ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បញ្ជ្រាបចំណេះដឹងដល់មន្ត្រីរាជការ ត្រៀមខ្លួនឆ្លើយតបទៅនឹងការគំរាមកំហែងទៅលើប្រព័ន្ធអ៊ីនធឺណិតពីការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ
20-03-2026 21:29
(ភ្នំពេញ)៖ លោក លីវ សុផាណារិទ្ធិ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) នៅរសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីបិទសិក្ខាសាលាស្តីពី «ការបញ្ជ្រាបចំណេះដឹងដល់មន្ត្រីរាជការរបស់រដ្ឋាភិបាលឌីជីថល ២០២៦» ដោយមានការអញ្ជើញចូលរួមពីអ្នកជំនាញបច្ចេកវិទ្យាពីគ្រប់បណ្តាក្រសួង ស្ថាប័ន ចំនួន ៣៦ សរុបប្រមាណ ១១៥នាក់ នៅសណ្ឋាគារភ្នំពេញ។
សិក្ខាសាលានេះ បានរៀបចំឡើងចាប់ពីថ្ងៃទី១៨-២០ ខែមីនា ឆ្នាំ២០២៦ ដែលជាកិច្ចសហប្រតិបត្តិការក្នុងការកសាងរដ្ឋាភិបាលឌីជីថលដែលមានភាពធន់ ដោយបង្កើនការយល់ដឹងបន្ថែមនូវហានិភ័យពីការវាយប្រហារសាយប័រ ពង្រឹងសមត្ថភាពក្នុងការការពារ និងត្រៀមខ្លួនឆ្លើយតបទៅនឹងការគំរាមកំហែងទៅលើប្រព័ន្ធអ៊ីនធឺណិតពីការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ។
សិក្ខាសាលានេះ ផ្តោតទៅលើប្រធានបទសំខាន់ៗរួមមាន (១) អក្ខរកម្មឌីជីថល និងការត្រៀមខ្លួនរបស់រាជរដ្ឋាភិបាល (២)ការយល់ដឹងអំពីការគំរាមកំហែងរបស់បញ្ញាសិប្បនិម្មិត AI និងបច្ចេកវិទ្យា Deepfakes (៣) ការការពារព័ត៌មានរបស់រាជរដ្ឋាភិបាលក្នុងយុគសម័យឌីជីថល និង(៤)ទម្លាប់សន្តិសុខសាយប័រ (Cyber hygiene) ក្នុងប្រតិបត្តិការប្រចាំថ្ងៃ។
ជាមួយគ្នានេះ លោករដ្ឋលេខាធិការ លីវ សុផាណារិទ្ធិ បានមានប្រសាសន៍ថា ការរៀបចំសិក្ខាសាលានេះ បង្ហាញពីការចូលរួមយ៉ាងសកម្មរបស់ ក.ប.ទ. ក្នុងការការពារ និងឆ្លើយតបទៅលើបញ្ហាប្រឈមនានា ដែលរដ្ឋាភិបាលកំពុងជួបប្រទះ ជាពិសេសក្នុងអំឡុងពេលដែលហានិភ័យសន្តិសុខសាយប័រកាន់តែស្មុគស្មាញ និងមានឥទ្ធិពលដល់ស្ថិរភាព និងទំនុកចិត្តសាធារណៈ។
លោករដ្ឋលេខាធិការ បានគូសបញ្ជាក់ថា ស្របពេលការអភិវឌ្ឍយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាឌីជីថល ជាពិសេសការកើនឡើងនៃការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត អាចនឹងជះឥទ្ធិផលជាអវិជ្ជមានមួយចំនួនជាអាទិ៍ ការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតសម្រាប់លួច ឬក្លែងបន្លំទិន្នន័យ (AI-powered phishing), ឬ Deepfake ជាដើម។
ដើម្បីឆ្លើយតបឱ្យទាន់ពេលវេលា លោករដ្ឋលេខាធិការ បានចែករំលែកនូវផ្នត់គំនិត ដែលគួរឱ្យមានការគិតគូរ មួយចំនួនរួមមាន៖ (១). ភាពតានតឹងខាងផ្នែកនយោបាយក្នុងតំបន់ ដែលអាចជាយុទ្ធសាស្រ្តក្នុងការជំរុញការវាយប្រហារសន្តិសុខសាយប័រ, (២). ការជឿជាក់ និងការចាប់យកនូវការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ហួសព្រំដែន ដែលអាចនឹងមានភាពងាយរងគ្រោះ, (៣).ការកើនឡើងនូវសមត្ថភាពរបស់ឧក្រិដ្ឋជនតាមប្រព័ន្ធអ៊ីនធឺណិត, (៤).ភាពងាយរងគ្រោះនៃខ្សែសង្វាក់ផ្គត់ផ្គង់ផលិតកម្មតាមប្រព័ន្ធអ៊ីនធឺណិតដែលបានរៀបចំជាប្រព័ន្ធសាយប័រអេកូឡូស៊ី (cyber ecosystem), (៥). ការរៀបចំលិខិតបទដ្ឋានគតិយុត្ត ដើម្បីពង្រឹងភាពធន់ក្នុងកិច្ចការសន្តិសុខសាយប័រ, និង(៦). ការគិតគូរលើការបង្កើនអ្នកជំនាញសន្តិសុខសាយប័រជាដើម។
ការគិតគូរនេះពិតជាមានសារៈសំខាន់ណាស់សម្រាប់ប្រទេសកម្ពុជា និងស្របតាមទស្សនៈវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជាដែលបានដាក់ចេញនៅ ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និង សង្គមឌីជីថលកម្ពុជា២០២១-២០៣៥ និងគោលនយោបាយរាជរដ្ឋាភិបាល២០២២-២០៣៥ ដើម្បីឆ្លើយតបនឹងបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤ ពោលគឺការកសាងឱ្យបាននូវពលរដ្ឋឌីជីថល រដ្ឋាភិបាលឌីជីថល និងធុរកិច្ចឌីជីថល៕














