អគ្គទេសាភិបាលរងធនាគារជាតិនៃកម្ពុជា៖ វិស័យសាធារណៈអាចក្លាយជាចំណុចចាប់ផ្ដើមដ៏សំខាន់ ក្នុងការជំរុញការប្រើប្រាស់ប្រាក់រៀល ឲ្យកាន់តែទូលំទូលាយ
20-03-2026 21:55
(ភ្នំពេញ)៖ លោក យឹម លាត អគ្គទេសាភិបាលរងធនាគារជាតិនៃកម្ពុជា បានថ្លែងឲ្យដឹងថា វិស័យសាធារណៈអាចក្លាយជា ចំណុចចាប់ផ្ដើមដ៏សំខាន់ ក្នុងការជំរុញការប្រើប្រាស់ប្រាក់រៀល ឲ្យកាន់តែទូលំទូលាយព្រោះថា បើទោះបីកម្ពុជា មានកម្រិតដុល្លារូបនីយកម្មខ្ពស់ក៏ដោយ ក៏វិស័យសាធារណៈនៅតែប្រើប្រាស់ប្រាក់រៀលជាចម្បង។
លោក យឹម លាត បានថ្លែងបន្ដថា នេះបើផ្អែកតាមលទ្ធផលស្រាវជ្រាវសំខាន់ៗចំនួន២ ដែលធនាគារជាតិនៃកម្ពុជា បានសហការស្តីពី ដុល្លារូបនីយកម្ម និងផលប៉ះពាល់ក្នុងវិស័យកាត់ដេរ ផលិតស្បែកជើង ផលិតផលធ្វើដំណើរ និងកាបូបនៅកម្ពុជា ជាមួយកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) និងការអង្កេតលើការប្រើប្រាស់រូបិយវត្ថុ ក្នុងវិស័យសាធារណៈ ដែលជាគម្រោងសហការរវាង ធនាគារជាតិនៃកម្ពុជា និងរដ្ឋសភាជាតិ។
ការលើកឡើងរបស់លោក យឹម លាត ធ្វើឡើងក្នុងកម្មវិធីអបអរសាទរទិវាប្រាក់រៀលខួបលើកទី៤៦ នៃការដាក់ឱ្យចរាចរប្រាក់រៀលឡើងវិញ (២០ មីនា ១៩៨០ - ២០ មីនា ២០២៦) រៀបចំឡើងដោយធនាគារជាតិនៃកម្ពុជា និងរៀបចំឡើងក្រោមការចូលរួមពីលោក ឈាង វុន ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភាជាតិ នាថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ នៅវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ (IBS)។
លោក យឹម លាត បានថ្លែងឲ្យដឹងថា ការអង្កេតលើការប្រើប្រាស់រូបិយវត្ថុ ក្នុងវិស័យសាធារណៈជាគម្រោងសហការរវាង ធនាគារជាតិនៃកម្ពុជា និងរដ្ឋសភាជាតិ។ ការសិក្សានេះមានគោលបំណងស្វែងយល់អំពីតួនាទី និងការចូលរួមរបស់វិស័យសាធារណៈ ក្នុងការគាំទ្រ និងលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល ជាពិសេសក្នុងប្រតិបត្តិការដែលទាក់ទងនឹងចំណូល-ចំណាយរដ្ឋ។
លោកបានបន្ដថា «លទ្ធផលបានបង្ហាញថា ទោះបីកម្ពុជាមានកម្រិតដុល្លារូបនីយកម្មខ្ពស់ក៏ដោយ ក៏វិស័យសាធារណៈនៅតែ ប្រើប្រាស់ប្រាក់រៀលជាចម្បង។ ទោះយ៉ាងណាក្នុងសកម្មភាពមួយចំនួន ដែលពាក់ព័ន្ធនឹងបរទេស ការប្រើប្រាស់ប្រាក់ដុល្លារអាមេរិកនៅតែមាន ហើយក៏បង្ហាញពីបញ្ហាប្រឈមមួយចំនួន ដែលមានដូចជា ការសម្របសម្រួលមិនទាន់រឹងមាំ និងកង្វះទិន្នន័យ អ្វីដែលសំខាន់នោះគឺលទ្ធផលនេះបានបញ្ជាក់ថា វិស័យសាធារណៈអាចក្លាយជាចំណុចចាប់ផ្តើមដ៏សំខាន់ ក្នុងការជំរុញការប្រើប្រាស់ប្រាក់រៀលឱ្យ កាន់តែទូលំទូលាយ»។
លោកបន្ដថា ក្នុងន័យនេះការសិក្សាបានណែនាំឱ្យបន្តពង្រឹង ការប្រើប្រាស់ប្រាក់រៀល ក្នុងប្រតិបត្តិការរដ្ឋ តាមរយៈការអនុវត្តគម្រោងសាកល្បង ក្នុងវិស័យសំខាន់ៗ ព្រមទាំងការបង្កើតយន្តការ សម្របសម្រួល និងប្រព័ន្ធចែករំលែកទិន្នន័យរវាងស្ថាប័នពាក់ព័ន្ធ ដើម្បីធានាបាននូវការអនុវត្តប្រកបដោយប្រសិទ្ធភាព។
លោក យឹម លាត បានបន្ដថា សូមអំពាវនាវដល់ឯកឧត្តម លោកជំទាវ លោក លោកស្រី និងនាងកញ្ញា ទាំងអស់ចូលរួមគាំទ្រ និងប្រើប្រាស់ប្រាក់រៀលឱ្យកាន់តែទូលំទូលាយ ព្រមទាំងជំរុញការប្រើប្រាស់ប្រាក់រៀល ក្នុងវិស័យរបស់ខ្លួនឱ្យកាន់តែសកម្មថែមទៀត។ ទំនុកចិត្តប្រជាជនជាមូលដ្ឋាដ៏រឹងមាំ ដែលបានគាំទ្រឲ្យប្រាក់រៀលអាចឈរជើងឡើងវិញ និងបន្ដរីកចម្រើនយ៉ាងមាំមួនរហូតដល់សព្វថ្ងៃនេះ៕













