ឧត្តមសេនីយ៍ឯក លឹម តុងហួត៖ សិស្សថ្នាក់ទី៧ ទី៨ នៃសាលាប៊ែលធីអន្តរជាតិ ជិត៨,០០០នាក់ ទទួលបានចំណេះដឹងពីបញ្ហាគ្រឿងញៀន និងបារីអេឡិចត្រូនិក និង App NoDrug

20-03-2026 14:43

(ភ្នំពេញ)៖ សិស្សសាលាប៊ែលធីអន្តរជាតិ ថ្នាក់ទី៧ ទី៨ ចំនួនជាង៧៨៤៣នាក់ ទាំង៣២សាខា នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦នេះ ទទួលបានចំណេះដឹង ពីកម្មវិធីបង្កើនចំណេះដឹងទូទៅ ស្តីពីការយល់ដឹងពីគ្រឿងញៀន និងបារីអេឡិចត្រូនិក។

លោក ប៊ុត ឌីម៉ង់ ប្រធានការិយាល័យចំណេះទូទៅប៊ែលធី អន្តរជាតិ បានថ្លែងស្វាគមន៍ និងរាយការណ៍ពីការរៀបចំកម្មវិធីសិក្សាបន្ថែម (កម្មវិធីបង្កើនចំណេះដឹងទូទៅ) តាមបែបចម្រុះ (ចូលរួមដោយផ្ទាល់ និងចូលរួមពីចម្ងាយតាមរយៈប្រព័ន្ធអេឡិចត្រូនិក) ក្រោមប្រធានបទ «ការយល់ដឹងពីគ្រឿងញៀន និងបារីអេឡិចត្រូនិក»

ថ្លែងក្នុងឱកាសនោះ លោក លី ប៊ុនឆៃ អគ្គនាយករងប៊ែលធី គ្រុប និងជាប្រធានគណៈគ្រប់គ្រងនាយកសាខា បានថ្លែងថា សិស្សសាលាប៊ែលធីអន្តរជាតិទាំងអស់ ត្រូវចូលរួមការពារខ្លួនឯង ក្រុមគ្រួសារ និងជួយអ្នកជិតខាង កុំឱ្យប្រើ និងញៀនគ្រឿងញៀនចៀសវាងដាច់ខាត មិនទៅពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀន និងបារីអេឡិចត្រូនិក និងចូលរួមជួយសង្គម ជាកូនល្អ សិស្សល្អ មិត្តល្អ ប្រជាពលរដ្ឋល្អ មានគុណធម៌ និងសាមគ្គីភាព។

ក្នុងនាមនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នាឱកាសនោះ ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយសាធារណៈ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានពាំនាំកោតសសើរ និងអរគុណពីលោកសន្តិបបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ជូនដល់លោកបណ្ឌិត លី ឆេង អ្នកតំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ ស្ថាបនិក និងជាអគ្គនាយកប៊ែលធីគ្រុប និងសហការីទាំងអស់ ដែលបានរៀបចំកម្មវិធីសិក្សាបន្ថែម ដល់សិស្សជាង៧៨៤៣នាក់ មកទទួលការយល់ដឹងពីគ្រឿងញៀន ផលប៉ះពាល់នៃគ្រឿងញៀន យល់ដឹងពីការបង្ការខ្លួនឯង និងការចូលរួមក្នុងសកម្មភាពប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលជាបញ្ហាស្មុគស្មាញ បង្កគ្រោះថ្នាក់ធ្ងន់ធ្ងរ ដល់សុខុមាលភាពប្រជាជន គំរាមកំហែងដល់សន្តិសុខ សណ្តាប់ធ្នាប់ និងការអភិវឌ្ឍសង្គម ហើយមិនទៅប៉ះពាល់បារីអេឡិចត្រូនិក ដែលនាំប៉ះពាល់សុខភាពធ្ងន់ធ្ងរ។

ជាមួយគ្នានោះដែរ ឧត្តមសេនីយ៍ឯក លឹម តុងហួត បានសំណូមពរដល់អ្នកចូលរួម​ សូមយកចំណេះដឹងទៅផ្សព្វផ្សាយបន្តដល់ក្រុមគ្រួសារ និងមនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់ នៃគ្រឿងញៀន និងបារីអេឡិចត្រូនិក ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀន មិនប្រើបារីអេឡិកត្រូនិក និងរួមគ្នាផ្សព្វផ្សាយ និងប្រើប្រាស់ App NoDrug : https://nodrugsnacd.com/download ដើម្បីទទួលបានចំណេះដឹង កំសាន្តអប់រំ ព័ត៌មាន មេរៀន ទីតាំងព្យាបាល និងការរាយការណ៍រាល់ករណីគ្រឿងញៀន នៅមូលដ្ឋានទាំងអស់គ្នា៕