ធនាគារជាតិនៃកម្ពុជាដាក់ឱ្យអនុវត្តប្រកាសថ្មី ដើម្បីផ្តល់ការគាំទ្រសាច់ប្រាក់ដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ ដែលប្រឈមមុខនឹងបញ្ហាខ្វះសាច់ប្រាក់ បណ្តោះអាសន្ន

21-03-2026 13:28

(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា នាថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦នេះ បានដាក់ឱ្យអនុវត្តប្រកាស ស្តីពីការផ្តល់សន្ទនីយភាពចាំបាច់ចំពោះគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ ដើម្បីផ្តល់ការគាំទ្រសាច់ប្រាក់រយៈពេលខ្លីដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ ក្នុងករណីមានការប្រឈមមុខនឹងបញ្ហាខ្វះសាច់ប្រាក់ជាបណ្តោះអាសន្ន។

តាមរយៈប្រកាសនេះ ធនាគារជាតិនឹងផ្តល់សន្ទនីយភាព ឬសាច់ប្រាក់ ចាំបាច់(ជាកម្ចី) ​រយៈពេលខ្លីដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ ក្នុងករណីមានការប្រឈមមុខនឹងបញ្ហាខ្វះសាច់ប្រាក់ជាបណ្តោះអាសន្ន ដោយធនាគារជាតិនៃកម្ពុជានឹងដើរតួនាទីជាអ្នកឱ្យខ្ចីចុងក្រោយ «Lender of Last Resort» ដើម្បីធានាថាគ្រឹះស្ថានធនាគារអាចបន្តប្រតិបត្តិការបានយ៉ាងរលូន។
​ការដាក់ឱ្យអនុវត្តប្រកាសនេះ នឹងក្លាយជាជម្រើសកាន់តែរឹងមាំ ​និងជាមធ្យោបាយកាន់តែមានប្រសិទ្ធភាពក្នុងការទប់ស្កាត់ហានិភ័យនានា និងរក្សាស្ថិរភាពហិរញ្ញវត្ថុ។

ប្រកាសនេះត្រូវបានផ្សព្វផ្សាយលើទំព័រហ្វេសប៊ុករបស់ធនាគារជាតិនៃកម្ពុជានាថ្ងៃទី ២១ ខែមីនា ឆ្នាំ២០២៦ ដោយមានការចុះហត្ថលេខាដាក់ឱ្យអនុវត្តនាថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ ដោយលោកស្រី ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា។

ប្រកាសនេះអនុញ្ញាតឱ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ ដែលកំពុងជួបបញ្ហាសន្ទនីយភាពបណ្ដោះអាសន្ន ឬកង្វះសាច់ប្រាក់ ស្នើសុំសន្ទនីយភាពឬសាច់ប្រាក់ ចាំបាច់ជាជម្រើសចុងក្រោយ ក្នុងគោលដៅទប់ស្កាត់ហានិភ័យជាប្រព័ន្ធ និងរក្សាស្ថិរភាពហិរញ្ញវត្ថុ។ ទន្ទឹមនេះ ក្រោមក្របខ័ណ្ឌនៃប្រកាសថ្មីនេះ ធនាគារជាតិនៃកម្ពុជា នឹងបន្តអនុវត្តតួនាទីជាអាជ្ញាធរអាណាព្យាបាល និងគាំទ្រស្ថិរភាពហិរញ្ញវត្ថុដោយធានាថា ការផ្តល់សន្ទនីយភាពចាំបាច់ ត្រូវបានអនុវត្តដោយប្រុងប្រយ័ត្ន មានលក្ខខណ្ឌច្បាស់លាស់ និងផ្អែកលើគោលការណ៍គ្រប់គ្រងហានិភ័យសម្រាប់ប្រព័ន្ធធនាគារទាំងមូល​៕

សម្រាប់អានព័ត៌មានលម្អិតបន្ថែមខាងក្រោម៖