អភិបាលខេត្តកណ្ដាល ប្ដេជ្ញាបោសសំអាតបទល្មើស Online Scam ឲ្យអស់ពីមុនខែមេសា និងបញ្ជាឲ្យអាជ្ញាពាក់ព័ន្ធទាំងអស់ ធ្វើការលើរឿងនេះឲ្យបានម៉ត់ចត់បំផុត
20-03-2026 15:00
(កណ្ដាល)៖ លោក គួច ចំរើន អភិបាលខេត្តកណ្តាល បានប្ដេជ្ញាថា បោសសំអាតបទល្មើស Online Scam ឲ្យអស់ពីមុនខែមេសា ពិសេសបានណែនាំអាជ្ញាធរ ព្រមទាំងកងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវការពារតាម បណ្តាក្រុមហ៊ុន/កាស៊ីណូ ដែលបានផ្អាកដំណើរការ (បិទ Seal) ពាក់ព័ន្ធបទល្មើស Online Scam ឲ្យបានល្អប្រសើរ ដោយហាមមិនឱ្យអ្នកដែលគ្មានភារកិច្ចចូល និងថែរក្សាវត្ថុតាង សម្ភារនានាកុំឱ្យបាត់បង់ ដើម្បីទុកចាត់ចែង ទៅតាមនីតិ វិធីច្បាប់បន្តទៀត។
ក្នុងឱកាសចុះពិនិត្យទីតាំងនៅតាមបណ្តាក្រុមហ៊ុន/កាស៊ីណូ ដែលបានបិទសៀលពាក់ព័ន្ធករណីបទល្មើស Online Scam ចំនួន១១ទីតាំង ស្ថិតនៅក្រុងសំពៅពូន ខេត្តកណ្តាល កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ អភិបាលខេត្តកណ្ដាល បានអំពាវនាវប្រជាពលរដ្ឋទាំងអស់ សូមមានការប្រុងប្រយ័ត្នខ្ពស់ចំពោះការជួលអគារ ផ្ទះ កន្លែងស្នាក់នៅផ្សេងៗពីសំណាក់ជនបរទេស។
លោកថែមទាំងផ្ដាំផ្ញើថា ត្រូវពិនិត្យឯកសារនានា ធ្វើកិច្ចសន្យាឱ្យបានត្រឹមត្រូវមុនពេលជួលឱ្យ ចៀសវាងមានការជាប់ពាក់ព័ន្ធ និងបទល្មើស Scam Online និងត្រូវសង្កេតចាប់អារម្មណ៍ចំពោះអ្នកស្នាក់នៅជាក្រុមមានភ្ជាប់ Internet ទំហំធំៗ គួរឱ្យសង្ស័យ សូមបងប្អូនប្រជាពលរដ្ឋចូលរួមសហការផ្ដល់ព័ត៌មានមកកាន់សមត្ថកិច្ចជាបន្ទាន់ ដើម្បីមានវិធានការចុះត្រួតពិនិត្យ និងបង្ក្រាបបានទាន់ពេលវេលា។
សូមជម្រាបថា ការបោកប្រាស់តាមប្រព័ន្ធ Scam Online បាននិងកំពុងរីករាលដាលយ៉ាងខ្លាំង និងបានគំរាមកំហែងដល់បណ្តាប្រទេសនានាលើសកលលោក, មិនមែនមានតែនៅក្នុងប្រទេសកម្ពុជាមួយប៉ុណ្ណោះទេ។ Scam Online គឺជាការក្លែងបន្លំតាមសេវា Internet ដែលប្រើប្រាស់ល្បិចបោកបញ្ឆោត បន្លំលួចយកប្រាក់ លួចយកព័ត៌មានផ្ទាល់ខ្លួន ឬធនធានសំខាន់ផ្សេងៗ របស់យើងទាំងឡាយ។ សរុបមកបញ្ហា Online Scam អាចបង្កផលវិបាកយ៉ាងធ្ងន់ធ្ងរ ដល់ប្រទេសមួយ ទាំងលើវិស័យសេដ្ឋកិច្ច សង្គម និងកេរ្តិ៍ឈ្មោះអន្តរជាតិ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានបញ្ជាក់ថា ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា គឺជាបញ្ហាតំបន់ និងសកលដែលមានលក្ខណៈស្មុគស្មាញ និងប្រទាក់ក្រឡាគ្នា ហើយកម្ពុជាជាអ្នករងគ្រោះ និងត្រូវខូចឈ្មោះលើឆាកអន្តរជាតិ។ ដូច្នេះយុទ្ធនាការបង្រ្កាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឬ Scam Online មិនមែនជាសកម្មភាពដែលធ្វើឱ្យល្អមើល ឬធ្វើត្រឹមពិធីបុណ្យចូលឆ្នាំខ្មែរ ដូចមតិមួយចំនួនបានលើកឡើងនោះឡើយ ប៉ុន្តែនេះគឺជាឆន្ទៈពិតប្រាកដរបស់រាជរដ្ឋាភិបាលក្នុងការបោសសម្អាតផ្ទះរបស់ខ្លួនឱ្យបានស្អាត ពីព្រោះបញ្ហានេះបានប៉ះពាល់ដល់មុខមាត់ប្រទេសជាតិ និងសេដ្ឋកិច្ចសង្គមកម្ពុជា។ រាជរដ្ឋាភិបាល មានឆន្ទៈប្រយុទ្ធប្រឆាំង ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះយ៉ាងម៉ឺងម៉ាត់ ដោយមិនលើកលែង និងមិនថយក្រោយជាដាច់ខាត៕



















