ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ស្វាយ ជំរុញឱ្យប្រធានគណបក្សឃុំ និងក្រុមការងារចុះជួយឃុំ ត្រូវចេះសាមគ្គីភាពគ្នា ដើម្បីចូលរួមអភិវឌ្ឍន៍ភូមិឃុំ ឲ្យកាន់តែរីកចម្រើន
21-03-2026 16:08
(កំពង់ធំ)៖ លោកស្រី ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានជំរុញឱ្យអាជ្ញាធរត្រូវចេះសាមគ្គីភាពគ្នា ដើម្បីចូលរួមអភិវឌ្ឍន៍ភូមិឃុំ ឲ្យកាន់តែរីកចម្រើន។
លោកស្រីលើកឡើងបែបនេះ ក្នុងពិធីប្រកាសទទួលស្គាល់អនុប្រធាន និងសមាជិកក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំ និងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ គណបក្សស្រុកប្រចាំខែមីនា ឆ្នាំ២០២៦ និងលើកទិសដៅបន្ត នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦។
ជាមួយគ្នានេះ លោកស្រី ឃួន ឃុនឌី បានកោតសរសើរចំពោះប្រធានគណបក្សឃុំ និងក្រុមការងារចុះជួយឃុំទាំងអស់ ដែលបានខិតខំ បំពេញតួនាទីភារកិច្ចរបស់ខ្លួន បម្រើប្រជាពលរដ្ឋ និងអភិវឌ្ឍមូលដ្ឋាន ជាពិសេសបានទាក់ទាញទឹកចិត្តប្រជាពលរដ្ឋនៅមូលដ្ឋានឱ្យមានគាំទ្រមកលើគណបក្សប្រជាជនកម្ពុជា។
លោកស្រី បានបន្តថា ប្រធានគណបក្សឃុំ និងក្រុមការងារចុះជួយឃុំទាំងអស់ គឺជាអ្នកបម្រើជួរមុខនៅក្នុងមូលដ្ឋាន ត្រូវខិតខំបង្កើនសមត្ថភាព មានអាកប្បកិរិយាថ្លៃថ្នូរ ស្អាតស្អំ គោរពច្បាប់ មិនរើសអើង ខិតខំរិះរកការដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋ ដើម្បីធ្វើយ៉ាងណាឲ្យទទួលបានការគោរពស្រឡាញ់ និងជំនឿទុកចិត្តពីប្រជាពលរដ្ឋ ។
លោកស្រី បានបន្ថែមថា ក្រុមការងារទាំងអស់ត្រូវតែក្តាប់ឲ្យបានពីចំនួនសមាជិកសមាជិកាគណបក្ស ដោយអនុវត្តឲ្យបាននៅការរក្សាសមាជិកចាស់ និងបង្កើតសមាជិកថ្មី ដើម្បីធ្វើយ៉ាងណាឲ្យគណបក្សមានសកម្មភាពរស់រវើក និងបន្តអនុវត្តការងារជាប្រចាំ ដោយមិនត្រូវព្រងើយកន្តើយរង់ចាំថ្ងៃបោះឆ្នោតមកដល់នោះឡើយ។
លោកស្រី ក៏បានសំណូមពរដល់ក្រុមការងារ ត្រូវធ្វើយ៉ាងណាយកបេះដូងទៅបម្រើពួកគាត់ ដែលបេះដូងនេះហើយ ដែលផ្ដល់ដល់ពួកគាត់នៅភាពកក់ក្តៅ ទំនុកចិត្ត ស្នាមញញឹម ដែលធ្វើឲ្យយើងទាំងអស់គ្នាសម្រេចជោគជ័យ ក្នុងដំណើរឆ្ពោះទៅការគាំទ្រពីប្រជាពលរដ្ឋក្នុងអាណត្តិថ្មីទៀត៕






















