជាតិ ដោយសារតែ៖

១. កំណើត និងមជ្ឈដ្ឋានគ្រួសារ (The Heritage)
លោក Ali Larijani កើតនៅឆ្នាំ ១៩៥៧ នៅទីក្រុង Najaf ប្រទេសអ៊ីរ៉ាក់ (ដែលកាលនោះជាមជ្ឈមណ្ឌលសិក្សាធម៌អ៊ិស្លាមដ៏ធំ)។

- គ្រួសារអភិជនសាសនា៖ ឪពុករបស់លោកគឺជាមហាអាចារ្យ (Grand Ayatollah) Hashem Amoli ដែលជាអ្នកប្រាជ្ញសាសនាដ៏មានឥទ្ធិពល។ នេះធ្វើឱ្យ Larijani មានគ្រឹះចំណេះដឹងផ្នែកសាសនាអ៊ិស្លាមយ៉ាងជ្រៅជ្រះតាំងពីក្មេង។

- បងប្អូនត្រកូល Larijani៖ ត្រកូលនេះត្រូវបានគេហៅថា «គ្រួសារ Kennedy នៃអ៊ីរ៉ង់» ដោយសារបងប្អូនរបស់លោកសុទ្ធតែជារដ្ឋបុរស កាន់តំណែងកំពូលៗក្នុងស្ថាប័នតុលាការ និងសន្តិសុខជាតិ។

២. ឥទ្ធិពលទស្សនវិជ្ជា Immanuel Kant លើការដឹកនាំរបស់លោក Larijani
តើហេតុអ្វីបានជាអ្នកនយោបាយអ៊ិស្លាមនិយមម្នាក់ បែរជាយកទ្រឹស្តីអ្នកប្រាជ្ញអាល្លឺម៉ង់មកប្រើ? លោក Larijani បានផ្សារភ្ជាប់ចំណុចសំខាន់ៗរបស់ Kant ទៅនឹងការងាររដ្ឋបាល និងសន្តិសុខដូចជា៖

- ហេតុផលនិយម (Rationalism)៖ Kant ជឿលើការប្រើហេតុផលជាមូលដ្ឋាននៃសកម្មភាព។លោក Larijani ក៏ដូច្នោះដែរ តែងតែដោះស្រាយបញ្ហានយោបាយដោយការគណនា ច្បាស់លាស់ និងមានលក្ខណៈបច្ចេកទេស ជាជាងការប្រើអារម្មណ៍ឆេះឆួល ឬមនោសញ្ចេតនានិយមជ្រុល។

- សីលធម៌កាតព្វកិច្ច (Categorical Imperative)៖ ទ្រឹស្តី Kant និយាយថា "ត្រូវធ្វើអ្វីដែលអ្នកចង់ឱ្យវាក្លាយជាច្បាប់សកល"។ សម្រាប់ Larijani នេះមានន័យថា ការពង្រឹងស្ថាប័នរដ្ឋ និងការគោរពច្បាប់ គឺជាកាតព្វកិច្ចដែលមិនអាចខ្វះបាន ដើម្បីរក្សាស្ថិរភាពសង្គម។

- តុល្យភាពរវាងជំនឿ និងហេតុផល៖ Kant ធ្លាប់បាននិយាយថា លោកត្រូវ "កំណត់ព្រំដែននៃចំណេះដឹង ដើម្បីទុកកន្លែងឱ្យជំនឿ"។ Larijani បានប្រើចំណុចនេះដើម្បីបង្កើតទម្រង់នយោបាយមួយដែល "ទំនើបផង និងអភិរក្សសាសនាផង"។ លោកជឿថា អ៊ីរ៉ង់អាចដើរទាន់ពិភពលោក (តាមរយៈវិទ្យាសាស្ត្រ និងហេតុផល) ដោយមិនចាំបាច់បោះបង់អត្តសញ្ញាណអ៊ិស្លាម។

៣. ហេតុអ្វីបានជាអ៊ីស្រាអែលសម្រេចចិត្តសម្លាប់លោក?
លោកបណ្ឌិត បានបញ្ជាក់ថា អ៊ីស្រាអែលមើលឃើញថា Larijani គឺជាឧបសគ្គដ៏ធំ និងជាគ្រោះថ្នាក់បំផុតដោយសារមូលហេតុ៣យ៉ាងគឺ៖

- អ្នកដឹកនាំអន្តរកាល៖ ក្រោយមរណភាពរបស់មេដឹកនាំកំពូល Ali Khamenei លោក Larijani បានក្លាយជាប្រធានក្រុមប្រឹក្សាដឹកនាំបណ្តោះអាសន្ន។ ការសម្លាប់លោក គឺដើម្បីបង្កឱ្យមាន "សុបិន្តអាក្រក់នៃអំណាច" (Power Vacuum) និងភាពចលាចលផ្ទៃក្នុងអ៊ីរ៉ង់។

- អ្នកយុទ្ធសាស្ត្រនុយក្លេអ៊ែរ៖ លោកគឺជាអ្នកដែលយល់ច្បាស់ពីសំណុំរឿងនុយក្លេអ៊ែរ និងមានទំនាក់ទំនងការទូតទូលំទូលាយ។ ការបាត់បង់លោក ធ្វើឱ្យអ៊ីរ៉ង់បាត់បង់អ្នកចរចាដ៏ឈ្លាសវៃម្នាក់។

- និមិត្តរូបនៃស្ថិរភាព៖ Larijani គឺជាស្ពានចម្លងរវាងពួកអភិរក្សនិយម និងពួកនិយមកណ្តាល។ ការដកលោកចេញពីឆាកនយោបាយ គឺជាការវាយប្រហារចំចំណុចកណ្តាលនៃស្ថិរភាពរបបទីក្រុងតេអេរ៉ង់។

៤. មនោគមវិជ្ជា និងការតស៊ូ៖ «ទស្សនវិទូក្នុងឯកសណ្ឋានសន្តិសុខ»
លោក Ali Larijani មិនមែនជាអ្នកនយោបាយធម្មតាឡើយ។ លោកមានការអប់រំខ្ពស់ផ្នែកទស្សនវិជ្ជាបែបបស្ចិមប្រទេស ដែលធ្វើឱ្យលោកមានសមត្ថភាពវិភាគខ្ពស់៖

- ការតស៊ូតាមរយៈការទូត និងកម្លាំង៖ លោកជឿជាក់លើការការពារអធិបតេយ្យភាពអ៊ីរ៉ង់តាមរយៈ «ការតស៊ូដ៏ឆ្លាតវៃ»។ លោកមិនមែនជាអ្នកនិយមជ្រុលដែលប្រើតែកម្លាំងបាយឡើយ ប៉ុន្តែប្រើតុចរចាជាអាវុធដើម្បីពន្យារពេល និងពង្រឹងឥទ្ធិពលអ៊ីរ៉ង់ក្នុងតំបន់។

- ចក្ខុវិស័យ៖ លោកចង់ឃើញអ៊ីរ៉ង់ក្លាយជាមហាអំណាចតំបន់ដែលមាននុយក្លេអ៊ែរ និងមានសេដ្ឋកិច្ចរឹងមាំ ដោយមិនចាំបាច់ចុះចូលក្រោមសម្ពាធលោកខាងលិចទាំងស្រុង។

៥. តើនរណានឹងមកបន្តវេនដឹកនាំ?
ស្ថានភាពនយោបាយផ្ទៃក្នុងអ៊ីរ៉ង់ និងសម្ពាធពីខាងក្រៅនាពេលបច្ចុប្បន្ន (Probability Analysis) នេះគឺជាការប៉ាន់ស្មាននៃលទ្ធភាព (Probability) សម្រាប់បេក្ខភាពបន្តវេនពីលោក Ali Larijani៖

a) លោក Said Jalili (ប្រូបាប៊ីលីតេ៖ ៦០% - ខ្ពស់បំផុត)៖ ភាពស្មោះត្រង់ដាច់ខាត, ការគាំទ្រពីពួកនិយមជ្រុល និងបទពិសោធន៍ស្រាប់(ធ្លាប់កាន់តំណែងនេះពីមុន- អភិរក្សនិយមដាច់ខាត និងតានតឹងខ្លាំង/កាត់ផ្តាច់លោកខាងលិច)។

b) លោក Mohammad Baqer Qalibaf (ប្រូបាប៊ីលីតេ៖ ២៥% - មធ្យម)៖ លោក Qalibaf គឺជាជម្រើស «យោធានិយមដែលមានហេតុផល» និងការគាំទ្រពីកងទ័ព (IRGC) (អភិរក្សនិយមយោធា ហើយអាចបង្កើនការវាយប្រហារដោយដ្រូន/មីស៊ីល)។

c) បេក្ខភាព "សេះខ្មៅ" ឬការដឹកនាំជាសមូហភាព (ប្រូបាប៊ីលីតេ៖ ១៥% - ទាប)
ក្នុងស្ថានភាពវិបត្តិ អ៊ីរ៉ង់អាចនឹងមិនជ្រើសរើសបុគ្គលតែម្នាក់ភ្លាមៗឡើយ៖

- លោក Ali Akbar Velayati (៥%) ៖ ដោយសារវ័យចាស់ជរា លោកអាចត្រឹមតែជាអ្នកប្រឹក្សាពីក្រោយខ្នង (អភិរក្សនិយមការទូត និងពង្រឹងប្លុក ចិន-រុស្ស៊ី-អ៊ីរ៉ង់)។
- លោក Ali Shamkhani (អ្នកយុទ្ធសាស្ត្រតំបន់-អតីតលេខាធិការនៃក្រុមប្រឹក្សាសន្តិសុខជាតិកំពូល)
- លោក Ali Baqeri Kani (អ្នកបច្ចេកទេសនុយក្លេអ៊ែរ-អនុរដ្ឋមន្ត្រីការបរទេស និងជាអ្នកចរចានុយក្លេអ៊ែរដ៏សំខាន់) ឬ
- លោក Esmail Qaani (មេទ័ពស្រមោលបច្ចុប្បន្ន-មេបញ្ជាការកងកម្លាំង Quds បន្តពីលោក Qasem Soleimani) ជាដើម (៥%)។
-ការដឹកនាំតាមរយៈក្រុមប្រឹក្សា (៥%)៖ អ៊ីរ៉ង់អាចនឹងពន្យារពេលការតែងតាំងជាផ្លូវការ ហើយប្រើប្រាស់ «គណៈកម្មាធិការសន្តិសុខ» ដឹកនាំរួមគ្នាដើម្បីការពារការធ្វើឃាតបន្តបន្ទាប់ពីសំណាក់អ៊ីស្រាអែល។

សន្និដ្ឋាន៖ ប្រសិនបើគោលដៅរបស់អ៊ីស្រាអែលគឺការ «កាត់ក្បាលមេឌូសា» ដើម្បីឱ្យវាស្លាប់ នោះតាមប្រូបាប៊ីលីតេ អ៊ីរ៉ង់អាចនឹងឆ្លើយតបដោយការដុះ «ក្បាលដែលរឹងជាងមុន» (ដូច Said Jalili) ដើម្បីបង្ហាញថាមេឌូសាមិនងាយស្លាប់ឡើយ។
ការសម្រេចចិត្តចុងក្រោយគឺស្ថិតនៅលើ ក្រុមប្រឹក្សាដឹកនាំបណ្តោះអាសន្ន (ដែល Larijani ធ្លាប់ដឹកនាំ)។ ប្រសិនបើពួកគេជ្រើសរើស Jalili នោះមានន័យថា អ៊ីរ៉ង់ត្រៀមខ្លួន «បិទទ្វារវាយឆ្កែ»។ ប៉ុន្តែបើជ្រើសរើស Qalibaf នោះមានន័យថា អ៊ីរ៉ង់នឹងវាយបកវិញដោយប្រើបច្ចេកវិទ្យាយោធាដ៏ទំនើប និងមានរបៀបរៀបរយ៕