ឯកអគ្គរាជទូតកម្ពុជា ជួបពិភាក្សាការងារជាមួយមជ្ឈមណ្ឌល Nonsan Family Center ពង្រឹងកិច្ចសហប្រតិបត្តិការ ដោះស្រាយបញ្ហាពលករខ្មែរនៅកូរ៉េខាងត្បូង

21-03-2026 16:46

(ភ្នំពេញ)៖ លោក ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ និងសហការី នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញជួបសំណេះសំណាល និងពិភាក្សាការងារជាមួយលោក Kim Seongsu ប្រធានមជ្ឈមណ្ឌល Nonsan Family Center តំបន់នួនសាន ព្រមទាំងបានថ្លែងអំណរគុណដល់លោកប្រធានមជ្ឈមណ្ឌល ដែលតែងតែជួយយកចិត្តទុកដាក់ ដោះស្រាយរាល់បញ្ហាប្រឈមនានារបស់ពលករខ្មែរ និងសហគមន៍ខ្មែរនៅតំបន់នួនសានកន្លងមក។

ក្នុងជំនួបនេះ ភាគីទាំងពីរ ពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថានទូតកម្ពុជា និងមជ្ឈមណ្ឌល នាពេលខាងមុខ ដោយផ្តោតលើការផ្លាស់ប្តូរព័ត៌មានទៅវិញទៅមក ការរៀបចំកម្មវិធីវប្បធម៌ ការពិនិត្យសុខភាពដោយឥតគិតថ្លៃ ការផ្តល់សេវាសាធារណៈ និងប្រឹក្សាការងារចល័តរបស់ស្ថានទូត និងការផ្សព្វផ្សាយច្បាប់ការងារថ្មីៗ របស់កូរ៉េ ក៏ដូចជាការបន្តសម្របសម្រួលដោះស្រាយ បញ្ហាប្រឈមនានារបស់ពលករខ្មែរ ឱ្យកាន់តែមានប្រសិទ្ធភាព និងចំណេញពេលវេលា៕