សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារាចរស្តីពី វិធានការសន្សំសំចៃលើការប្រើប្រាស់ប្រេងឥន្ធនៈ និងអគ្គិសនី (Video inside)

21-03-2026 21:15

(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញសារាចរស្ដីពីវិធានការសន្សំសំចៃលើការប្រើប្រាស់ប្រេងឥន្ធនៈ និងអគ្គិសនី ក្រោយស្ថានការណ៍នៃសង្គ្រាមដែលកំពុងកើតមាន និងរីករាលដាលនៅតំបន់មជ្ឈឹមបូព៌ា បានបង្កឲ្យមានផលប៉ះពាល់ដល់ខ្សែច្រវាក់ផ្គត់ផ្គង់ប្រេងឆៅ និងជាហេតុធ្វើឲ្យថ្លៃប្រេងឥន្ធនៈសកល រួមទាំងកម្ពុជា មានការកើនយ៉ាងគំហុក។

ទន្ទឹមនេះ ថ្លៃដើមលើការផលិតអគ្គិសនី ក៏អាចនឹងមានការកើនមួយ ចំនួននាពេលខាងមុខ ដោយសារប្រេងឥន្ធនៈជាធាតុចូលសំខាន់មួយពាក់ព័ន្ធនឹងការផលិតអគ្គិសនី។ ទោះជាយ៉ាងនេះក្តី ផ្អែកតាមការពិភាក្សាជាមួយក្រសួងរ៉ែ និងថាមពល និងអគ្គិសនីកម្ពុជា និងបណ្តាក្រុមហ៊ុននាំចូលប្រេងឥន្ធនៈ សមត្ថភាពផ្គត់ផ្គង់ប្រេងឥន្ធនៈ និងអគ្គិសនីនៅកម្ពុជា នៅចំពោះមុខនេះត្រូវបានវាយតម្លៃថា នៅតែអាចរក្សាបាននូវស្ថិរភាពនៃការប្រើប្រាស់ប្រេងឥន្ធនៈ និងអគ្គិសនី សម្រាប់ប្រតិបត្តិការសេដ្ឋកិច្ច និងការផ្តល់សេវាសាធារណៈរបស់ក្រសួង ស្ថាប័ន។

ឆ្លើយតបទៅនឹងស្ថានភាពចំពោះមុខ នៃការកើនថ្លៃប្រេងឥន្ធនៈ និងថ្លៃដើមលើការផលិតអគ្គិសនីខាងលើ រាជរដ្ឋាភិបាលសម្រេចដាក់ចេញនូវវិធានការសន្សំសំចៃលើការប្រើប្រាស់ប្រេងឥន្ធនៈ និងអគ្គិសនីរបស់ក្រសួង ស្ថាប័នទាំងអស់ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដូចតទៅ៖

១៖ វិធានការសន្សំសំចៃលើការប្រើប្រាស់ប្រេងឥន្ធនៈ
*ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវគិតគូរពិនិត្យលទ្ធភាពក្នុងការសន្សំសំចៃចំណាយថវិកា តាមរយៈការដាក់ចេញនូវសារាចរលម្អិតដោយឡែកមួយ ស្តីពីវិធានការធ្វើវិចារណកម្ម និងការពង្រឹងប្រសិទ្ធភាព ចំណាយថវិកាជាអាទិ៍ ចំណាយលើប្រេងឥន្ធនៈ និងបេសកកម្មក្នុងប្រទេសនិងក្រៅប្រទេស លើកលែងតែក្រសួង ស្ថាប័ន ដែលមានប្រតិបត្តិការចាំបាច់ពាក់ព័ន្ធនឹងកិច្ចការពារអធិបតេយ្យជាតិ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ និងការបន្តនិរន្តរភាពនៃការផ្តល់សេវាសាធារណៈដែលមានលក្ខណៈយុទ្ធសាស្ត្រប៉ុណ្ណោះ។

*ក្រសួងមហាផ្ទៃ ត្រូវណែនាំដល់រដ្ឋបាលថ្នាក់ក្រោមជាតិ និងអាជ្ញាធរមូលដ្ឋាន ឲ្យបង្កើនការខិតខំសន្សំសំចៃលើការប្រើប្រាស់ប្រេងឥន្ធនៈ និងណែនាំដល់អង្គភាពក្រោមឱវាទឲ្យមានការសម្រួលចរាចរណ៍ឲ្យបានល្អ នៅក្នុងអំឡុងម៉ោងមមាញឹកបំផុត ជាពិសេសក្នុងឱកាសពិធីបុណ្យជាតិធំៗ ដើម្បីចៀសវាងការកកស្ទះដែលតម្រូវឲ្យចំណាយប្រេងឥន្ធនៈបន្ថែម ក្នុងពេលរង់ចាំនៅលើដងផ្លូវ។

*ក្នុងកាលៈទេសៈដែលកំពុងប្រឈមនឹងវិបត្តិថាមពល គ្រប់ក្រសួង ស្ថាប័នទាំងអស់ត្រូវពិនិត្យកាត់បន្ថយជាអតិបរមានូវការធ្វើដំណើរឆ្ងាយក្នុងការរៀបចំសិក្ខាសាលា និងកិច្ចប្រជុំនានា ជាលក្ខណៈរូបវ័ន្ត ដោយលើកទឹកចិត្តឲ្យធ្វើតាមប្រព័ន្ធអនឡាញជំនួសវិញលើកលែងតែករណីចាំបាច់ប៉ុណ្ណោះ។

២៖ វិធានការសន្សំសំចៃលើការប្រើប្រាស់អគ្គិសនី

*ក្រសួងរ៉ែ និងថាមពល ត្រូវរៀបចំសេចក្តីណែនាំលម្អិតដោយឡែកមួយ ស្តីពីការប្រើប្រាស់ឧបករណ៍បរិក្ខារអគ្គិសនីតាមវិធីសន្សំសំចៃថាមពល។ ទន្ទឹមនេះ ក្រសួងរ៉ែ និងថាមពល ត្រូវសហការ ជាមួយនឹងក្រសួងព័ត៌មាន ដើម្បីរៀបចំផ្សព្វផ្សាយដល់អ្នកប្រើប្រាស់អគ្គិសនីនូវវិធីសន្សំសំចៃ ការប្រើប្រាស់ថាមពល តាមវិទ្យុ ទូរទស្សន៍ និងសារព័ត៌មាននានាឲ្យបានទូលំទូលាយ។

*ក្រសួង ស្ថាប័នទាំងអស់ ត្រូវអនុវត្តការសន្សំសំចៃអគ្គិសនីក្នុងអគាររដ្ឋបាល និងក្នុងដំណើរការការងារប្រចាំថ្ងៃរបស់ខ្លួន ឲ្យមានប្រសិទ្ធភាព ស្របតាមសេចក្ដីណែនាំរបស់ក្រសួងរ៉ែ និងថាមពល។

*រដ្ឋបាលរាជធានី ខេត្ត ត្រូវសហការជាមួយអគ្គិសនីកម្ពុជា ដើម្បីពិនិត្យ និងពង្រឹងសក្តិសិទ្ធិភាព ក្នុងការប្រើប្រាស់ប្រព័ន្ធបំភ្លឺនៅតាមទីសាធារណៈនានា។

*ក្រសួង ស្ថាប័នទាំងអស់ ត្រូវបំផុសចលនា និងស្មារតីរួមគ្នា ក្នុងការកាត់បន្ថយការប្រើប្រាស់ អគ្គិសនី តាមលទ្ធភាពដែលអាចធ្វើទៅបាន៕