កម្ពុជា-ជប៉ុន ពង្រីកកិច្ចសហការវិស័យសុខាភិបាល, ខណៈវេជ្ជបណ្ឌិតខ្មែរ ទទួលបានការបណ្តុះបណ្តាលនៅជប៉ុន

20-03-2026 12:03

(ជប៉ុន)៖ លោក ជុំ សុន្ទរី ឯកអគ្គរាជទូតតែងតាំងនៃកម្ពុជាប្រចាំប្រទេសជប៉ុន នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ បានបញ្ជាក់ថា ការចូលរួមដ៏យូរអង្វែងរបស់លោកសាស្ត្រាចារ្យ Katsushiro Yamaguchi ពិតជាមានសារៈសំខាន់សម្រាប់វិស័យសុខាភិបាល និងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា។ ជាពិសេស វេជ្ជបណ្ឌិតផ្នែកចក្ខុសាស្ត្រកម្ពុជាចំនួន ២រូប មកពីមន្ទីរពេទ្យកាល់ម៉ែត បានចូលរួមកម្មវិធីបណ្តុះបណ្តាល នៅសាកលវិទ្យាល័យវេជ្ជសាស្ត្រតូហូគឺផងដែរ។

លោក ជុំ សុន្ទរី ឯកអគ្គរាជទូតតែងតាំងនៃកម្ពុជាប្រចាំប្រទេសជប៉ុន លើកឡើងយ៉ាងដូច្នេះក្នុងឱកាសអញ្ជើញទទួលជួបគណៈប្រតិភូមកពីសាកលវិទ្យាល័យវេជ្ជសាស្ត្រតូហូគី ដែល ដឹកនាំដោយលោកសាស្ត្រាចារ្យ Katsushiro Yamaguchi ប្រធានក្រុមហ៊ុនវេជ្ជសាស្ត្រ Gyoukoukai និងជាប្រធានមន្ទីរព្យាបាលចក្ខុសាស្ត្រ Ohashi Eye Clinic។ ជំនួបនេះ ត្រូវបានរៀបចំឡើងដោយលោក TAI Susumu កុងស៊ុលកិត្តិយសកម្ពុជាប្រចាំតំបន់សេនដាយ និងជាទីប្រឹក្សា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំទីក្រុងតូក្យូ។

ក្នុងជំនួប ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈជុំវិញការពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងជប៉ុន ជាពិសេសក្នុងវិស័យសុខាភិបាល និងការអភិវឌ្ឍធនធានមនុស្ស។ លោកឯកអគ្គរាជទូត បានសម្តែង ការកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះការចូលរួមដ៏យូរអង្វែងរបស់លោកសាស្ត្រាចារ្យ Katsushiro Yamaguchi ជាមួយប្រទេសកម្ពុជា រួមទាំងការចូលរួមផ្នែកមនុស្សធម៌ចំពោះប្រជាជនកម្ពុជាផងដែរ។

ទន្ទឹមនឹងនេះ លោកឯកអគ្គរាជទូត បានលើកឡើងពីតួនាទីដ៏សំខាន់របស់លោក TAI Susumu ក្នុងការជម្រុញកិច្ចសហប្រតិបត្តិការក្នុងវិស័យវេជ្ជសាស្ត្ររវាងកម្ពុជា និងជប៉ុន។ លើសពីនេះ លោកឯកអគ្គរាជទូត បានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះសាកលវិទ្យាល័យវេជ្ជសាស្ត្រតូហូគឺ សម្រាប់ កិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយស្ថាប័នវេជ្ជសាស្ត្រកម្ពុជា។

ក្នុងន័យនេះ វេជ្ជបណ្ឌិតផ្នែកចក្ខុសាស្ត្រកម្ពុជាចំនួន ២រូប មកពីមន្ទីរពេទ្យកាល់ម៉ែត រួមមានលោកវេជ្ជ បណ្ឌិត អឿន សុបញ្ញាតូ និងលោកវេជ្ជបណ្ឌិត រ៉េត សានហ៊ី ត្រូវបានអញ្ជើញមកចូលរួមកម្មវិធីបណ្តុះបណ្តាល នៅសាកលវិទ្យាល័យវេជ្ជសាស្ត្រតូហូគឺ ពីថ្ងៃទី២៦ កុម្ភៈ ដល់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦។ កម្មវិធីនេះ បានផ្តល់ឱកាសដ៏មានតម្លៃដល់វេជ្ជបណ្ឌិតកម្ពុជាក្នុងការលើកកម្ពស់សមត្ថភាពវិជ្ជាជីវៈរបស់ខ្លួន។ លោកឯកអគ្គរាជទូត បានសម្តែងទំនុកចិត្តថាគំនិតផ្តួចផ្តើម ក្នុងការបង្កើតកម្មវិធីបណ្តុះបណ្តាលនេះ នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់គុណភាពសេវាសុខាភិបាលនៅកម្ពុជា។

ក្នុងជំនួប ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈជុំវិញការបន្តកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីជម្រុញបន្ថែមទៀត នូវកិច្ចសហប្រតិបត្តិការក្នុងវិស័យសុខាភិបាល និងការអភិវឌ្ឍធនធានមនុស្សរវាងប្រទេសទាំងពីរ។ លោកឯកអគ្គរាជទូត បានបញ្ជាក់ជាថ្មី អំពីការត្រៀមខ្លួនរបស់ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំទីក្រុងតូក្យូ ក្នុងការគាំទ្រ និងសម្របសម្រួលកិច្ចសហការរវាងស្ថាប័នវេជ្ជសាស្ត្រកម្ពុជា និងជប៉ុន ដើម្បីពង្រឹងបន្ថែមនូវ ទំនាក់ទំនងរវាងកម្ពុជា-ជប៉ុន ជាពិសេសលើវិស័យសុខាភិបាល និងការអភិវឌ្ឍធនធានមនុស្ស៕