អ្នកជំនាញអារ្យធម៌ខ្មែរ៖ ស្នាមអំបែងគ្រាប់ប្រាសាទព្រះវិហារប្រទ្បាក់ឈាមវប្បធម៌ និងចារឹកជាប់ក្រដាសប្រាក់រៀលខ្មែរជាប្រវត្តិសាស្ត្រ

22-03-2026 14:49

(ភ្នំពេញ)៖ អ្នកជំនាញអារ្យធម៌ខ្មែរ លោក រ័ត្ន សណ្តាប់ បានថ្លែងថា ឆ្នាំ២០២៥កន្លងផុតទៅ, បើងាកមកនិយាយអំពីសង្រ្គាមដ៏ព្រៃផ្សៃរបស់យោធាទីក្រុងបាងកក ដែលបានឈ្លានពានទាំងកំរោលមកលើកម្ពុជា ដោយទម្លាក់គ្រាប់បែកពីយន្ដហោះចម្បាំងF.16និងបាញ់ស្រោចសព្វាវុធធុនធ្ងន់មកលើប្រាសាទព្រះវិហារ កសាងទ្បើងនាសម័យចក្រភពអង្គរចុងស.វ.ទី៩ នៅលើជួរភ្នំដងរែកដើម្បីឧទ្ទិសដល់អទិទេពកំពូលភ្នំ " ស្រីសិខរេស្វរ" ហៅ( ភ្នំកំពែង) ព្រះជាម្ចាស់នៃកំពូលភ្នំ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក បណ្ដាលឲ្យរងការបាក់បែក និងរងស្នាមគ្រាប់អំបែងពាសពេញតួប្រាសាទចំនួន៥៦២កន្លែង ដ៏គួរឲ្យរន្ធត់និងតក់ស្លុកបំផុត។

នេះគឺទង្វើដ៏ព្រៃផ្សៃរបស់កងទ័ពថៃ ជាកងទ័ពប្រឡាក់ឈាមវប្បធម៌ របស់មនុស្សជាតិលើពិភពលោកទាំងមូល។ ព្រោះទង្វើបាញ់បំផ្លាញប្រាសាទព្រះវិហាររបស់កងទ័ពថៃទាំងនេះ មិនមែនគ្រាន់តែជាការវាយប្រហារលើវប្បធម៌កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែជាការជាន់ឈ្លីលើការចងចាំ មានតម្លៃជាសកលរបស់មនុស្សជាតិ។ ដោយហេតុថាសកម្មភាពរបស់យោធាថៃទាំងនេះ បានលើសពីជម្លោះព្រំដែនទាំងស្រុង ជាជម្លោះឈ្លានពានមកលើទឹកដីកម្ពុជា ដោយផ្តោតផ្ទាល់ទៅលើមូលដ្ឋានគ្រឹះនៃអត្តសញ្ញាណវប្បធម៌ បំណងលុបបំបាត់វប្បធម៌ ប្រវត្តិសាស្ត្រ និងព្រលឹងរបស់ប្រជាជាតិកម្ពុជាដើម្បីឲ្យប្រជាជនកម្ពុជាធ្លាក់ទឹកចិត្ដ។

លោក រ័ត្ន សណ្តាប់ បន្ដថាទន្ទឹមនឹងនេះ ប្រាសាទព្រះវិហារមិនមែនគ្រាន់តែជាថ្មប្រាសាទដែលតម្រៀបលើគ្នានោះទេ ប៉ុន្តែជាព្រលឹងវិញ្ញាណខ្មែរ ដែលត្រូវបានចារឹកជាប់លើក្រដាសប្រាក់ ជាប្រវត្ដិសាស្រ្ដដែលយើងប្រើប្រាស់រាល់ថ្ងៃ។ និមិត្តរូបលើក្រដាសប្រាក់រៀលខ្មែរ មិនមែនគ្រាន់តែជាវិមានប្រាសាទបុរាណដ៏អស្ចារ្យនោះទេ ប៉ុន្តែជាអត្តសញ្ញាណជាតិ ដែលត្រូវបានចារឹកទុកយ៉ាងខ្ពង់ខ្ពស់​បំផុតលើក្រដាសប្រាក់ ២០០០ រៀលយ៉ាងស្អាតដើម្បីរំលឹកដល់កូនខ្មែរគ្រប់ៗរូប គ្រប់ៗជំនាន់អំពីមរតកដ៏អស្ចារ្យ និងដើម្បីបង្ហាញថា "វប្បធម៌ជាគ្រឹះនៃសេដ្ឋកិច្ច និងសាមគ្គីភាពជាតិ" ភាពរឹងមាំនៃអរិយធម៌ខ្មែរដ៏រុងរឿងខ្ពស់ខ្ពស់បំផុត។

ក្នុងទស្សនៈខ្មែរ ប្រាសាទព្រះវិហារលើក្រដាសប្រាក់រៀល មានតម្លៃជាប្រវត្តិសាស្ត្រ ពុំអាចកាត់ថ្លៃបាន ព្រោះជា"ដួងព្រលឹង និងវិញ្ញាណ" នៃជាតិសាសន៍ខ្មែរ ដែលបានឆ្លងកាត់ការលះបង់ និងការតស៊ូយ៉ាងស្វិតស្វាញដើម្បីការពារបូរណភាពទឹកដី។ តម្លៃដ៏មហាសាលនេះវាពិតជាការឈឺចាប់ដ៏ជ្រាលជ្រៅមួយសម្រាប់ប្រជាជាតិខ្មែរ ក្នុងសង្គ្រាមថៃឈ្លានពានមកលើកម្ពុជាទាំងកំរោលតាមព្រំដែន ដែលបង្កឲ្យមានការបាក់បែក និងរងការខូចខាតយ៉ាងដំណំដល់ប្រាសាទព្រះវិហារ មិនត្រឹមតែជាការបំផ្លាញរូបរាងកាយនៃប្រាង្គប្រាសាទថ្មភក់ប៉ុណ្ណោះទេ ប៉ុន្តែវាគឺជា "ស្នាមរបួសលើវិញ្ញាណវប្បធម៌" របស់បុព្វបុរសខ្មែរ។

លោក រ័ត្ន សណ្តាប់ សូមអំពាវនាវថា ស្ថិតនៅចំពោះមុខអំពើឃោរឃៅដែលមិនអាចអត់ឱនបានរបស់យោធាទីក្រុងបាងកកបែបនេះ ពិភពលោកគួរតែបំបែកភាពស្ងៀមស្ងាត់របស់ខ្លួន ហើយប្រឆាំង និងថ្កោលទោសពួកគេឲ្យខ្លាំងក្លា និងជាបន្ទាន់ សូមចូលរួមសហការ និងធ្វើសកម្មភាពរួមគ្នាដើម្បីការពារបេតិកភណ្ឌរួមនៃអរិយធម៌មនុស្សជាតិ។ ជាការពិតណាស់ ការការពារបេតិកភណ្ឌវប្បធម៌មិនមែនជារបស់ប្រទេសកម្ពុជាតែមួយទេ ប៉ុន្តែជាប្រាជ្ញា និងជំនឿដែលប្រមូលផ្តុំរួមគ្នារបស់មនុស្សជាតិទាំងអស់លើពិភពលោក។

ការបំផ្លាញមរតកវប្បធម៌ដ៏ប្រពៃថ្លៃថ្លានេះ គឺជាការក្បត់សន្តិភាព ការសន្ទនា និងភាពចម្រុះ។ ការការពារបេតិកភណ្ឌវប្បធម៌គឺជាស្ពានឆ្ពោះទៅរកសាមគ្គីភាព និងសន្តិភាពសកល។ ការឈ្លានពានដ៏ព្រៃផ្សៃដែលបង្កឡើងដោយយោធាថៃគឺជាការប៉ុនប៉ងបំផ្លាញស្ពាននេះ វាមិនត្រឹមតែបំផ្លាញរចនាសម្ព័ន្ធថ្មប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបន្សល់ទុកនូវស្នាមប្រេះដែលមិនអាចលុបបាននៅក្នុងចិត្តរបស់មនុស្សជាតិទាំងអស់ អស់កល្ប។ ពិភពលោកមិនគួរអត់ឱនចំពោះប្រទេស ឬកងទ័ពណាមួយដែលបំផ្លាញគ្រឹះនៃសន្តិភាពជំនួសដោយសង្គ្រាមឡើយ។

ហេតុនេះ ​ស្លាកស្នាមប្រវត្តិសាស្ត្រ ទោះបីជាមានការជួសជុល ក៏ដាននៃការឈ្លានពាននិងការបាញ់បំផ្លាញនៅតែរំលឹកយើងអំពីការលះបង់របស់វីរជន និងកងទ័ពខ្មែរដែលបានការពារទឹកដី។ ប្រជាជនខ្មែរទប់ទឹកភ្នែកមិនបាន ពេលឃើញក្បាច់រចនាដ៏ល្អឯករបស់ប្រាសាទព្រះវិហារលើលុយខ្មែរក្រដាស ២០០០រៀល ដែលមានរូបប្រាសាទព្រះវិហារ ឥឡូវអស់ហើយ សល់តែរូបថត ការចងចាំ និងឈឺចាប់។ប៉ុន្ដែបានបង្ហាញពីជំហរដ៏រឹងមាំការផ្សារភ្ជាប់គ្នារវាងអរិយធម៌បុរាណ និងស្មារតីការការពារមរតកដូនតាខ្លួនឲ្យស្ថិតស្ថេរគង់វង្សអស់កល្ប៕