ពលរដ្ឋភៀសសឹក អរគុណរដ្ឋាភិបាលដែលរៀបចំជម្រកបណ្តោះអាសន្នជូនពួកគាត់ និងជឿជាក់ថារដ្ឋាភិបាល នឹងដោះស្រាយបញ្ហាឱ្យវិលមករកភាពល្អប្រសើរឡើងវិញ (Video inside)
20-03-2026 21:38
(បន្ទាយមានជ័យ)៖ ប្រជាពលរដ្ឋភៀសសឹកមកពីតំបន់បឹងត្រកួន ស្ថិតក្នុងឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ដែលត្រូវបានយោធាថៃហ៊ុំព័ទ្ធដីលំនៅដ្ឋានមិនឱ្យចូលទៅរស់នៅ ដែលកំពុងបន្តរស់នៅបណ្តោះអាសន្ន ក្នុងមណ្ឌលសុវត្ថិភាពវត្តកណ្តោល ស្រុកថ្មពួក បានថ្លែងអរគុណដល់រាជរដ្ឋាភិបាលចំពោះការរៀបចំជម្រកបណ្តោះអាសន្ន និងជំនឿជឿជាក់ចំពោះរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយភាគី និងរំពឹងថារដ្ឋាភិបាលអាចទាមទារទឹកដី និងផ្ទះរបស់ពួកគាត់ពីយោធាថៃមកវិញ។
សូមបញ្ជាក់ថា ជាជំហានដំបូងនៃការចាប់ឆ្នោតជ្រើសរើសក្បាលដីផ្ទះ ត្រូវបានជ្រើសរើសយកពីភូមិបន្ទាយមានរិទ្ធ ចំនួន ៥០៤ គ្រួសារ និងភូមិសាមគ្គី ៣១៨ គ្រួសារ។ ចំពោះផ្ទះអតីតយុទ្ធជន ដែលបងប្អូនភៀសសឹកត្រូវទៅស្នាក់នៅបណ្តោះអាសន្ន មានផ្ទៃដីទំហំ ២០ គុណ ៣០ ម៉ែត្រ ព្រមទាំងមានបន្ទប់ទឹកប្រើប្រាស់ផងដែរ។
បច្ចុប្បន្ន ក្រុមការងារកំពុងបន្តការងារសាងសង់ផ្ទះអតីតយុទ្ធជន ដែលត្រៀមឱ្យជនភៀសសឹកស្នាក់បណ្តោះអាសន្ន សម្រេចបានប្រមាណ ៣០០ ខ្នងផ្ទះហើយ តាមការគ្រោងទុក នឹងបញ្ចប់ការសាងសង់ផ្ទះ ៣,០០០ ខ្នង ឱ្យឆាប់រួចរាល់មុនចូលឆ្នាំថ្មីប្រពៃណីជាតិនាពេលខាងមុខនេះ។
បើតាមលោក ប៉ុល អាន អាយុ ៦២ ឆ្នាំ មកពីតំបន់បឹងត្រកួន បានបង្ហាញការជឿ និងទុកចិត្តលើរាជរដ្ឋាភិបាល ចំពោះការស្វែងរកដំណោះស្រាយជាមួយភាគីថៃ។ ហើយបន្ទាប់ពីមកស្នាក់នៅក្នុងជំរំភៀសសឹកវត្តកណ្តោលនេះ គឺអាជ្ញាធរបានយកចិត្តទុកដាក់យ៉ាងខ្លាំង ជាពិសេសនៅពេលបានឃើញផ្ទាល់ភ្នែកនូវជម្រកបណ្តោះអាសន្នដែលរាជរដ្ឋាភិបាលសាងសង់ជូនប្រជាពលរដ្ឋភៀសសឹក គឺពួកគាត់ហាក់ធូរស្រាលពីទុក្ខព្រួយនាពេលកន្លងមកមួយកម្រិត ដោយសារជម្រកបណ្តោះអាសន្ននោះមានភាពល្អប្រសើរ សមរម្យ ងាយស្រួលរស់នៅជាងការរស់នៅក្នុងជម្រកតង់ ដែលកន្លងមកជួបនូវការលំបាកមួយចំនួន និងនឹករលឹកផ្ទះដែលធ្លាប់រស់នៅជាច្រើនឆ្នាំតែត្រូវយោធាថៃឈ្លានពានវាតទីយក។
សម្រាប់លោក មាស ម៉ៅ វ័យ ៤៣ ឆ្នាំ ជនភៀសសឹកមកពីភូមិសាមគ្គី នៃតំបន់បឹងត្រកួន ដែលបានទៅមើលឃើញពីជម្រកបណ្តោះអាសន្នផ្ទាល់ភ្នែក លោករៀបរាប់ថា ជម្រកបណ្តោះអាសន្នដែលរដ្ឋាភិបាលសាងសង់ជូន គឺមានភាពសមរម្យ ទំហំទូលាយ អាចជួយឱ្យលោករស់នៅល្អប្រសើរជាងការរស់នៅក្នុងមណ្ឌលសុវត្ថិភាព។
លោកស្រី អង់ ណៃ វ័យ ៥៥ ឆ្នាំ ជាប្រជាពលរដ្ឋភៀសសឹកមកពីភូមិសាមគ្គី នៃតំបន់បឹងត្រកួន បានថ្លែងថា ការរស់នៅក្នុងជម្រកតង់ គឺជួបការលំបាកមួយចំនួន ហើយឥឡូវនៅពេលដែលអ្នកស្រីបានឃើញនូវជម្រកបណ្តោះអាសន្នដែលរដ្ឋាភិបាលរៀបចំជូន គឺលោកស្រីហាក់ធូរស្រាលទុក្ខព្រួយមួយកម្រិត។
បន្ទាប់ពីបានឃើញនូវជម្រកបណ្តោះអាសន្ន លោកស្រី អង់ ណៃ លើកឡើងដូច្នេះថា៖ «ខ្ញុំធូរស្រាល បានសប្បាយចិត្ត ដូចថាយើងបានទៅរស់នៅក្នុងជម្រកបណ្តោះអាសន្នទៅ បើជួបភ្លៀង ផ្គរយ៉ាងណាក៏យើងមានអារម្មណ៍ស្រួលចិត្តជាងនៅក្នុងតង់ ព្រោះនៅក្នុងតង់ពេលភ្លៀងសាចមក យើងត្រូវទប់ទឹកភ្លៀង បាំងទឹកភ្លៀងឱ្យជិត កុំឱ្យសាច ដើម្បីបានសម្រាក»។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ធ្លាប់បានគូសបញ្ជាក់ថា ការផ្តល់ជម្រកបណ្តោះអាសន្នដល់ជនភៀសសឹកដែលមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន គឺជាការគិតគូរពីសុខទុក្ខរបស់ពួកគាត់ទាំងបរិស្ថាន និងសុខុមាលភាព តែមិនមែនមានន័យថា រាជរដ្ឋាភិបាល បោះបង់សិទ្ធិទាមទារទឹកដីនោះឡើយ។ រាជរដ្ឋាភិបាល មានជំហរម៉ឺងម៉ាត់ និងដាច់ខាតក្នុងការការពារបូរណភាពទឹកដី ហើយបាននិងកំពុងធ្វើការងារនេះយ៉ាងសកម្មតាមយន្តការការទូតដោយសន្តិវិធី។
គួរជម្រាបថា នីតិវិធីបែងចែកជម្រកបណ្តោះអាសន្នជូនជនភៀសសឹក គឺតម្រូវឱ្យតំណាងគ្រួសារជនភៀសសឹកម្នាក់ឡើងចាប់ឆ្នោត យកលេខដែលក្រុមការងារបានបែងចែកលើជម្រកបណ្តោះអាសន្នដែលបានសង់រួច។ ក្នុងថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ នេះ ប្រជាពលរដ្ឋដែលស្នាក់នៅមណ្ឌលសុវត្ថិភាព បានរុះរើសម្ភារទៅចូលរស់នៅក្នុងជម្រកបណ្តោះអាសន្នដែលរាជរដ្ឋាភិបាល និងរដ្ឋបាលខេត្តបន្ទាយមានជ័យរៀបចំជូននៅក្នុងភូមិចក់ពួក ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ៕













