តំបន់រ៉ាមសារទន្លេមេគង្គលើ មានសក្ដានុពលច្រើនណាស់ទាំងលើដី និងក្រោមទឹក (Video inside)
20-03-2026 11:59
(ស្ទឹងត្រែង)៖ តំបន់រ៉ាមសារទន្លេមេគង្គលើ គឺជាតំបន់ដីសើមទឹកសាបដ៏មានសារៈសំខាន់អន្តរជាតិ ដែលមានទំហំ ១,៤៦០ហិកតា ស្ថិតនៅតាមបណ្តោយទន្លេមេគង្គភាគខាងជើងប្រទេសកម្ពុជា។
តំបន់នេះសម្បូរទៅដោយព្រៃលិចទឹក កោះជាង ៥០ (រួមមានកោះហាន កោះលន) ជម្រកសត្វស្លាបកម្រ និងជាឋានសួគ៌អេកូទេសចរណ៍សម្រាប់បោះតង់ និងជិះកៃយ៉ាក់។
លោក ម៉ែន គុង អភិបាលរង នៃគណៈអភិបាលខេត្តស្ទឹងត្រែង បានឱ្យដឹងថា តំបន់រ៉ាមសារនេះ មានសក្ដានុពលច្រើនណាស់ ទាំងលើដី និងក្រោមទឹក។ ផ្ទាំងទស្សនីយភាពជាច្រើន នឹងផុសឡើងក្នុងរដូវប្រាំង ដែលអំណោយផលដល់ការទេសចរណ៍។
លោក ថា ដោយសារសក្ដានុពលទេសចរណ៍នេះហើយ ទើបអាជ្ញាធរមូលដ្ឋានស្រុកបុរីស្វាយសែនជ័យ ទាំងក្រុងស្ទឹងត្រែង ជាពិសេសនៅក្នុងឃុំនីមួយៗ រួមគ្នាបង្កើត និងប្រែក្លាយតំន់នេះ ឱ្យទៅជាតំបន់ទេសចរណ៍ ដោយដាក់ឈ្មោះថា «តំបន់អេកូទេសចរណ៍សម្រស់កោះហាន»។
អភិបាលរងខេត្តរូបនេះ បានបន្តថា នៅក្នុងរដូវប្រាំង គឺអាចអនុញ្ញាតឱ្យប្រជាពលរដ្ឋមកកម្សាន្តនៅទីនេះ ហើយអ្វីដែលធ្វើឱ្យពួកគាត់ជក់ចិត្តជាងគេគឺទេសភាព ដែលរួមមាន ដើមឈើ ខ្សាច់ ម្លប់ ដែលប្លែកភ្នែកពីតំបន់ទេសចរណ៍ផ្សេងទៀត។
សូមជម្រាបថា នៅតំបន់រ៉ាមសារពពួកសត្វក្អែកទឹក ស្មោញនិងស្លាប ផ្សេងៗទៀតមានវត្តមានច្រើននៅរដូវប្រាំងអំណោយផលសម្រាប់បម្រើដល់ការទស្សនារបស់ភ្ញៀវទេសចរ ទើបអាជ្ញាធរមូលដ្ឋាននិងមន្ត្រីផ្នែកបរិស្ថាន បានកំណត់តំបន់ដែនសុវត្តិភាព ហាមចូលធ្វើនេសាទ និងបរបាញ់ហើយនាំគ្នាងាកមកបង្កើនការអភិរក្សដើម្បីទទួលបានផលប្រយោជន៍ទាំងអស់គ្នា។
តំបន់រ៉ាមសារ គឺជាប្រភពដង្ហើមកសិកម្ម និងជីវសាស្រ្តចម្រុះនៅក្នុងប្រទេសកម្ពុជាដ៏សំខាន់មួយ និងជាប្រភពផ្គត់ផ្គង់ជីវភាពមួយដ៏សំខាន់របស់ប្រជាពលរដ្ឋមូលដ្ឋាន និងជាកន្លែងអភិរក្សធនធានធម្មជាតិ និងជីវសាស្រ្តចម្រុះមួយដ៏សម្បូរបែប។ សព្វថ្ងៃនេះតំបន់រ៉ាមសារ គឺជាអន្លង់ត្រីមេពូជ ដែនជម្រកសត្វស្លាប និងល្មូនជាច្រើនប្រភេទ។
តំបន់រ៉ាមសារ ក៏ជាប្រភពផ្តល់ជីជាតិសម្រាប់ដំណាំចម្ភារនិងជាកន្លែងដែលប្រជាពលរដ្ឋអាចនឹងទទួលបាននូវអនុផលព្រៃឈើ និងម្ហូបអាហារដូចជាពពួកត្រីសាច់ធម្មជាតិ មានកង្កែប បន្លែ និងផ្លែឈើជាច្រើនប្រភេទ៕











