ស្ថានទូតកម្ពុជា និងស្នងការក្រុងនន់សាន ពង្រឹងកិច្ចសហការការពារសុវត្ថិភាពសហគមន៍ខ្មែរនៅកូរ៉េ

21-03-2026 15:23

(កូរ៉េខាងត្បូង)៖ លោក ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ និងសហការី នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញជួបសំណេះសំណាល និងពិភាក្សាការងារជាមួយលោក Yeo Sang-bong ស្នងការក្រុងនន់សាន ព្រមទាំងបានថ្លែងអំណរគុណដល់លោកស្នងការ ដែលតែងតែយកចិត្តទុកដាក់ក្នុងការថែរក្សាសុខសុវត្ថិភាពជូនពលករខ្មែរ និងសហគមន៍ខ្មែរនៅតំបន់នន់សានកន្លងមក។

ក្នុងជំនួបនេះ ភាគីទាំងពីរ បានពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថានទូតកម្ពុជា និងស្នងការក្រុងនន់សាន នាពេលខាងមុខ ដោយផ្តោតលើការផ្លាស់ប្តូរព័ត៌មានទៅវិញទៅមក ក៏ដូចជាការបន្តសម្របសម្រួលដោះស្រាយបញ្ហាប្រឈមនានារបស់ពលករខ្មែរ ឱ្យកាន់តែមានប្រសិទ្ធភាព និងទាន់ពេលវេលា៕