អ្នកជំនាញទំនាក់ទំនងកម្ពុជា-ចិន៖ កាហ្វេយូណាន មូលដ្ឋានថ្មីនៃទំនាក់ទំនងប្រជាជននិងប្រជាជនកម្ពុជា-ចិន
21-03-2026 14:35
(ភ្នំពេញ)៖ ការតភ្ជាប់រវាងប្រជាជននិងប្រជាជន មិនចាប់ផ្តើមត្រឹមតែពីគោលនយោបាយធំៗទេ ប៉ុន្តែចាប់ផ្តើមពីបទពិសោធន៍តូចៗក្នុងជីវិតប្រចាំថ្ងៃ។ កាហ្វេមួយពែង អាចបើកទ្វារសម្រាប់ការយល់ដឹង និងការកសាងមិត្តភាពយ៉ាងជ្រាលជ្រៅរវាងប្រជាជននិងប្រជាជន។ នេះបើតាមការបញ្ជាក់ពីលោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមនអ្នកស្រាវជ្រាវវឌ្ឍន៍ភាពកម្ពុជា-ចិន ថ្លែងមកកាន់បណ្ដាញព័ត៌មាន Fresh News។
ក្នុងន័យនេះ សម្រាប់លោកបណ្ឌិត ទំនាក់ទំនងអន្តរជាតិនៅសតវត្សរ៍ទី២១ មិនអាចពឹងផ្អែកតែអំណាចរឹង (hard power) ដូចជាសេដ្ឋកិច្ច និងយោធា ប៉ុណ្ណោះទេ ប៉ុន្តែត្រូវការការគាំទ្រពីអំណាចទន់ (soft power) ដែលអាចបង្កើតការយល់ដឹង ទំនុកចិត្ត និងភាពជិតស្និទ្ធរវាងប្រជាជន។
លោកបណ្ឌិត ជា មុនីឫទ្ធិ បានឲ្យដឹងថា ក្នុងបរិបទនេះ «កាហ្វេ» កំពុងលេចឡើងជាឧបករណ៍ថ្មីមួយ ដែលលើសពីតម្លៃសេដ្ឋកិច្ច ទៅកាន់តួនាទីជាស្ពានភ្ជាប់ចិត្តមនុស្ស។ ការវិវត្តនៃវិស័យកាហ្វេ បង្ហាញពីការប្រែប្រួលដ៏សំខាន់មួយក្នុងសេដ្ឋកិច្ចសកល គឺពីផលិតផលកសិកម្ម ទៅជាផលិតផលវប្បធម៌។ គម្រោងជួយវះកាត់និងព្យាបាលដោយឥតគិតថ្លៃជូនដល់កុមារកម្ពុជាចាប់ពីឆ្នាំ២០១៨ រហូតមកដល់ពេលនេះក៏មានរឿងរ៉ាវជាច្រើនផ្សារភ្ជាប់ជាមួយរសជាតិកាហ្វេក្នុងកិច្ចពិភាក្សារវាងសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន ជាមួយអង្គការYUNDI មូលនិធិចិន Peaceland មន្ទីរពេទ្យបេះដូង Fuwai ខេត្តយូណាន និងបណ្តាកសិដ្ឋានកាហ្វេនៅខេត្តយូណានផងដែរ។
ក្នុងនាមអ្នកស្រាវជ្រាវវឌ្ឍន៍ភាពកម្ពុជា-ចិន «កាហ្វេ» មិនត្រឹមតែជាផលិតផលសម្រាប់ប្រើប្រាស់ប៉ុណ្ណោះទេ ប៉ុន្តែជាបទពិសោធន៍ និងរបៀបរស់នៅ ដែលអាចភ្ជាប់មនុស្សពីវប្បធម៌ខុសៗគ្នា។ ជាក់ស្តែង នៅប្រទេសចិន កាហ្វេកំពុងក្លាយជាផ្នែកមួយនៃជីវិតសម័យថ្មី ខណៈដែលនៅកម្ពុជា កំណើនវប្បធម៌កាហ្វេ បានឆ្លុះបញ្ចាំងពីការកើនឡើង និងការប្រែប្រួលរបៀបរស់នៅ។
ជាមួយគ្នានេះលោក ឌុក ពិសិដ្ឋ ប្រធានសមាគមកាហ្វេកម្ពុជា បានបញ្ជាក់ថា ទីផ្សារកាហ្វេនៅកម្ពុជា កំពុងមានការរីកចម្រើនយ៉ាងឆាប់រហ័ស ដោយមានតម្រូវការប្រើប្រាស់ប្រហែលពី ១ម៉ឺន ទៅ ២ម៉ឺន តោនក្នុងមួយឆ្នាំ។ ក្នុងន័យនេះ អំណាចពិតប្រាកដរបស់ប្រទេសមួយ មិនស្ថិតតែសេដ្ឋកិច្ច ឬបច្ចេកវិទ្យាប៉ុណ្ណោះទេ ប៉ុន្តែស្ថិតនៅលើសមត្ថភាពក្នុងការភ្ជាប់ចិត្តមនុស្ស ហើយកាហ្វេ គឺជាភាសាសកលមួយ ដែលអាចឲ្យមនុស្សពីវប្បធម៌ខុសៗគ្នា អាចយល់គ្នាបាន ដោយមិនចាំបាច់បកប្រែ។
ខេត្តយូណាន បង្ហាញថា កសិកម្មអាចក្លាយជាឧបករណ៍អំណាចទន់ ប្រសិនបើមានការគ្រប់គ្រងយុទ្ធសាស្ត្រត្រឹមត្រូវ។ ការអភិវឌ្ឍវិស័យកាហ្វេនៅទីនេះ បានភ្ជាប់កសិករ បច្ចេកវិទ្យា ទេសចរណ៍ និងវប្បធម៌ ធ្វើឲ្យកាហ្វេ មិនត្រឹមតែជាផលិតផលនាំចេញប៉ុណ្ណោះទេ ប៉ុន្តែក្លាយជាអត្តសញ្ញាណ និងរឿងរ៉ាវដែលអាចចែករំលែកទៅកាន់ពិភពលោក ជាពិសេសជាមួយកម្ពុជា។ ជំនួបកម្រិតរដ្ឋមន្ត្រីក្រសួងការបរទេសរវាងកម្ពុជា-ចិន-ថៃ ត្រូវបានរៀបចំ២លើក គឺលើកទី១ កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ នៅទីក្រុង Anning និងលើកទី២ នៅថ្ងៃទី២៨-២៩ ខែធ្នូ ឆ្នាំ២០២៥ នៅទីក្រុង Kunming ដែលបង្ហាញពីសារៈសំខាន់ និងតួនាទីយុទ្ធសាស្ត្ររបស់ខេត្តយូណាន ក្នុងការភ្ជាប់តំបន់។
លោកបណ្ឌិត ជា មុនីឫទ្ធិ បានបន្តថា នៅពេលដែលកម្ពុជាកំពុងប្រឈមមុខនឹងស្ថានភាព «តម្រូវការខ្ពស់ ប៉ុន្តែផលិតកម្មទាប» នេះ បានបង្កើតឱកាសសំខាន់សម្រាប់កិច្ចសហប្រតិបត្តិការ ជាពិសេសជាមួយខេត្តយូណាន ដែលមានបទពិសោធន៍ និងសមត្ថភាពផលិតខ្ពស់។ បច្ចុប្បន្នកម្ពុជា មានតម្រូវការប្រើប្រាស់កាហ្វេប្រហែលពី ១ម៉ឺន-២ម៉ឺន តោនក្នុងមួយឆ្នាំ ប៉ុន្តែសមត្ថភាពផ្គត់ផ្គង់ក្នុងស្រុក មានត្រឹមប្រមាណជាង ១ពាន់តោនប៉ុណ្ណោះ។ ដូច្នេះ កសិករនៅកម្ពុជា ត្រូវការបច្ចេកទេសដាំដុះកាន់តែប្រសើរ និងធាតុចូលកសិកម្មក្នុងតម្លៃសមរម្យ ដើម្បីបង្កើនផលិតភាព និងពង្រីកវិស័យនេះឲ្យកាន់តែរីកចម្រើន ។ លើសពីនេះ ទំនាក់ទំនងរវាងកម្ពុជានិងចិន មិនត្រឹមតែផ្អែកលើគម្រោងអភិវឌ្ឍន៍ធំៗនោះទេ ប៉ុន្តែផ្អែកលើការជួបជុំ និងការប្រាស្រ័យទាក់ទងរវាងប្រជាជន។
ពេលដែលប្រជាជនទាំងពីរអាចអង្គុយផឹកកាហ្វេជាមួយគ្នា នោះគឺជាគ្រឹះដ៏រឹងមាំសម្រាប់មិត្តភាពយូរអង្វែង។ ជាពិសេស យុវជន ដែលជាអ្នកកំណត់អនាគតនៃទំនាក់ទំនងប្រទេសទាំងពីរ នឹងមិនត្រឹមតែចែករំលែករសជាតិកាហ្វេប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចែករំលែកទស្សនៈ អត្តសញ្ញាណ និងក្តីស្រមៃរួម ដែលបង្កើតអត្តសញ្ញាណថ្មីមួយតាមរយៈវប្បធម៌កាហ្វេ ដែលជាបេសកកម្មដ៏ចម្បងមួយរបស់លោកបណ្ឌិត ជា មុនីឫទ្ធិ ក្នុងការតភ្ជាប់កសិដ្ឋានកាហ្វេខេត្តយូណាន ជាមួយសមាគមកាហ្វេកម្ពុជា។
ជារួម កាហ្វេ មិនមែនគ្រាន់តែជាផលិតផលមួយទេ ប៉ុន្តែជាស្ពានសម្រាប់ភ្ជាប់ប្រជាជន និងបង្កើតការយល់ដឹង។ ក្នុងបរិបទនៃការប្រកួតប្រជែងអន្តរជាតិ នៅយុគសម័យថ្មី ដែលមិនផ្អែកតែសេដ្ឋកិច្ច ប៉ុន្តែផ្អែកលើទំនុកចិត្ត និងការយល់ដឹងរវាងប្រជាជន កាហ្វេអាចក្លាយជាឧបករណ៍សំខាន់មួយ សម្រាប់ភ្ជាប់កម្ពុជានិងចិន ឲ្យកាន់តែជិតស្និទ្ធ និងរួមចំណែកបង្កើតអនាគតរួមដ៏ប្រសើរឡើង៕










