មន្ទីរវប្បធម៌ខេត្តកំពង់ឆ្នាំង រៀបចំទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៨ ក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ»
20-03-2026 12:00
(កំពង់ឆ្នាំង)៖ មន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តកំពង់ឆ្នាំង បានរៀបចំអបអរសាទរទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៨ ឆ្នាំ២០២៦ ក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ» ដោយទទួលបានការគាំទ្រពីរដ្ឋបាលខេត្ត នៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ ក្រោមអធិបតីភាពលោក ឡុច សុវណ្ណារ៉ា សមាជិកក្រុមប្រឹក្សាខេត្ត តំណាងលោក ស៊ីវ រុន ប្រធានក្រុមប្រឹក្សា លោក យិន សាវ៉េន អភិបាលរងខេត្ត តំណាងលោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្ត ព្រមទាំងមានការអញ្ជើញចូលរួមពី កងកម្លាំងទាំងបី លោក លោកស្រី ប្រធានមន្ទីរ អនុប្រធានមន្ទីរជុំវិញខេត្ត អង្គការ សមាគម តំណាងធនាគារមីក្រូហិរញ្ញវត្ថុ យុវជនកាយឫទ្ធិខេត្ត យុវជនកាកបាទក្រហមកម្ពុជាខេត្ត យុវជនសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស សរុបប្រមាណ ៣៦៥នាក់។
លោក យិន សាវ៉េន អភិបាលរងខេត្តកំពង់ឆ្នាំង បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ លោកគ្រូ អ្នកគ្រូ សិល្បករ សិល្បការិនី សិស្ស និស្សិត ដែលតែងតែចូលរួមគាំទ្រដល់កិច្ចការអភិរក្ស លើកស្ទួយ និងអភិវឌ្ឍន៍វប្បធម៌ជាតិ ជាពិសេសក្នុងឱកាសនៃការប្រារព្ធទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៨ ឆ្នាំ២០២៦ នេះ មន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្ត បានសហការជាមួយរដ្ឋបាលខេត្ត ដោយបានរៀបចំដំណើរការប្រកបដោយភាពរលូន និងអធិកអធមក្នុងឱកាសដ៏ឧត្តុង្គឧត្តមនេះ។
ប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ» មានចាប់តាំងពីឆ្នាំ២០១៥ រហូតមកទល់ពេលនេះ ដើម្បីធ្វើជារបៀបវារៈនៃការរៀបចំប្រារព្ធទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៨ ឆ្នាំ២០២៦ ក្នុងគោលបំណងជំរុញឱ្យប្រជាជន មហាជនទូទៅ ជាពិសេសយុវជន ដែលជាសសរទ្រូងរបស់ជាតិ និងជាអ្នកបន្តវេនបង្កើនការស្រឡាញ់ និងការទទួលយកនូវចំណេះ សំដៅលើកកម្ពស់ការអភិរក្ស បំផុសស្មារតីចូលរួមក្នុងការផ្ទេរជំនាញបច្ចេកទេសសិល្បៈវប្បធម៌ និងការអភិវឌ្ឍវប្បធម៌ជាតិ ដែលជាមូលដ្ឋាននៃសាមគ្គីភាពនិងភាពសុខដុមរបស់សង្គមជាតិ។ ម្យ៉ាងវិញទៀតតម្លៃមហាសាលនៃវប្បធម៌ជាតិ គឺជាប្រភពធនធានមិនចេះរីងស្ងួតប្រកបដោយសក្តានុពលខ្ពស់ក្នុងការរួមចំណែកតាមរយៈការបង្កើតសេវាកម្ម និងផលិតផលវប្បធម៌សម្រាប់គោលដៅពាណិជ្ជកម្ម និងទេសចរណ៍ ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍ផ្នែកសេដ្ឋកិច្ចសង្គម។
លោកអភិបាលរងខេត្តបានបន្តទៀតថា រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មានចក្ខុវិស័យវែងឆ្ងាយ និងច្បាស់លាស់ តែងតែគាំទ្រ លើកទឹកចិត្ត និងបានផ្តល់អាទិភាពខ្ពស់ដោយចាត់ទុកថាវប្បធម៌ គឺជាព្រលឹងជាតិ និងជាអត្តសញ្ញាណជាតិខ្មែរ ដែលមានតម្លៃមិនអាចកាត់ថ្លៃបាន ព្រមទាំងជាមូលដ្ឋានគ្រឹះក្នុងការផ្សះផ្សាសង្គម ឱ្យចេះរួមរស់ជាមួយគ្នាប្រកបដោយភាពសុខដុមរមនា និងគ្មានការរើសអើង។ យើងទាំងអស់គ្នាបានដឹងហើយថាកម្ពុជាជាប្រទេសមួយដែលសម្បូណ៍ទៅដោយសម្បត្តិបេតិកភណ្ឌវប្បធម៌ទាំងរូបី និងអរូបី ដែលបុព្វបុរសរបស់យើងបានកសាង និងបន្សល់ទុកសម្រាប់អ្នកជំនាន់ក្រោយ៕
























