ថ្នាក់ដឹកនាំបក្ស និងថ្នាក់ដឹកនាំខេត្ត ព្រមទាំងថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំខេត្តរតនគិរី អញ្ជើញគោរពវិញ្ញាណក្ខន្ធសពលោក សុខ ហម
20-03-2026 15:41
(រតនគិរី)៖ នៅព្រឹកថ្ងៃទី២០ មីនា ឆ្នាំ២០២៦ ថ្នាក់ដឹកនាំបក្ស និងថ្នាក់ដឹកនាំខេត្ត ព្រមទាំងថ្នាក់ដឹកនាំ មន្ទីរអង្គភាពជុំខេត្ត អញ្ជើញគោរពវិញ្ញាណក្ខន្ធសពលោក សុខ ហម សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា អនុប្រធានគណៈកម្មាធិការគណបក្សខេត្តរតនគិរី និងជាទីប្រឹក្សាក្រសួងមហាផ្ទៃ នៅគេហដ្ឋានសព ស្ថិតនៅភូមិអូរកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុង។
ប្រតិភូដែលបានអញ្ជើញគោរពវិញ្ញាណក្ខន្ធ រួមមាន៖ ប្រតិភូគណៈកម្មាធិការគណបក្ស ខេត្តដឹកនាំដោយលោក ណាប់ ប៊ុនហេង អនុប្រធានគណបក្សខេត្ត, ប្រតិភូក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្តដឹកនាំដោយលោក ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត, ប្រតិភូទីប្រឹក្សាក្រសួងមហាផ្ទៃដឹកនាំដោយលោកស្រី ណុប ម៉ារ៉េត, ប្រតិភូតំបន់ប្រតិបត្តិការសឹងរង ដឹកនាំដោយមេបញ្ជា, ប្រតិភូស្នងការដ្ឋាននគរបាលខេត្ត ដឹកនាំដោយស្នងការ ស្នងការរង, ប្រតិភូបញ្ជាការដ្ឋានអាវុធហត្ថខេត្ត ដឹកនាំដោយមេបញ្ជាការ មេបញ្ជាការរង, ប្រតិភូសាខាកាកបាទក្រហម, ប្រតិភូគណៈកម្មាធិការបក្សស្រុក, ប្រតិភូមន្ទីរអធិការកិច្ច, ទេសចរណ៍, បរិស្ថាន, ព័ត៌មាន, មន្ទីររៀបចំដែនដី, មន្ទីរសង្គមកិច្ច, មន្ទីរធម្មការដឹកនាំដោយប្រធាន-អនុប្រធានមន្ទីរ។
ក្នុងពេលវេលា ដ៏សែនសោកសៅនេះ ថ្នាក់ដឹកនាំបក្ស និងថ្នាក់ដឹកនាំខេត្ត ព្រមទាំងថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំខេត្ត បានអញ្ជើញដាក់កម្រងផ្កា អុចធូប ចូលរួមមរណទុក្ខ យ៉ាងក្រៀមក្រំ ជាមួយក្រុមគ្រួសារសពលោក សុខ ហម និងបានចាត់ទុក មរណភាពរបស់លោក សុខ ហម គឺជាការបាត់បង់ធនធានមនុស្ស ដ៏មានតម្លៃរបស់គណបក្ស និងប្រទេសជាតិ និងជាការបាត់បង់ ស្វាមី ឪពុក និងជីតា ប្រកបដោយព្រហ្មវិហារធម៌ និងគុណ សម្បត្តិដ៏ច្រើន សម្រាប់ក្រុមគ្រួសារទាំងមូល។
ក្នុងបរិយាកាសដ៏សែនក្រៀមក្រំនេះដែរ ប្រតិភូទាំងអស់សូមសំដែងនូវមនោសញ្ចេតនាគោរពចងចាំ ជានិច្ចនូវគុណបំណាច់ដ៏ថ្លៃថ្លារបស់លោក សុខ ហម ចំពោះគណបក្ស និងប្រទេសជាតិ និងសូមដួងវិញ្ញាណក្ខន្ធ លោកបានបដិសន្ធិក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
សូមជម្រាបជូនថា លោក សុខ ហម សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា អនុប្រធានគណៈកម្មាធិការគណបក្សខេត្តរតនគិរី និងជាទីប្រឹក្សា ក្រសួងមហាផ្ទៃ បានទទួលមរណភាព កាលពីថ្ងៃ អង្គារ ១៤រោច ខែ ផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង ១៖០០នាទីរសៀល ក្នុងជន្មាយុ ៨១ឆ្នាំ ដោយរោគាពាធ។ សពលោក បានតម្កល់ធ្វើបុណទក្ខិណានុប្បទាន នៅគេហដ្ឋាន ស្ថិតនៅភូមិអូរកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគីរី៕



















