អគ្គស្នងការដ្ឋាននគរបាលជាតិ បិទវគ្គបណ្តុះបណ្តាលស្តីពីការគ្រប់គ្រង និងបញ្ជាសុនខជំនាញ
20-03-2026 14:48
(ភំ្នពេញ)៖ ដោយទទួលបានការអនុញ្ញាតពីលោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ នៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦នេះ លោកឧត្តមសេនីយ៍ឯក លន់ សុផាត អគ្គស្នងការរងនគរបាលជាតិ តំណាងនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពីការគ្រប់គ្រង និងបញ្ជាសុនខជំនាញ តាមបណ្តាអគ្គនាយកដ្ឋាន និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ដោយមានសិក្ខាកាមចំនួន៥២រូប នៅអង្គភាពអន្តរាគមន៍នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
ជាកិច្ចចាប់ផ្តើម លោកឧត្តមសេនីយ៍ឯក សែម សុតាន់ ប្រធានអង្គភាពអន្តរាគមន៍ បានថ្លែងអំណរគុណដល់លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និង នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ដែលតែងតែជួយជ្រោមជ្រែងឧបត្ថម្ភគាំទ្រដល់អង្គភាពអន្តរាគមន៍ ក្នុងការថែរក្សា ចិញ្ចឹមសត្វសុនខ យកចិត្តទុកដាក់មើលថែទាំសុខភាពរបស់សុនខកន្លងមក និងបច្ចុប្បន្ន ដើម្បីលើកកម្ពស់សមត្ថភាពជំនាញក្នុងការហ្វឹកហាត់ ការគ្រប់គ្រង និងបញ្ជាសុនខជំនាញតាមបណ្តាអគ្គនាយកដ្ឋាន និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត។
លោកឧត្តមសេនីយ៍ឯក លន់ សុផាត អគ្គស្នងការរងនគរបាលជាតិ បាននាំយកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពី អភិសន្តិបណ្ឌិត ស សុខា និងនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ដល់គ្រូឧទ្ទេស និងសិក្ខាកាមទាំងអស់ដែលបានបញ្ចប់វគ្គរយៈពេល៥ខែនេះដោយជោគជ័យ។ លោកឧត្តមសេនីយ៍ឯក សូមថ្លែងនូវការកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញការងាររបស់ថ្នាក់ដឹកនាំអង្គភាព គណៈគ្រប់គ្រង វគ្គគ្រូឧទ្ទេសនាម និងមន្ត្រីក្រោមឱវាទ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការរៀបចំ និងចាត់ចែងដំណើរការវគ្គនេះ ប្រព្រឹត្តទៅដោយរលូន និងតាមផែនការដែលបានកំណត់។
ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ ក៏បានប្រគល់សុនខជូនអគ្គនាយកដ្ឋានអន្តោប្រវសេន៍ចំនួន៤ក្បាល និងអគ្គនាយកដ្ឋានពន្ធនាគារចំនួន២ក្បាល និងសុនខ២០ក្បាលទៀត ប្រគល់ជូន១៣ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត និងបាននាំយកថវិការបស់ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ចំនួន៥លានរៀល ឧបត្ថម្ភដល់អង្គភាពអន្តរាគមន៍ និងបានឧបត្ថម្ភដល់គ្រូបង្វឹកចំនួន១០នាក់ ក្នុងម្នាក់ៗ២០ម៉ឺនរៀល។
លោកឧត្តមសេនីយ៍ឯក លន់ សុផាត អគ្គស្នងការរងនគរបាលជាតិ បានដាក់ទិសដៅមួយចំនួនដូចខាងក្រោម៖
*១៖ គោរពឲ្យបាននូវបទវិន័យនគរបាលជាតិកម្ពុជា
*២៖ បន្តការតស៊ូ អត់ធ្មត់ លះបង់ខ្ពស់បំផុតប្រកាន់ឲ្យបានខ្ជាប់ខ្ជួន នូវវិន័យ សេចក្ដីថ្លៃថ្នូរឲ្យសក្តិសមជានគរបាលជាតិ ដ៏អង់អាចក្លាហានរបស់ប្រទេសជាតិ
*៣៖ យកចិត្តទុកដាក់ក្នុងការចិញ្ចឹម និងថែទាំសុនខ តាមបច្ចេកទេសដែលបានហ្វឹកហាត់
*៤៖ ពិនិត្យឱសថ និងស្វែងយល់ការប្រើប្រាស់ឱសថឲ្យបានច្បាស់លាស់មុននឹងប្រើប្រាស់លើសុនខ
*៥៖ តាមដានចំពោះជំងឺសំខាន់ៗ ដែលបានកើតលើសុនខ
*៦៖ ឧស្សាហ៍ធ្វើតេស្ត និងសាកល្បង ចំពោះជំនាញដែលសុនខបានហ្វឹកហាត់រួច
*៧៖ ស្វែងយល់បន្ថែមអំពី ការហ្វឹកហាត់ និងការថែទាំសុខភាពសុនខឲ្យមានប្រសិទ្ធភាពខ្ពស់
*៨៖ តៀមលក្ខណៈជានិច្ច រង់ចាំទទួលបទបញ្ជា ពីថ្នាក់ដឹកនាំក្នុងការចុះបំពេញបេសកកម្ម៕






















