លោកបណ្ឌិត ជា មុនីឫទ្ធិ៖ តាមបែបផែនចិន ជាមាគ៌ាថ្មីនៃការអភិវឌ្ឍសកល

22-03-2026 17:12

(ភ្នំពេញ)៖ ការស្វែងរកផ្លូវអភិវឌ្ឍន៍ថ្មីក្នុងសតវត្សរ៍ទី២១ ដែលពិភពលោកកំពុងប្រឈមមុខនឹងការប្រែប្រួលយ៉ាងលឿន និងភាពមិនប្រាកដប្រជាកាន់តែខ្លាំង។ នៅក្នុងបរិបទនោះ បញ្ញត្តិ «តាមបែបផែនចិន» បានលេច ឡើងនៅក្នុងពិភពលោក ដូចជា «ប្រជាធិបតេយ្យតាមបែបផែនចិន» «សង្គមនិយមតាមបែបផែនចិន» «ការអភិវឌ្ឍតាមបែបផែនចិន»ជាដើម។ នេះបើតាមការបញ្ជាក់របស់លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមនអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន មកកាន់បណ្ដាញព័ត៌មាន Fresh News។

តាមការសិក្សាយើងឃើញថា បញ្ញត្តិ «តាមបែបផែនចិន» ជាការបកស្រាយថ្មីមួយអនុវត្តចេញពីទស្សនវិជ្ជា ម៉ាក្សនិយម ដែលមិនបានឈប់នៅកម្រិតទ្រឹស្តីប៉ុណ្ណោះ ប៉ុន្តែបានបំលែងទៅជាកម្លាំងដឹកនាំក្នុងការអនុវត្តនយោបាយ សេដ្ឋកិច្ច និងការទូត។ វាបង្ហាញថា ទ្រឹស្តីមិនមែនជាអ្វីថេរនោះទេ ប៉ុន្តែជា ប្រព័ន្ធគំនិតដែលអាចអភិវឌ្ឍតាមបរិបទប្រវត្តិសាស្ត្រ និងបំពេញបាននូវតម្រូវការជាក់ស្តែងជូនប្រជាជនចិន។ នេះជាការបញ្ជាក់បន្ថែមទៀតពីលោកបណ្ឌិត។

អ្នកជំនាញទំនាក់ទំនងកម្ពុជា-ចិន ខាងលើបានបញ្ជាក់ទៀតថា ចំណុចស្នូលមួយដែលធ្វើឲ្យ «តាមបែបផែនចិន» មានលក្ខណៈពិសេស ដោយតាមបែបផែនចិន បានយកវិធីបដិសំយោគសម្ភារនិយមវិចារវិទ្យា ជាគោលវិធីសាស្ត្រក្នុងការយល់ដឹងនិងអភិបាលកិច្ចសង្គម។ តាមទស្សនវិជ្ជានេះ ភាពផ្ទុយគ្នាមិនមែនជាអ្វីត្រូវលុបបំបាត់ទេ ប៉ុន្តែជាថាមពលជំរុញការផ្លាស់ប្តូរ។ ការអភិវឌ្ឍគឺជាដំណើរការដែលកើតចេញពីការប្រឈមមុខ និងដោះស្រាយភាពផ្ទុយគ្នាទាំងនោះដោយ វិធីសាស្ត្រដែលមានភាពបត់បែន និងផ្អែកលើការអនុវត្តជាក់ស្តែង។ ក្នុងន័យនេះ សេចក្តីពិតមិនត្រូវបាន កំណត់ដោយទ្រឹស្តីប៉ុណ្ណោះទេ ប៉ុន្តែត្រូវបានបញ្ជាក់តាមរយៈលទ្ធផលដែលអាចមើលឃើញ និងវាស់វែង បានក្នុងជីវិតពិតរបស់ប្រជាជនចិន។

នៅលើមូលដ្ឋាននៃការគិតបែបនេះ លោកបណ្ឌិត ជា មុនីឫទ្ធិ បានបញ្ជាក់ថា ប្រព័ន្ធនយោបាយចិនបានបង្កើតនូវគំនិតថ្មីមួយអំពីប្រជាធិបតេយ្យ ដែលត្រូវបានហៅថា ប្រជាធិបតេយ្យរបស់ប្រជាជនក្នុងដំណើរការទាំងមូល ឬ ប្រជាធិបតេយ្យ​ «តាមបែប ផែនចិន» ដែលគំនិតនេះបានពង្រីកនិយមន័យប្រជាធិបតេយ្យឲ្យលើសពីការបោះឆ្នោត ឬនីតិវិធី បច្ចេកទេសនយោបាយ ទៅជាដំណើរការដែលប្រជាជនអាចចូលរួមក្នុងគ្រប់ដំណាក់កាលនៃការគ្រប់គ្រង។ ការចូលរួមនេះមិនត្រឹមតែជាសិទ្ធិនយោបាយទេ ប៉ុន្តែជាវិធីសាស្ត្រដើម្បីធានាថា គោលនយោបាយ នានាអាចឆ្លើយតបទៅនឹងតម្រូវការពិតប្រាកដរបស់សង្គម។ ដូច្នេះ «តាមបែបផែនចិន» ប្រជាធិបតេយ្យ ត្រូវបានវាស់វែងមិនត្រឹមតែតាមនីតិវិធី ប៉ុន្តែតាមលទ្ធផលដែលរួមមានការកែលម្អជីវភាពប្រជាជនចិន ការពង្រីកសេដ្ឋកិច្ចពណ៌ប្រាក់ និងការបង្កើនឱកាសសង្គម។

ប្រធានសមាគមនអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានបន្តថា ការបំលែងទស្សនវិជ្ជាទៅការអនុវត្តនេះមិនបានកំណត់នៅក្នុងព្រំដែនជាតិប៉ុណ្ណោះទេ ប៉ុន្តែបានពង្រីកទៅលើវិស័យការទូត និងទំនាក់ទំនងអន្តរជាតិ។ គំនិតសំខាន់ៗដូចជា ការគោរពអធិបតេយ្យភាព ការមិនជ្រៀតជ្រែក និងការផ្តោតលើការអភិវឌ្ឍ ត្រូវបានប្រទេសចិនយកមកអនុវត្តក្នុងការសហការជាមួយបណ្តាប្រទេសផ្សេងៗ។ ក្នុងបរិបទនេះ គម្រោងនានានៅក្នុងគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ បានក្លាយជាឧទាហរណ៍ជាក់ស្តែងនៃការប្រើប្រាស់ការទូតជាឧបករណ៍អភិវឌ្ឍន៍ ដែលផ្តោតលើការតភ្ជាប់សហប្រតិបត្តិការ ព្រមទាំងផ្តល់ផលប្រយោជន៍រួមនិងឈ្នះ-ឈ្នះ ដែលជាការបញ្ជាក់ប្រកបដោយទឡ្ហីករណ៍ថា «វឌ្ឍនភាព របស់ប្រទេសចិន គឺជាកាលានុវត្តភាពរបស់ពិភពលោក»

ជាសច្ចភាព យើងឃើញថា ទំនាក់ទំនងរវាងចិននិងបណ្តាប្រទេសនានា អាចត្រូវបានយល់ថាជាការ អនុវត្តជាក់ស្តែងមួយនៃបញ្ញត្តិ «តាមបែបផែនចិន» ក្នុងវិស័យការទូតអភិវឌ្ឍ។ បណ្តាប្រទេសទាំងអស់បានទទួលអត្ថប្រយោជន៍ជាក់ស្តែងពីការសហការជាមួយចិន ដែលជាពិសេសតាមរយៈការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការកើនឡើងនៃវិនិយោគ និងការកែលម្អសមត្ថភាពសេដ្ឋកិច្ចរបស់បណ្តាប្រទេសទាំងនោះ។ ទន្ទឹមនឹងនេះ ទំនាក់ទំនងនេះក៏ផ្អែកលើគំនិតប្រាជ្ញាចិនស្តីពី «កិច្ចកសាងសហគមន៍ជោគវាសនារួមនៃ មនុស្សជាតិ» ដែលផ្តោតលើការចែករំលែកឱកាស និងការសហការដើម្បីអនាគតរួម។ នេះបង្ហាញថា ការទូតមិនមែនជាវេទិកានៃការប្រកួតប្រជែងតែមួយទេ ប៉ុន្តែអាចក្លាយជាវិធីសាស្ត្រសម្រាប់ការបង្កើតតម្លៃ និងអភិវឌ្ឍជាមួយគ្នា ដែលជាការរំលេចថា ប្រទេសទាំងអស់គឺជាមិត្តរបស់ប្រទេសចិន ហើយផែនដីគឺជា ផ្ទះរួមរបស់យើងទាំងអស់គ្នា។

ជាតថភាព សម្រាប់ប្រទេសកំពុងអភិវឌ្ឍ ជាពិសេសនៅក្នុងបរិបទបណ្តាប្រទេសសកលខាងត្បូង នោះ «តាមបែបផែនចិន» បាននិងកំពុងផ្តល់នូវការយល់ឃើញថ្មីអំពីសេរីភាពក្នុងការជ្រើសរើសផ្លូវអភិវឌ្ឍ។ វាបង្ហាញថាមិនមានគំរូសកលតែមួយដែលអាចអនុវត្តបានសម្រាប់គ្រប់ប្រទេសទេ ហើយការអភិវឌ្ឍត្រូវ តែផ្អែកលើលក្ខណៈពិសេសនៃប្រទេសនីមួយៗ។ ទន្ទឹមនឹងនេះ វាក៏បង្ហាញថា ការអភិវឌ្ឍអាចត្រូវបាន ជំរុញតាមរយៈការសហប្រតិបត្តិការដែលមានលក្ខណៈឈ្នះទាំងអស់ ជំនួសឲ្យផលបូកស្មើសូន្យដែលជា ការបង្ហាញថា «ដើរជាមួយចិន គឺជាការដើរជាមួយកាលានុវត្តភាព»

ជារួមបញ្ញត្តិ«តាមបែបផែនចិន»នេះបានបង្ហាញពីសមត្ថភាពក្នុងការភ្ជាប់ទស្សនវិជ្ជាជាមួយការអនុវត្ត បំលែងគំនិតទៅជាលទ្ធផល និងបង្កើតផ្លូវអភិវឌ្ឍដែលផ្អែកលើភាពពិតប្រាកដ ក្នុងពេលដែលពិភពលោក ដែលកាន់តែភ្ជាប់គ្នា ហើយអនាគតមិនមែនស្ថិតនៅក្នុងការជ្រើសរើសរវាងគំរូណាមួយនោះទេ ប៉ុន្តែវាស្ថិត នៅក្នុងសមត្ថភាពរបស់ប្រទេសនីមួយៗក្នុងការបង្កើតផ្លូវដែលសមស្របសម្រាប់ខ្លួនឯង និងរួមចំណែក ក្នុងការកសាងសហគមន៍ជោគវាសនារួមសម្រាប់មនុស្សជាតិ៕