Fresh Exclusive: អ៊ីរ៉ង់គំរាមប្រើគោលលទ្ធិ «ភ្នែកសម្រាប់ភ្នែក»៖ ពេលវិស័យប្រេងក្លាយជាសមរភូមិសង្គ្រាម (Video inside)

20-03-2026 17:05

(ភ្នំពេញ)៖ ការវាយប្រហាររបស់សម្ព័ន្ធអាមេរិក-អ៊ីស្រាអែល លើវាលឧស្ម័ន South Pars ដែលជាមូលដ្ឋានថាមពលដ៏សំខាន់បំផុតរបស់អ៊ីរ៉ង់ បានជំរុញឱ្យរដ្ឋាភិបាលតេហេរ៉ង់ ប្រកាសដាក់ចេញគោលលទ្ធិ «ភ្នែកសម្រាប់ភ្នែក»។
តើគោលលទ្ធិនេះមានន័យដូចម្តេច? ហើយហេតុអ្វីបានជាវាបង្កការព្រួយបារម្ភយ៉ាងខ្លាំង ទៅដល់សន្តិសុខ និងសេដ្ឋកិច្ចពិភពលោក?
Fresh Exclusive មានអត្ថបទវិភាគស៊ីជម្រៅមួយជុំវិញបញ្ហានេះ ...

សង្គ្រាមរវាងអ៊ីរ៉ង់ និងអ៊ីស្រាអែល កំពុងឈានចូលដំណាក់កាលថ្មីមួយទៀត ដោយរំកិលពីការប្រយុទ្ធយោធា ទៅកាន់ការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពល ខណៈអ៊ីរ៉ង់ព្រមានអនុវត្តគោលលទ្ធិ «ភ្នែកសម្រាប់ភ្នែក» ដែលអាចបង្កើតល្បែងធ្វើសង្គ្រាមគ្មានទីបញ្ចប់ និងរំខានដល់ស្ថិរភាពសេដ្ឋកិច្ចពិភពលោកទាំងមូល។

សេចក្តីរាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ បង្ហាញថា ការប្រយុទ្ធបានកើនឡើងនៅព្រឹកថ្ងៃសុក្រ ទី២០ មីនា ខណៈប្រទេសជាច្រើននៅមជ្ឈិមបូព៌ា ត្រូវបានបង្ខំឲ្យដាក់ប្រព័ន្ធការពារអាកាស ដើម្បីទប់ស្កាត់ដ្រូន និងមីស៊ីលដែលឆ្លងកាត់ព្រំដែន ក្នុងពេលដែលប្រជាជនកាន់ សាសនាអ៊ីស្លាមកំពុងអបអរសាទរ ពិធីបុណ្យ អ៊ីដឹល ហ្វឺតឺ Eid al-Fitr។

ក្នុងបរិបទនៃការកើនឡើងនេះ អ៊ីស្រាអែល បានវាយប្រហារលើវាលឧស្ម័ន South Pars របស់អ៊ីរ៉ង់ ខណៈអ៊ីរ៉ង់ បានវាយតបលើហេដ្ឋារចនាសម្ព័ន្ធថាមពលផ្សេងៗ រួមទាំងទីតាំងឧស្ម័នធម្មជាតិរាវ LNG នៅប្រទេស កាតា ដែលអ្វីទាំងនេះ បង្ហាញថា សង្គ្រាមនេះកំពុងផ្លាស់ប្តូរទិសទៅជា “សង្គ្រាមថាមពល”។ ជាមួយគ្នានេះ អ៊ីរ៉ង់បានប្រកាសយ៉ាងច្បាស់ថា ខ្លួននឹងអនុវត្តគោលលទ្ធិ «ភ្នែកសម្រាប់ភ្នែក» ដែលមានន័យថា ការវាយប្រហារណាមួយ នឹងត្រូវបានឆ្លើយតបវិញដោយសមាមាត្រ ឬ ខ្លាំងជាងនេះ គឺការបង្កើតហានិភ័យនៃការកើនឡើងសង្គ្រាមដោយគ្មានដែនកំណត់។

* ពីសមរភូមិយោធា ទៅសមរភូមិថាមពល

ការវាយប្រហាររបស់អ៊ីស្រាអែលលើវាលឧស្ម័ន South Pars ដែលជាទុនបម្រុងឧស្ម័នធម្មជាតិធំបំផុតលើពិភពលោក មិនមែនជាសកម្មភាពយោធាធម្មតាទេ ប៉ុន្តែជាចំណុចបំបែកយុទ្ធសាស្ត្រដ៏សំខាន់ ដែលបង្ហាញពីការផ្លាស់ប្តូរទិសនៃសង្គ្រាម។ វាលឧស្ម័ននេះ គឺជាចំណុចស្នូលនៃសេដ្ឋកិច្ចអ៊ីរ៉ង់ និងជាផ្នែកមួយនៃប្រព័ន្ធផ្គត់ផ្គង់ថាមពលពិភពលោក ដូច្នេះការវាយប្រហារនេះមានន័យលើសពីការខូចខាតក្នុងសមរភូមិ វាជាសារនយោបាយ និងសេដ្ឋកិច្ចដល់ទីផ្សារអន្តរជាតិ។

ការឆ្លើយតបរបស់អ៊ីរ៉ង់ ដែលបានពង្រីកគោលដៅទៅលើហេដ្ឋារចនាសម្ព័ន្ធថាមពលផ្សេងៗ រួមទាំងរោងចក្រឧស្ម័នធម្មជាតិរាវ LNG នៅកាតារ ដែលជាកន្លែងផលិតឧស្ម័នរាវធំបំផុតមួយក្នុងពិភពលោក បង្ហាញថា ជម្លោះនេះ កំពុងផ្លាស់ប្តូរពីការប្រយុទ្ធយោធា ទៅជាការប្រកួតប្រជែងលើប្រព័ន្ធថាមពល។ បើតាមទិសដៅនេះ សង្គ្រាមមិនត្រឹមតែវាយប្រហារលើកម្លាំងយោធាទៀតទេ ប៉ុន្តែកំពុងប៉ះពាល់ដល់ខ្សែសង្វាក់ផ្គត់ផ្គង់ថាមពលសកល ដែលអាចបង្កការរអាក់រអួលដល់ទីផ្សារប្រេង និងឧស្ម័ន។ នេះជាហេតុដែលអ្នកវិភាគជាច្រើនកំពុងពិចារណាថា ជម្លោះនេះកំពុងឈានទៅកាន់អ្វីដែលអាចហៅបានថា «សង្គ្រាមថាមពល» (Energy War) ពេញលេញ ដែលផលប៉ះពាល់របស់វាអាចឆ្លងកាត់ព្រំដែន និងប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោកទាំងមូល។

* គោលលទ្ធិ «ភ្នែកសម្រាប់ភ្នែក»៖ វង់ល្បែងសង្គ្រាមគ្មានទីបញ្ចប់

គោលលទ្ធិ ភ្នែកសម្រាប់ភ្នែក “Eye for Eye” មានតក្កវិជ្ជារបស់វាដែលងាយយល់ ប៉ុន្តែមានហានិភ័យខ្លាំង ដែលមានន័យជាយុទ្ធសាស្ត្រថាបើវាយប្រហារលើវិស័យថាមពលរបស់អ៊ីរ៉ង់ គឺអ៊ីរ៉ង់ នឹងវាយប្រហារដាក់លើវិស័យថាមពលរបស់សត្រូវវិញ, បើវាយប្រហារដាក់លើអ៊ីរ៉ង់ខ្លាំង អ៊ីរ៉ង់នឹងប្រើយុទ្ធសាស្ត្រខ្លាំងវាយដាក់តបតទៅវិញ។ ហេតុដូច្នេះហើយ ក្នុងការអនុវត្តគោលលទ្ធិ ភ្នែកសម្រាប់ភ្នែក “Eye for Eye” នាប៉ុន្មានថ្ងៃមកនេះ យុទ្ធសាស្ត្ររបស់អ៊ីរ៉ង់ បានវាយដាក់លើរោងចក្រឧស្ម័នធម្មជាតិរាវ LNG នៅកាតារ, បង្ហាញសមត្ថភាពមីស៊ីលបាលីស្ទីកដ៏ទំនើបរបស់ខ្លួន, បន្តការបិទច្រកហ័រមូសចំពោះសត្រូវ ដែលយុទ្ធសាស្ត្របានបារម្ភថាវាអាចនាំទៅរកការ ពង្រីកសង្គ្រាមរាលដាលទៅកំពង់ផែ បណ្តាញអគ្គីសនី ផ្លូវដឹកជញ្ជូនប្រេង និងស្ថាប័នសេដ្ឋកិច្ចសំខាន់ៗដទៃទៀត។

អ៊ីរ៉ង់បានព្រមានច្បាស់ថា ប្រសិនបើការវាយប្រហារពង្រីកទៅលើហេដ្ឋារចនាសម្ព័ន្ធទូលំទូលាយរបស់ខ្លួនហើយ តេហេរ៉ង់ នឹងឆ្លើយតបតាមគោលលទ្ធិភ្នែកសម្រាប់ភ្នែកនេះ ដែលមានន័យថា សង្គ្រាមអាចលេចចេញពីការប្រយុទ្ធតំបន់ ទៅជាវិបត្តិពិភពលោក។

* ច្រក Hormuz៖ ចំណុចសម្រេចនៃវិបត្តិ

ចំណុចគ្រោះថ្នាក់បំផុតក្នុងជម្លោះនេះ គឺច្រកសមុទ្រ Hormuz ដែលជាផ្លូវដឹកប្រេងសំខាន់បំផុតមួយរបស់ពិភពលោក ដោយមានប្រហែល ២០% នៃប្រេងសកលឆ្លងកាត់។ ក្នុងបរិបទនៃការកើនឡើងភាពតានតឹង អ៊ីរ៉ង់បានព្រមានយ៉ាងច្បាស់ថា ច្រកនេះ «នឹងមិនត្រឡប់ទៅស្ថានភាពមុនសង្គ្រាមវិញទេ» ប្រសិនបើការវាយប្រហារបន្ត និងគោលលទ្ធិ «ភ្នែកសម្រាប់ភ្នែក» ត្រូវបានអនុវត្តដល់កម្រិតខ្ពស់។

ន័យសំខាន់នៃការព្រមាននេះ គឺថា ការរំខាន ឬការបិទផ្លូវដឹកជញ្ជូនតាមច្រក Hormuz អាចបង្កឲ្យតម្លៃប្រេងឡើងខ្ពស់យ៉ាងឆាប់រហ័ស អាចលើស $១១៥ ក្នុងមួយបារ៉ែល ឬក៏ខ្ពស់ជាងនេះ បង្កើតអ្វីដែលអ្នកវិភាគហៅថាភាពភ្ញាក់ផ្អើល “Global Oil Shock” ដែលអាចរំខានដល់សេដ្ឋកិច្ចពិភពលោកទាំងមូល។

ក្នុងបរិបទនេះផងដែរ គោលលទ្ធិ «ភ្នែកសម្រាប់ភ្នែក» មិនត្រឹមតែបង្កហានិភ័យនៃការកើនឡើងសង្គ្រាមទេ ប៉ុន្តែបានបង្កើតសម្ពាធឲ្យភាគីពាក់ព័ន្ធ ត្រូវគិតឡើងវិញអំពីការឆ្លងកាត់ «ខ្សែបន្ទាត់ក្រហម» របស់អ៊ីរ៉ង់។ នេះអាចពន្យល់បានថា ហេតុអ្វីបានជា អ៊ីស្រាអែលពេលនេះបានបញ្ជាក់ថា ខ្លួននឹងគោរពការអំពាវនាវរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ដោយចៀសវាងការវាយប្រហារលើទីតាំងថាមពលសំខាន់ៗរបស់អ៊ីរ៉ង់ ជាជំហានមួយដើម្បីទប់ស្កាត់ការប្រែក្លាយជម្លោះនេះ ទៅជាវិបត្តិថាមពលពិភពលោកពេញលេញ។

* ទីផ្សារពិភពលោក និងយុទ្ធសាស្ត្រអាមេរិក

ទោះបីជាមានការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពល និងការកើនឡើងតម្លៃប្រេងយ៉ាងរំខានក៏ដោយ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានព្យាយាមប្រើវិធីសាស្ត្រនិយាយបន្ថយភាពភ័យខ្លាចនៅលើទីផ្សារ ដោយអះអាងថា ស្ថានភាព «មិនអាក្រក់» ហើយវា «នឹងបញ្ចប់ក្នុងពេលឆាប់ៗ» ខាងមុខនេះ។ ប៉ុន្តែពីក្រោយសារនោះ សកម្មភាពជាក់ស្តែងរបស់វ៉ាស៊ីនតោនកំពុងបង្ហាញរូបភាពផ្ទុយគ្នា។ ដើម្បីទប់ទល់នឹងវិបត្តិថាមពល និងហានិភ័យនៃសង្គ្រាមអូសបន្លាយ សហរដ្ឋអាមេរិកបានបញ្ចេញប្រេងបម្រុងប្រមាណ ១៧២លានបារ៉ែល ដើម្បីបន្ថយសម្ពាធទីផ្សារ ខណៈពេលតែមួយ ក៏កំពុងពិចារណាស្នើសុំថវិកាយោធាថ្មីប្រហែល $២០០ពាន់លាន ដើម្បីពង្រឹងសមត្ថភាពយោធា និងបង្កើនស្តុកគ្រាប់រំសេវ។

សកម្មភាពទាំងនេះបង្ហាញថា អាមេរិកកំពុងអនុវត្តយុទ្ធសាស្ត្រ «មុខពីរ» ដែលមានទិសដៅច្បាស់៖
- នៅខាងមុខ៖ បន្ថយការភ័យខ្លាច និងរក្សាស្ថិរភាពទីផ្សារថាមពល តាមរយៈការបញ្ចេញប្រេងបម្រុង និងសារសាធារណៈដែលបង្ហាញថាស្ថានការណ៍អាចគ្រប់គ្រងបាន
- ប៉ុន្តែពីខាងក្រោយ៖ ត្រៀមសមត្ថភាពសម្រាប់សង្គ្រាមអូសបន្លាយ តាមរយៈការពង្រឹងកម្លាំង និងធនធានយោធា ប្រសិនបើជម្លោះបន្តកើនឡើង
-
ក្នុងន័យនេះ សេចក្តីថ្លែងការណ៍របស់លោក Trump មិនមែនជាការបង្ហាញភាពស្ងប់ស្ងាត់ប៉ុណ្ណោះទេ ប៉ុន្តែជាផ្នែកមួយនៃការគ្រប់គ្រងអារម្មណ៍ទីផ្សារ ខណៈដែលយុទ្ធសាស្ត្រពិតប្រាកដ កំពុងត្រូវបានអនុវត្តនៅពីក្រោយឆាក។ នេះគឺជាយុទ្ធសាស្ត្រមុខពីរ៖ ការរក្សាស្ថិរភាពនៅលើផ្ទៃ ខណៈដែលត្រៀមសមត្ថភាពសង្គ្រាមនៅពីក្រោយ ដើម្បីគ្រប់គ្រងទាំងទីផ្សារ និងសមរភូមិពេលតែមួយ។

* សម្ព័ន្ធអន្តរជាតិ និងការគ្រប់គ្រងស្ថានការណ៍

នៅព្រឹកថ្ងៃសុក្រទី២០ មីនា ខណៈដែលប្រជាជននៅបណ្តាប្រទេសអារ៉ាប់ ដូចជា អារ៉ាប៊ីសាអ៊ូឌីត អារ៉ាប់អេមីរ៉ាត គុយវ៉េត និងបារ៉ែន កំពុងអបអរសាទរ ពិធីបុណ្យ អ៊ីដឹល ហ្វឺតឺ Eid al-Fitr, ការវាយប្រហារតាមអាកាស និងការបាញ់ទម្លាក់ដ្រូន បានបង្កការភ័យខ្លាចយ៉ាងខ្លាំងនៅក្នុងតំបន់។ ប្រទេសទាំងនេះបានដាក់ប្រព័ន្ធការពារអាកាស ដើម្បីទប់ស្កាត់មីស៊ីល និងដ្រូនដែលឆ្លងកាត់ដែនអាកាសរបស់ខ្លួន បង្ហាញពីការចូលរួមក្នុងការពារ «ស្ថិរភាពតំបន់» ទោះបីមិនចូលរួមសង្គ្រាមដោយផ្ទាល់ក៏ដោយ។

នៅពេលតែមួយ សហរដ្ឋអាមេរិកកំពុងស្វែងរកការបង្កើតសម្ព័ន្ធនាវាចម្បាំងអន្តរជាតិ ដើម្បីអមដំណើរនាវាដឹកប្រេង តាមច្រកសមុទ្រ Hormuz ប៉ុន្តែសម្ព័ន្ធមិត្តជាច្រើន នៅតែប្រុងប្រយ័ត្ន និងមិនទាន់ចង់ចូលរួមយោធាដោយផ្ទាល់ឡើយ ព្រោះបារម្ភថា អាចត្រូវទាញចូលទៅក្នុងជម្លោះជាមួយអ៊ីរ៉ង់។
ស្ថានការណ៍នេះបង្ហាញថា ពិភពលោកកំពុងព្យាយាម «គ្រប់គ្រងសង្គ្រាម» (manage escalation) មិនឲ្យផ្ទុះធំ ខណៈដែលអ៊ីរ៉ង់វិញ កំពុងបង្កើនសម្ពាធ និងកម្រិតសងសឹកកាន់តែខ្លាំងក្រោមគោលលទ្ធិ «ភ្នែកសម្រាប់ភ្នែក»។

សេចក្តីសន្និដ្ឋាន៖ សង្គ្រាមអ៊ីរ៉ង់នៅពេលនេះ មិនមែនជាការប្រយុទ្ធរវាងប្រទេសពីរទៀតទេ ប៉ុន្តែកំពុងបម្លែងខ្លួនជាការប្រកួតប្រជែងលើ ថាមពល សេដ្ឋកិច្ច និងអំណាចពិភពលោកផងដែរ។ នៅពេលដែលមីស៊ីល មិនត្រឹមតែវាយលើគោលដៅយោធា ប៉ុន្តែវាយបំផ្លាញលើប្រព័ន្ធថាមពល សង្គ្រាមមិននៅត្រឹមតំបន់ទៀតទេ វាក្លាយជាវិបត្តិសេដ្ឋកិច្ចពិភពលោក ដែលអាចប៉ះពាល់ដល់ប្រទេសទាំងអស់ ដោយគ្មាននរណាអាចគេចផុតពីឥទ្ធិពលនេះបានឡើយ ទោះបីមិនចូលរួមដោយផ្ទាល់ក្នុងជម្លោះរវាងសម្ព័ន្ធអាមេរិក-អ៊ីស្រាអែល និងអ៊ីរ៉ង់ក៏ដោយ៕