ស្អែកនេះ សាសនិកឥស្លាមនៅកម្ពុជា និងបណ្ដាប្រទេសមូស្លីមមួយចំនួននៅអាស៊ីអាគ្នេយ៍ នឹងបុណ្យបញ្ចប់បួស ហៅថា រ៉យ៉ាអ៊ីទីលហ្វីទ្រី
20-03-2026 20:26
(ភ្នំពេញ)៖ ពិធីបុណ្យធំមួយរបស់សាសនាឥស្លាមហៅថា រ៉យ៉ាអ៊ីទីលហ្វីទ្រី នឹងប្រារព្វឡើងដោយសាសនិកឥស្លាមនៅកម្ពុជា និងនៅតាមបណ្ដាប្រទេសមួយចំនួនផ្សេងទៀតនៅអាស៊ីអាគ្នេយ៍នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦ស្អែកនេះ។
ពិធូបុណ្យរ៉យ៉ានេះ ធ្វើឡើងជារៀងរាល់ឆ្នាំ ក្រោយពេលសាសនិកឥស្លាមបង្គ្រប់ការបួសរបស់ខ្លួន ក្នុងខែរ៉ម៉ាទនរយៈពេលពេញមួយខែរួចមក។
ពិធីបុណ្យនេះទៀតសោត តម្រូវឲ្យសាសនិកឥស្លាមគ្រប់រូប នឹងត្រូវទៅវិហារឥស្លាមរៀងៗខ្លួន ឬក៍ជួបជុំគ្នានៅទីវាល ដើម្បីរួមគ្នាថ្វាយបង្គុំទៅកាន់ព្រះជាម្ចាស់ (អល់ឡោះ ស៊ុបហាណាហ៊ូ វ៉ាតាអាឡា) ហើយអ៊ីម៉ាំ (មេសាសនា) នឹងថ្លែងសារដោយនិយាយព្រះធម៍ទៅកាន់សាសនិកឥស្លាម ក្នុងអត្ថន័យណែនាំគ្នាឲ្យធ្វើល្អ ធ្វើបុណ្យជាដើម។
លើសនេះ សាសនិកឥស្លាមទាំងអស់ នឹងជួបជុំគ្នាពិសារអាហារ ជួបជុំបងប្អូន មិត្តភក្ដិ សហគម និងសុំខមាទោសគ្នាទៅវិញទៅមកក្នុងន័យរួបរួម ស្រលាញ់រាប់អានគ្នា អធ្យាស្រ័យឲ្យគ្នា និងពិសេសផ្ដល់តម្លៃឲ្យគ្នាគ្រប់ៗរូបដោយមិនប្រកាន់មាន-ក្រ ឬឋានៈបុណ្យសក្ដិអ្វីឡើយ។
សូមជម្រាបថា បុណ្យធំៗរបស់សាសនាឥស្លាម មានចំនួន២ប៉ុណ្ណោះដែលត្រូវបានណែនាំ និងស្របតាមស៊ុណ្ណះព្យាការីមូហាំម៉ាត់ គឺបុណ្យរ៉យ៉ាអ៊ីទីលហ្វីទ្រី (បុណ្យបញ្ចប់បួស) និងបុណ្យរ៉យ៉ាហាជ្ជី (ការធ្វើធម្មយាត្រាហាជ្ជនៅទីក្រុងម៉ាក់កះ ប្រទេសអារ៉ាប់ប៊ីសាអ៊ូឌីត) ៕








