អភិបាលខេត្តស្ទឹងត្រែង អំពាវនាវឱ្យយុវជនជំនាន់ក្រោយ ចូលរួមយ៉ាងសកម្មក្នុងការអភិរក្ស និងបន្តអភិវឌ្ឍវប្បធម៌ជាតិ
20-03-2026 15:09
(ស្ទឹងត្រែង)៖ រដ្ឋបាលខេត្តស្ទឹងត្រែង សហការជាមួយមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត បានរៀបចំមិទ្ទិញអបអរសាទរទិវាវប្បធម៌ជាតិ ៣ មីនា លើកទី២៨ ឆ្នាំ២០២៦ ក្រោមប្រធានបទ «យុវជន ដើម្បីវប្បធម៌ជាតិ» នៅសាលប្រជុំធំ សាលាខេត្តស្ទឹងត្រែង នៅរសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦។
ពិធីនេះ បានប្រព្រឹត្តក្រោមអធិបតីភាព លោក ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្តស្ទឹងត្រែង និងលោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង ដោយមានការអញ្ជើញចូលរួមពីសំណាក់ សមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ក្រុង ស្រុក ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងអ្នកពាក់ព័ន្ធជាច្រើននាក់។
លោកស្រី ញ៉ោច សារឿន ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត បានថ្លែងថា ទិវាវប្បធម៌ជាតិ៣មីនា គឺជាទិវាដ៏មានសារៈសំខាន់ សម្រាប់ប្រជាជនកម្ពុជា ដើម្បីរំលឹកដល់គុណតម្លៃ នៃសិល្បៈវប្បធម៌ដ៏សំបូរបែប អរិយធម៌ដ៏រុងរឿង ដែលជាស្នាដៃដ៏វិសេសវិសាលរបស់បុព្វបុរសរបស់ខ្មែរ បន្សល់ទុកឱ្យកូនចៅជំនាន់ក្រោយ។
លោកស្រីបានបន្តថា កន្លងមកមន្ទីរវប្បធម៌ខេត្ត តែងតែសហការជាមួយមន្ទីរ ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរដែនដី ក្នុងការថែរក្សាការពារ និងអភិវឌ្ឍន៍ រមណីយដ្ឋាន វប្បធម៌ បុរាណវិទ្យា នៈរៈវិទ្យាប្រវត្តិសាស្ត្រ ការពារទម្រង់ ស្ថាបត្យកម្មជាតិ ស្នាដៃ ហត្ថពលកម្ម ទំនៀមទម្លាប់ប្រពៃណីជាតិ ការតែងនិពន្ធ ភាសា អក្សរសាស្ត្រជាតិ អក្សរសិល្ប៍ និងលើកតម្លៃវប្បធម៌ គ្រប់ជនជាតិ -ល- និងបន្តបំផុសលើកទឹកចិត្តជាសម្ភារៈ និងស្មារតី ក្នុងការចលនាមហាជន ប្រជាជនចូលរួមថែរក្សា ការពារអភិវឌ្ឍន៍រាល់សកម្មភាពវប្បធម៌សិល្បៈ ក្នុងខេត្តរបស់ខ្លួនជាដើមផង។
លោក សរ សុពុត្រា បានគូសបញ្ជាក់ថា ទិវាវប្បធម៌ជាតិ មិនត្រឹមតែជាការរំលឹកអតីតកាលប៉ុណ្ណោះទេ ប៉ុន្តែជាការបង្កើនស្មារតីស្នេហាជាតិ និងការយកចិត្តទុកដាក់របស់យុវជន និងប្រជាពលរដ្ឋទាំងមូល ក្នុងការថែរក្សា ការពារ និងលើកតម្កើងកេរដំណែលវប្បធម៌ដូនតា។
លោកបានអំពាវនាវឱ្យយុវជនជំនាន់ក្រោយ ចូលរួមយ៉ាងសកម្មក្នុងការអភិរក្ស និងបន្តអភិវឌ្ឍវប្បធម៌ជាតិ ដើម្បីធានាថា វប្បធម៌ខ្មែរ នឹងនៅតែរីកចម្រើន និងភ្លឺរលោងសម្រាប់ជំនាន់ក្រោយៗទៀត ដូចពាក្យស្លោក «វប្បធម៌រលត់ ជាតិរលាយ វប្បធម៌ពណ្ណរាយ ជាតិថ្កើងថ្កាន»។
ក្នុងនាមអាជ្ញាធរខេត្ត លោកអភិបាលខេត្ត បានបន្តថា រដ្ឋបាលខេត្តស្ទឹងត្រែង នឹងបន្តយកចិត្តទុកដាក់ខ្ពស់លើការអភិរក្ស និងអភិវឌ្ឍន៍វិស័យវប្បធម៌ ដោយជំរុញការចូលរួមពីគ្រប់មជ្ឈដ្ឋាន ពិសេសយុវជន ឱ្យក្លាយជាថាមពលស្នូលក្នុងការពង្រឹងអត្តសញ្ញាណជាតិ និងការផ្សព្វផ្សាយវប្បធម៌ខ្មែរ ទៅកាន់ឆាកជាតិ និងអន្តរជាតិ។ ព្រមទាំងបន្តគាំទ្រ ការរៀបចំព្រឹត្តិការណ៍ វប្បធម៌នានា និងការបណ្តុះបណ្តាលធនធានមនុស្ស ក្នុងវិស័យសិល្បៈ និងវប្បធម៌ ដើម្បីធានាបាននូវការអភិវឌ្ឍប្រកបដោយចីរភាព។
ជាមួយគ្នានេះផងដែរ លោកអភិបាលខេត្ត បានវាយតម្លៃខ្ពស់ចំពោះមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត ដែលបានខិតខំប្រឹងប្រែងអនុវត្តការងារយ៉ាងសកម្ម និងមានប្រសិទ្ធភាព ក្នុងការអភិរក្ស ការពារ និងលើកកម្ពស់តម្លៃវប្បធម៌ជាតិ ទាំងក្នុងការរៀបចំព្រឹត្តិការណ៍វប្បធម៌ ការផ្សព្វផ្សាយ ការអប់រំ និងការចូលរួមរបស់សហគមន៍។ ការខិតខំទាំងនេះ បានរួមចំណែកយ៉ាងសំខាន់ ក្នុងការពង្រឹងអត្តសញ្ញាណជាតិ និងការរក្សាបាននូវមូលដ្ឋានវប្បធម៌ដ៏រឹងមាំសម្រាប់ខេត្តស្ទឹងត្រែង៕























