ប្រធាន ស.ស.យ.ក វិស័យសង្គមកិច្ច៖ AI ពិតជាមានសារៈសំខាន់ យើងអាចប្រើបានគ្រប់ទីកន្លែង ជួយបង្កើនប្រសិទ្ធភាពការងារ និងជួយវិភាគទិន្នន័យ បានយ៉ាងលឿនរហ័ស

20-03-2026 13:24

(ភ្នំពេញ)៖ លោក ស៊ឹម សុធន ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា វិស័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា មានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលស្តីពី «ការប្រើប្រាស់បញ្ញាសិប្បនិម្មិត ដើម្បីប្រសិទ្ធភាពការងារ នៅទីស្តីការក្រសួងសង្គមកិច្ច» រៀបចំឡើងនៅថ្ងៃនេះ គឺដើម្បីបង្កើនសមត្ថភាព និងជម្រុញយុវជនក្នុងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា ជាពិសេស បញ្ញាសិប្បនិម្មិត (AI) ដោយយើងនឹងអាចទាញយកអត្ថប្រយោជន៍ជាច្រើន សម្រាប់ប្រើប្រាស់ក្នុងជីវិតប្រចាំថ្ងៃ និងការងារផងដែរ។

លោកបន្ថែមថា បញ្ញាសិប្បនិម្មិត (AI) យើងអាចប្រើប្រាស់បានគ្រប់ទីកន្លែង នឹងអាចជួយបង្កើនប្រសិទ្ធភាពការងារ អាចជួយវិភាគទិន្នន័យបានលឿន ជួយក្នុងការបង្កើនភាពឆ្នៃប្រឌិត ហើយក៏អាចជួយក្នុងការសិក្សាផងដែរ។ ទន្ទឹមនឹងផលវិជ្ជមាន ក៏មានផលអវិជ្ជមានផងដែរ ប្រសិនបើយើងប្រើមិនត្រឹមត្រូវ ឬក៏ពឹងផ្អែកលើ AI ច្រើនពេក ធ្វើឱ្យយើងបាត់បង់សមត្ថភាពនៃការគិត ការសម្រេចចិត្ត ហើយ AI អាចផ្តល់ព័ត៌មានខុស ឬមិនពិត ព្រមជាមួយគ្នានេះ ទិន្នន័យផ្ទាល់ខ្លួនអាចនឹងត្រូវបានលួច។ ដូច្នេះ AI មានទាំងអត្ថប្រយោជន៍ និងគុណវិបត្តិ ដូចនេះ យើងគួរប្រើឱ្យបានត្រឹមត្រូវ និងមានទំនួលខុសត្រូវ ដើម្បីទទួលបានអត្ថប្រយោជន៍ច្រើនជាងគុណវិបត្តិ។

លោកបន្តថា បញ្ញាសិប្បនិម្មិត (AI)ពិតជាមានសារៈសំខាន់ ហើយយើងអាចប្រើប្រាស់បានគ្រប់ទីកន្លែង នឹងអាចជួយបង្កើនប្រសិទ្ធភាពការងារ អាចជួយវិភាគទិន្នន័យបានលឿន ជួយក្នុងការបង្កើនភាពឆ្នៃប្រឌិត ហើយក៏អាចជួយក្នុងការសិក្សាផងដែរ។ ទន្ទឹមនឹងផលវិជ្ជមាន ក៏មានផលអវិជ្ជមានផងដែរ ប្រសិនបើយើងប្រើមិនត្រឹមត្រូវ ឬក៏ពឹងផ្អែកលើ AI ច្រើនពេក ធ្វើឱ្យយើងបាត់បង់សមត្ថភាពនៃការគិត ការសម្រេចចិត្ត ហើយ AI អាចផ្តល់ព័ត៌មានខុស ឬមិនពិត ព្រមជាមួយគ្នានេះ ទិន្នន័យផ្ទាល់ខ្លួនអាចនឹងត្រូវបានលួច។ ដូច្នេះ AI មានទាំងអត្ថប្រយោជន៍ និងគុណវិបត្តិ ដូចនេះ យើងគួរប្រើឱ្យបានត្រឹមត្រូវ និងមានទំនួលខុសត្រូវ ដើម្បីទទួលបានអត្ថប្រយោជន៍ច្រើនជាងគុណវិបត្តិ។

លោកក៏បានបន្ថែមទៀតថា យុវជនគឺជាកម្លាំងចលករមួយដ៏សំខាន់ ដូច្នេះហើយ ស.ស.យ.ក វិស័យសង្គមកិច្ច នឹងផ្តល់វគ្គបំពាក់បំប៉នសមត្ថភាពជាច្រើនបន្ថែមទៀត ក្នុងន័យចង់ឃើញ យុវជន កម្ពុជារបស់យើង ពោពេញដោយសមត្ថភាព និងមានសក្តានុពល ដើម្បីរួមចំណែកអភិវឌ្ឍសង្គមជាតិកម្ពុជា ឱ្យកាន់តែរីកចម្រើន។

លោក ស៊ឹម សុធន ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា វិស័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានថ្លែងបែបនេះក្នុងឱកាសលោកអញ្ជើញចូលរួមជាអធិបតីភាពក្នុងវគ្គបណ្តុះបណ្តាលស្តីពី «ការប្រើប្រាស់បញ្ញាសិប្បនិម្មិត ដើម្បីប្រសិទ្ធភាពការងារ នៅទីស្តីការក្រសួងសង្គមកិច្ច» នាថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦។ វគ្គបណ្តុះបណ្តាលនេះ ត្រូវបានរៀបចំដោយ ស.ស.យ.ក វិស័យសង្គមកិច្ច ក្នុងគោលបំណងបង្កើនសមត្ថភាព និងជម្រុញយុវជនក្នុងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា ជាពិសេស បញ្ញាសិប្បនិម្មិត (AI) ដោយយើងនឹងអាចទាញយក អត្ថប្រយោជន៍ជាច្រើន សម្រាប់ប្រើប្រាស់ក្នុងជីវិតប្រចាំថ្ងៃ និងការងារផងដែរ។

ក្នុងឱកាសនោះ ក៏មានវត្តមានលោកស្រី ងួន សុម៉ាលី ប្រធានវិទ្យាស្ថានអភិបាលកិច្ចឌីជីថល នៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជានិងមានគ្រូឧទ្ទេស២រូប ដែលអញ្ជើញមកពីបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថល កម្ពុជា គឺ លោកបណ្ឌិត លី រតនា ប្រធានមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍បច្ចេកវិទ្យាឌីជីថល និងលោកបណ្ឌិត ជួ ប៉ោឈួង គ្រូឧទ្ទេស និងអ្នកស្រាវជ្រាវ។ សមាភាពដែលបានចូលរួមជាសិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលនេះ រួមមាន ឯកឧត្តម លោកជំទាវ លោក លោកស្រី អនុប្រធាន សមាជិក សមាជិកា នៃសហភាពសហព័ន្ធយុវជនកម្ពុជា វិស័យសង្គមកិច្ច សរុបចំនួន ១៦០រូប។

លោកស្រី ងួន សុម៉ាលី ប្រធានវិទ្យាស្ថានអភិបាលកិច្ចឌីជីថល នៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា មានប្រសាសន៍ថា វិទ្យាស្ថានអភិបាលកិច្ចឌីជីថល នៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា បានធ្វើការបណ្តុះបណ្តាលពង្រឹងសមត្ថភាពប្រព័ន្ធឌីជីថល ជូនថ្នាក់ដឹកនាំក្នុងស្ថាប័នរដ្ឋ រហូតដល់មន្រ្តីរាជការគ្រប់កម្រិត ព្រមជាមួយគ្នានោះ វិទ្យាស្ថានអភិបាលកិច្ចឌីជីថល ក៏ផ្តល់នូវការប្រឹក្សា ស្រាវជ្រាវ និងវិភាគទិន្នន័យ ជូនរាជរដ្ឋាភិបាលផងដែរ។ វគ្គបណ្តុះបណ្តាលនេះ នឹងចំណាយពេល ៦ម៉ោង ដើម្បីអាចឱ្យយើងស្គាល់ និងអាចមានលទ្ធភាពគ្រប់គ្រាន់ក្នុងការប្រើប្រាស់Toolបាន ដើម្បីស្រាវជ្រាវ ឬប្រើប្រាស់តាមតម្រូវការ ហើយប្រហែលជាយើងនឹងអាចធ្វើការផ្លាស់ប្តូរពីការចំណាយពេលប្រើប្រាស់ហ្វេសប៊ុក ងាកមកប្រើប្រាស់AI ដើម្បីធ្វើការស្រាវជ្រាវ សម្រាប់អត្ថប្រយោជន៍ការងារ និងការរស់នៅប្រចាំថ្ងៃ។

បន្ថែមពីលើនេះ លោក ស៊ឹម សុធន សង្ឃឹមថា វគ្គបណ្តុះបណ្តាលរយៈពេលមួយថ្ងៃនេះ នឹងអាចផ្តល់នូវសមត្ថភាពក្នុងការប្រើប្រាស់បញ្ញាសិប្បនិម្មិតដោយភាពច្បាស់លាស់ ដើម្បីអាចបង្កើនប្រសិទ្ធភាពការងារ និងជីវិតរស់ប្រចាំថ្ងៃ។ ហើយខ្ញុំក៏សង្ឃឹមថាលោកស្រី ប្រធានវិទ្យាស្ថាន និងបន្តផ្តល់កិច្ចសហការបន្ថែមទៀត ពិសេស គឺសហការពង្រឹងសមត្ថភាពដល់ស.ស.យ.ក វិស័យសង្គមកិច្ច របស់យើង។ ក្នុងនាមប្រធាន ស.ស.យ.ក វិស័យសង្គមកិច្ច ខ្ញុំនឹងចូលរួមគ្រប់សកម្មភាពជាមួយឯកឧត្តម លោកជំទាវ លោក លោកស្រី ហើយក៏នឹងបន្តផ្តល់នូវការគាំទ្រដល់ក្រុមការងារនិងបន្តពង្រឹងនូវសមត្ថភាពដល់គ្រប់សមាជិកភាព ដើម្បីធានាដល់ដំណើរការ និងនិរន្តរភាពការងារ សកម្មភាពរបស់ ស.ស.យ.ក វិស័យ។ ដូចនេះ សូមសិក្ខាកាមទាំងអស់ ប្រើរយៈពេលមួយថ្ងៃនេះ ចូលរួមឱ្យបានសកម្មនិងពេញលេញ ដើម្បីស្រូបយកចំណេះដឹងថ្មីនេះ។

គួរបញ្ជាក់ថា សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) គឺជាយន្តការមហាជនទូលំទូលាយរបស់យុវជនកម្ពុជា ដែលបន្តសកម្មភាពពីសមាគមយុវជនកម្ពុជា និងសមាគមយុវជនសាមគ្គីសង្គ្រោះជាតិកម្ពុជា។ គិតចាប់ពីថ្ងៃបង្កើតរហូតមកដល់បច្ចុប្បន្ននេះ សមាជិកសហភាពសហព័ន្ធយុវជនកម្ពុជានៅតែបន្តរក្សាស្មារតីសាមគ្គីភាពជាធ្លុងមួយក្នុងគោលដៅរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការធានារក្សាឱ្យបាននូវសមិទ្ធផលទាំងឡាយដែលអតីតយុវជន ជំនាន់ ២ធ្នូ បានកសាង និងបន្តបង្កើតនូវសមិទ្ធផលថ្មីៗបន្ថែមទៀត៕