ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ទីតាន ស្តូន ឡាយហ្វ៍ និងធនាគារឯកទេស អ៊ីអន (ខេមបូឌា) ភីអិលស៊ី ចុះហត្ថលេខាលើអនុស្សរណៈយោគយល់ ដើម្បីផ្ដល់សេវាកម្មធានារ៉ាប់រង ជូនអតិថិជនអ៊ីអនវីសាកាត
20-03-2026 13:52
(ភ្នំពេញ)៖ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ទីតាន ស្តូន ឡាយហ្វ៍ អ៊ិនសួរេន ម.ក និង ធនាគារឯកទេស អ៊ីអន (ខេមបូឌា) ភីអិលស៊ី នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦នេះ បានចុះហត្ថលេខាជាផ្លូវការ លើអនុស្សរណៈយោគយល់ (MOU) ដើម្បីផ្តល់អត្ថប្រយោជន៍ជូនអតិថិជនអ៊ីអនវីសាកាត ក្នុងការជាវបណ្ណសន្យារ៉ាប់រង ពីក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ទីតាន ស្តូន ដោយប្រើប្រាស់វីសាកាតរបស់ធនាគារឯកទេស អ៊ីអន។
កិច្ចសហការនេះ គឺជាជំហានដ៏សំខាន់មួយ សម្រាប់ក្រុមហ៊ុនទាំងពីរ ក្នុងការចូលរួមលើកកម្ពស់ការយល់ដឹង អំពីផលិតផលធានារ៉ាប់រង និងពង្រឹងការការពារហិរញ្ញវត្ថុសម្រាប់អតិថិជន ដែលបានប្រើប្រាស់អ៊ីអនវីសាកាត ក៏ដូចជាប្រជាពលរដ្ឋកម្ពុជាទូទៅផងដែរ។
អនុស្សរណៈយោគយល់នេះ មានគោលបំណងផ្តល់ការការពារហិរញ្ញវត្ថុភ្លាមៗ និងជំរុញឱ្យអតិថិជនកាន់តែយល់ច្បាស់ អំពីសារៈសំខាន់នៃអត្ថប្រយោជន៍ធានារ៉ាប់រងអាយុជីវិត រួមទាំងការរៀបចំផែនការហិរញ្ញវត្ថុរយៈពេលខ្លី និងវែង។
អតិថិជនដែលប្រើប្រាស់អ៊ីអនវីសាកាត របស់ធនាគារឯកទេស អ៊ីអន នឹងទទួលបានអត្ថប្រយោជន៍ពិសេស ពីក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ទីតាន ស្តូន ឡាយហ្វ៍ តាមរយៈការបញ្ចុះតម្លៃ អតិបរមាសម្រាប់បុព្វលាភធានារ៉ាប់រងឆ្នាំដំបូង ទៅតាមប្រភេទផលិតផលនីមួយៗ មានដូចជាផលិតផលសន្សំ និងផលិតផលការពារសុទ្ធសាទ។
លោក កែវ សុខវាស្នា អគ្គនាយកក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ទីតាន ស្តូន ឡាយហ្វ៍ បានបង្ហាញពីចំណាប់អារម្មណ៍ថា «ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ទីតាន ស្តូន ឡាយហ្វ៍ ប្ដេជ្ញាផ្ដល់សេវាកម្មជូនអតិថិជនអ៊ីអន វីសាកាត ក៏ដូចជាអតិថិជនទូទៅ ឲ្យទទួលបាននូវការប្រើប្រាស់ផលិតផលត្រឹមត្រូវ និងសមស្របតាមលទ្ធភាព រួមជាមួយនឹងការទទួលខុសត្រូវខ្ពស់ លើជំនាញវិជ្ជាជីវៈរបស់ខ្លួន»។
លោក Tomohiro Usami អគ្គនាយកធនាគារឯកទេស អ៊ីអន (ខេមបូឌា) ភីអិលស៊ី ក៏បានថ្លែងថា «ធនាគារឯកទេស អ៊ីអន (ខេមបូឌា) ភីអិលស៊ី មានជំនឿយ៉ាងមុតមាំថា អនុស្សរណៈនៃការយោគយល់នេះ ជាមូលដ្ឋានរឹងមាំសម្រាប់កិច្ចសហប្រតិបត្តិការរយៈពេលវែង គំនិតផ្តួចផ្តើមរួមគ្នា និងជាកត្តាអភិវឌ្ឍន៍អាជីវកម្មប្រកបដោយចីរភាព។ យើងនឹងខិតខំប្រឹងប្រែងរួមគ្នា ដើម្បីលើកកម្ពស់ស្តង់ដារសេវាកម្ម និងចូលរួមចំណែកជាវិជ្ជមាន ដល់ការអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុរបស់ប្រទេសកម្ពុជា»។
អនុស្សរណៈយោគយល់នេះ នឹងមានប្រសិទ្ធភាព ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ។ សម្រាប់ព័ត៌មានលម្អិត សូមទាក់ទងមកលេខទូរស័ព្ទ ០២៣ ៩២០ ៨៨៨/ ០៧៨ ៩៨៩ ៨៥០ ឬតាមរយៈគេហទំព័រផ្លូវការ៖ https://life.titanstonegroup.com ឬតាមរយៈអ៊ីម៉ែល [email protected] ឬតាមរយៈបណ្ដាញទំនាក់ទំនងសង្គម Facebook/LinkedIn: Titan Stone Life Insurance របស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ទីតាន ស្តូន ឡាយហ្វ៍ អ៊ិនសួរេន ម.ក៕














