ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ អំពាវនាវសហគមន៍ឥស្លាមកម្ពុជា បន្តគាំទ្រចំពោះរាជរដ្ឋាភិបាល ដើម្បីបន្តរក្សាបាននូវសុខសន្តិភាព ឲ្យបានយូរអង្វែង
21-03-2026 15:50
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦នេះ លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស បានអញ្ជើញអបអរសាទរ និងថ្វាយបង្គំក្នុងឱកាសនៃពិធីបុណ្យរ៉យ៉ាហ្វីទ្រី ឬបុណ្យស្រាយបួស នៅវិហារធំគីឡូម៉ែត្រ៩ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ឆ្លៀតឱកាសសំណេះសំណាល ជាមួយសាសនិកឥស្លាម ដែលបានអញ្ជើញចូលរួមថ្វាយបង្គំនៅទីនោះ លោកបណ្ឌិត អូស្មាន ហាស្សាន់ បានលើកឡើងថា សាសនិកឥស្លាមកម្ពុជាទូទាំងប្រទេស មានឱកាសចូលរួមយ៉ាងសប្បាយរីករាយក្នុងពិធីបុណ្យនេះ គឺជាចំណែកមួយដែលបានកើតឡើងដោយសារកត្តាសុខសន្តិភាព។
ទេសរដ្ឋមន្ត្រីបានបន្តថា កម្ពុជាក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដឹកនាំប្រទេសដោយប្រកាន់លើ គោលនយោបាយប្រកាន់លើសច្ចធម៌ សន្តិភាព និងតែងតែរួមសុខរួមទុក្ខជាមួយបងប្អូនប្រជាពលរដ្ឋ ដោយមិនប្រកាន់ពូជសាសន៍ តាំងពីសម័យសង្គ្រាម រហូតដល់កម្ពុជាមានសុខសន្តិភាព និងមានការអភិវឌ្ឍលើគ្រប់វិស័យ។ លើសពីនោះទៅទៀត រដ្ឋាភិបាលកម្ពុជា តែងតែចូលរួមដោះស្រាយរាល់ទុក្ខកង្វល់ និងតម្រូវការ ជូនដល់សហគមន៍ឥស្លាមកម្ពុជាផងដែរ។
ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ បានសង្កត់ធ្ងន់ថា ទាំងនេះគឺជាសមិទ្ធផលដែលកើតឡើងដោយកត្តាសុខសន្តិភាព ដែលរកមកដោយលំបាកដោយរាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ដូចច្នេះ យើងទាំងអស់គ្នា ត្រូវអរគុណសន្តិភាព ព្រមទាំងបន្តគាំទ្រចំពោះរាជរដ្ឋាភិបាល ដើម្បីបន្តរក្សាបាននូវសុខសន្តិភាពនេះ ឲ្យបានយូរអង្វែងតទៅមុខទៀត។
សូមជម្រាប ពិធីបុណ្យរ៉យ៉ាហ្វីទ្រី ឬ បុណ្យស្រាយបួស គឺជាពិធីបុណ្យដ៏ធំមួយក្នុងសាសនាឥស្លាម ដែលត្រូវប្រារព្ធឡេីងជារៀងរាល់ឆ្នាំ បន្ទាប់ពីបានបញ្ចប់ការបួសតមអាហារ រយៈពេលមួយខែពេញនៃខែរ៉ាម៉ាឌន។ នៅក្នុងពិធីបុណ្យនេះ សាសនិកឥស្លាមទាំងប្រុសទាំងស្រី ទាំងក្មេងទាំងចាស់ ត្រូវរៀបចំសម្អិតសម្អាងកាយពីព្រលឹម ដោយស្លៀកសម្លៀកបំពាក់ថ្មីៗស្អាតៗ។
បន្ទាប់ពីបានស្រស់ស្រូបអាហាររួច ពួកគាត់ត្រូវទៅចូលរួមថ្វាយបង្គំ និងស្តាប់ធម្មទេសនានៅតាមវិហារនានា។ បន្ទាប់មកគឺជាឱកាសរីករាយដោយពួកគាត់ត្រូវសាកសួរសុខទុក្ខគ្នា និងសុំអភ័យទោសពីគ្នាទៅវិញទៅមក រវាងសមាជិកគ្រួសារ ព្រមទាំងញាតិមិត្តជិតឆ្ងាយ។ ក្នុងឱកាសនោះ សាសនាឥស្លាមក៏បានជម្រុញឲ្យសាសនិករបស់ខ្លួនបង្កើនការបរិច្ចាគទាន ទៅដល់អ្នកទីទាល់ក្រ ចាស់ជរាផងដែរ៕




