ថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ និងថ្នាក់ដឹកនាំខេត្តវិញឡុង និងដុងថាប វៀតណាម បន្តប្ដេជ្ញាចិត្តកសាងទំនាក់ទំនងកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ
21-03-2026 16:03
(បន្ទាយមានជ័យ)៖ លោក ត្រឹន ទួនអាញ អគ្គកុងស៊ុលវៀតណាមប្រចាំខេត្តបាត់ដំបង ចូលជួបសម្តែងការគួសម និងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ ដឹកនាំដោយលោក ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត លោក អ៊ុំ រាត្រី អភិបាលខេត្ត នាថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦។
នៅក្នុងកិច្ចពិភាក្សានោះ ភាគីទាំងពីរបានបង្ហាញអំពីទំនាក់ទំនង នៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង២ កម្ពុជា-វៀតណាម ក៏ដូចជាខេត្តបន្ទាយមានជ័យ ជាមួយខេត្តវិញឡុង និងដុងថាប ប្រទេសវៀតណាម ដែលបានចង់សម្ព័ន្ធ មេត្រីភាពជាមួយគ្នាជាយូរមកហើយ ក្នុងការបង្កើននូវទំនាក់ទំនង កិច្ចសហប្រតិបត្តិការមិត្តភាពគ្នាយូរអង្វែងដែរ។
ភាគីទាំងពីរ បានបន្តនូវការប្ដេជ្ញាចិត្តក្នុងការកសាងទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ក៏ដូចជាខេត្តបន្ទាយមានជ័យ ជាមួយនឹងសម្ព័ន្ធមេត្រីភាព ខេត្តទាំង២ ឱ្យកាន់តែស្អិតល្មួតបន្ថែមទៀត។
ជាមួយគ្នានោះ លោកអភិបាលខេត្ត បានបញ្ជាក់ថា ក្នុងនាមដ្ឋបាលខេត្ត នឹងបន្តសហការសម្របសម្រួលដល់ក្រុមហ៊ុនរបស់ប្រទេសវៀតណាម ដែលមានវត្តមាននៅក្នុងខេត្តបន្ទាយមានជ័យ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាង ប្រទេសទាំងពីររដ្ឋបាលខេត្ត នឹងបន្តយកចិត្តទុកដាក់លើសុខទុក្ខបងប្អូនប្រជាពលរដ្ឋវៀតណាម ដែលកំពុងតែស្នាក់នៅប្រកបរបរនៅក្នុងខេត្តបន្ទាយមានជ័យ៕
















