រដ្ឋមន្រ្តី ជា វ៉ាន់ដេត សម្ពោធជាផ្លូវការគម្រោងអគារឆ្លាតវៃ ជី អាយ អេ នរា

21-03-2026 12:19

(ភ្នំពេញ)៖ លោក ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) ព្រឹកថ្ងៃទី២១​ ខែមីនា​ ឆ្នាំ២០២៦​ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធជាផ្លូវការ គម្រោងអគារឆ្លាតវៃ ជី អាយ អេ នរា (G.I.A. Norea) ដោយមានការអញ្ជើញចូលរួមពី លោក លី រស្មី រដ្ឋលេខាធិការក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ថ្នាក់ដឹកនាំ ក.ប.ទ. និងវិស័យឯកជនប្រមាណ ១៦០រូប។

ថ្លែងក្នុងពិធីនេះ លោករដ្ឋមន្រ្តី បានចាត់ទុកថា គម្រោងអគារឆ្លាតវៃ ជី អាយ អេ នរា ជា «ហេដ្ឋារចនាសម្ព័ន្ធឌីជីថលដ៏សំខាន់» និង ជា «មជ្ឈមណ្ឌលឆ្លាតវៃ» (Smart Hub) ដែលត្រូវបានរចនាឡើង ដើម្បីឆ្លើយតបទៅនឹងតម្រូវការខ្ពស់នៃសេដ្ឋកិច្ចឌីជីថលសកល។

អ្វីដែលកាន់តែពិសេសនោះ គឺការអនុវត្តបច្ចេកវិទ្យា BIM (Building Information Modeling) ដែលនឹងប្រែក្លាយសំណង់នេះឱ្យទៅជា «ឌីជីថលភ្លោះ» (Digital Twin) ដ៏រស់រវើក។

លោករដ្ឋមន្រ្តីបន្តថា គម្រោងអគារនេះ មានរួមបញ្ចូលប្រព័ន្ធបញ្ញាសិប្បនិម្មិត (AI) សម្រាប់ការគ្រប់គ្រងថាមពល និងការថែទាំទុកជាមុន (Predictive Maintenance) ជាគំរូដ៏ឆ្នើមក្នុងការកាត់បន្ថយការភាយចេញឧស្ម័នកាបូន និងការជំរុញការអភិវឌ្ឍប្រកបដោយចីរភាព នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

មុននឹងបញ្ចប់ លោករដ្ឋមន្រ្តី បានលើកឡើងថាបច្ចេកវិទ្យាបានចូលរួមធ្វើទំនើបកម្ម និងសម្របសម្រួលកិច្ចការជាច្រើន ទាំងវិស័យសាធារណៈ និងឯកជន ព្រមទាំងបានកាត់បន្ថយពេលវានិងការចំណាយផ្សេងៗ។

ក្នុងន័យនេះ លោករដ្ឋមន្រ្តីបានអំពាវនាវដល់វិស័យឯកជន ចូលរួមប្រើប្រាស់បច្ចេកវិទ្យា សម្រាប់ជាជំនួយដល់ការគ្រប់គ្រង ជាពិសេសបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត៕