ទេសរដ្ឋមន្ត្រី គន់ គីម ចុះពិនិត្យការរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងការសាងសង់ជម្រកបណ្តោះអាសន្ន សម្រាប់ជនភៀសសឹក នៅឃុំស្លក្រាម
21-03-2026 20:32
(បន្ទាយមានជ័យ)៖ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦នេះ បានអញ្ជើញចុះពិនិត្យការរៀបចំហេដ្ឋារចនាសម្ព័ន្ធនៅលើទីតាំងសម្រាប់សាងសង់ជម្រកបណ្តោះអាសន្ន ដែលរាជរដ្ឋាភិបាលសាងសង់រួចជាជំហានទី១ ស្ថិតនៅភូមិស្លក្រាម ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។
ថំពោះប្រជាពលរដ្ឋភៀសសឹក ដែលមកពីភូមិបន្ទាយមានរិទ្ធ ចំនួន ៥០៤គ្រួសារ និងភូមិសាមគ្គីចំនួន ៣១៨គ្រួសារ នៃតំបន់បឹងត្រកួន ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ដែលត្រូវចាប់ឆ្នោតជំហានដំបូង នាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ បានបន្តរៀបចំមកស្នាក់នៅក្នុងជម្រកបណ្តោះអាសន្ន ដែលរាជរដ្ឋាភិបាលសាងសង់រួចរាល់ជាជំហានទី១។ ខណៈការចាប់ឆ្នោតជំហានទី២ នឹងធ្វើឡើងនៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៦ ខាងមុខនេះ។ ចំពោះផ្ទះអតីតយុទ្ធដែលបងប្អូនភៀសសឹកត្រូវទៅស្នាក់នៅបណ្តោះអាសន្ន មានផ្ទៃដីទំហំ ២០គុណ ៣០ម៉ែត្រ ព្រមទាំងមានបន្ទប់ទឹកប្រេីប្រាស់ផងដែរ។
សម្រាប់ទីតាំងជម្រកស្នាក់នៅបណ្តោះអាសន្ននេះ ត្រូវបានអាជ្ញាធររៀបចំសាងសង់ឱ្យមានជាសាលារៀន មណ្ឌលសុខភាព ទីស្នាក់ការសន្តិសុខ សម្រាប់បម្រើសេវាជូនបងប្អូនភៀសសឹកជាដើម។
សូមបញ្ជាក់ថា ក្រុមការងារកំពុងបន្តការងារសាងសង់ផ្ទះអតីតយុទ្ធ ដែលត្រៀមឱ្យជនភៀសសឹកស្នាក់បណ្តោះអាសន្ន សម្រេចបានប្រមាណ ៣០០ខ្នងផ្ទះហេីយៗតាមការគ្រោងទុក នឹងបញ្ចប់ការសាងសង់ផ្ទះ ៣ ០០០ខ្នង ឱ្យឆាប់រួចរាល់មុនចូលឆ្នាំថ្មីប្រពៃណីជាតិនាពេលខាងមុខនេះ៕




