សហគមន៍អេកូទេសចរណ៍សម្រស់កោះហាន កំពុងផ្ដល់ការងារយ៉ាងច្រើនដល់ស្ត្រី និងស្ត្រីមេម៉ាយក្នុងមូលដ្ឋាន (Video inside)

20-03-2026 11:35

(ស្ទឹងត្រែង)៖ សហគមន៍អេកូទេសចរណ៍សម្រស់កោះហាន ស្ថិតលើដីកោះក្នុងឃុំកោះស្នែង យើងអាចធ្វើដំណើរឆ្លងតាមស្ពានសេកុង តាមផ្លូវជាតិលេខ៧ ពីទីរួមខេត្តស្ទឹងត្រែង ដែលមានចម្ងាយប្រហែល ២៤គីឡូម៉ែត្រ ទៅដល់កំពង់ដរចម្លងសហគមន៍

សហគមន៍អេកូទេសចរណ៍សម្រស់កោះហាន​ ជាតំបន់ទេសចរណ៍ធម្មជាតិមួយ ស្ថិតនៅតាមដងទន្លេមេគង្គលើ ខេត្តស្ទឹងត្រែង។ ការបង្កើតសហគមន៍ទេសចរណ៍នេះ បានចូលរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រក្នុងសហគមន៍ និងផ្ដល់ឱកាសការងារដល់ស្ត្រី និងស្ត្រីមេម៉ាយ តាមរយៈការងារជាអ្នកប្រតិបត្តិករទេសចរណ៍។

លោកស្រី ប៊ុន សំផាត ប្រធានសហគមន៍អេកូទេសចរណ៍សម្រស់កោះហាន បានបញ្ជាក់ថា សម្រស់កោះហាន មានសក្តានុពលជាច្រើនរួមមាន ឆ្នេរខ្សាច់សក្បុសធំល្វឹងល្វើយនារដូវប្រាំង ព្រៃលិចទឹក សត្វស្លាប ផ្ទាំងថ្មកំបោរមាត់ច្រាំងទន្លេ និងទឹកទន្លេថ្លាវ៉ង់ ដែលរំលេចសម្រស់ទាក់ទាញ។ នៅទីនេះក៏មានបម្រើសេវាកម្ម ផ្ទះស្នាក់ ជិះទូកកម្សាន្តតាមដងទន្លេ ការបោះតង់ ជាពិសេសទេសចរក៏អាចជួលកង់ជិះកម្សាន្តក្នុងសហគមន៍ និងបានភ្លក់ម្ហូបតំបន់ផងដែរ។

បន្ថែមពីនេះ លោកស្រី បានបន្តថា សហគមន៍នេះ ក៏ធ្លាប់ទទួលបានពាន់រង្វាន់អាស៊ានផងដែរក្នុងឆ្នាំ២០២៣ ហើយឆ្នាំ២០២៦ សហគមន៍អេកូទេសចរណ៍នេះ ទទួលបានពាន់រង្វាន់ជាតិពីក្រសួងទេសចរណ៍ផងដែរ៕