សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ដឹកនាំគណៈប្រតិរណិសិរ្ស អញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅរដ្ឋធានីហាណូយ រយៈពេល៤ថ្ងៃ
20-03-2026 20:29
(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦នេះ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅរដ្ឋធានីហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម តបតាមការការអញ្ជើញរបស់លោកស្រី ប៊ូយ ធិមីញហ៊យ សមាជិកការិយាល័យនយោបាយមជ្ឈិមបក្ស និងជាប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម ដែលមានរយៈពេល៤ថ្ងៃ គិតចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦។
ក្នុងដំណើរទស្សនកិច្ចផ្លូវការនេះ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន នឹងជួបពិភាក្សាជាមួយជាប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម ដើម្បីពិនិត្យឡើងវិញ និងពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងនៃកិច្ចសហប្រតិបត្តិការ រវាងរណសិរ្សទាំងពីរ ដែលជាស្ពានដ៏សំខាន់តភ្ជាប់ចំណងមេត្រីភាព និងសាមគ្គីភាព រវាងប្រជាជនប្រទេសទាំងពីរ។ បន្ទាប់មកសម្តេចនឹងជួបសម្តែងការសមជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម។
បន្ទាប់ពីកិច្ចពិភាក្សា មកនឹងមានពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការ រវាងក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា និងគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម (២០២៦-២០៣១) ដែលកិច្ចព្រមព្រៀងនេះ បានបន្តអនុវត្តកម្មវិធីសហប្រតិបត្តិការរវាងរណសិរ្សទាំងពីរក្នុងដំណាក់កាល (២០២០-២០២៥) ទទួលបានលទ្ធផលគួរជាទីមោទនៈ។
យោងតាមកម្មវិធីទស្សនៈកិច្ចជាផ្លូវការ គណៈប្រតិភូនឹងអញ្ជើញទស្សនកិច្ចតំបន់ទេសចរណ៍បែបធម្មជាតិនៅភាគខាងជើងវៀតណាម (ខេត្តឡាវកាវ) ស្ថានីយ៍ខ្សែកាប កំពូលភ្នំ Fansipan និងទស្សនាតំបន់ទេសចរណ៍តាមជុក ក៏ដូចជា តំបន់ទេសចរណ៍មួយចំនួនទៀត នៅក្នុងខេត្តនិញប៊ិញផងដែរ៕
































