ក្រសួងទេសចរណ៍ និងស្ថានទូតចិនប្រចាំកម្ពុជា រៀបចំ «មហោស្រពសិល្បៈតាមដងផ្លូវអន្តរជាតិកម្ពុជា-ចិន» ទទួលបានការគាំទ្រយ៉ាងខ្លាំងពីភ្ញៀវទេសចរជាតិ និងអន្តរជាតិ
22-03-2026 17:47
(សៀមរាហ)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងភរិយា ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងព្រឹត្តិការណ៍ «មហោស្រពសិល្បៈតាមដងផ្លូវអន្តរជាតិ កម្ពុជា-ចិន» ដោយមានការអញ្ជើញចូលរួមពីលោក ង៉ូវ សេងកាក់ តំណាងអភិបាលខេត្តសៀមរាប រដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការតំណាងក្រសួង និងស្ថាប័ននានា មន្ត្រីរាជការសាលាខេត្តសៀមរាប សហភាពសហព័ន្ធយុវជនកម្ពុជា សិស្ស-និស្សិត និងភ្ញៀវទេសចរជាតិ និងអន្តរជាតិប្រមាណជាង៣,០០០នាក់ ដែលបានរៀបចំឡើងយ៉ាងអធិកអធមនៅតំបន់ថ្មើរជើងផាប់ស្ទ្រីត (Pub Street) ខេត្តសៀមរាប។
ក្នុងឱកាសនេះ លោក ង៉ូវ សេងកាក់ បានជម្រាបជូនអង្គពិធីពីការអភិវឌ្ឍទេសចរណ៍របស់ខេត្ត តាមការអភិវឌ្ឍទេសចណ៍បទពិសោធន៍ ដែលជាផលិតផលទេសចរណ៍ផ្តល់នូវបទពិសោធន៍ដ៏សម្បូរបែបដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលរួម និងសាកល្បងផ្ទាល់ជាមួយវប្បធម៌ ប្រពៃណីទំនៀមទំលាប់ សិល្បៈ ម្ហូបអាហារ ការកម្សាន្តគោលដៅទេសចរណ៍បេតិកភណ្ឌប្រវត្តិសាស្រ្ត ធម្មជាតិដែលប្រទេសកម្ពុជាមានជាពិសេសគឺនៅខេត្តសៀមរាបតែម្តង ដូចជាព្រឹត្តិការណ៍សិល្បៈវប្បធម៌នាល្ងាចនេះជាសក្ខីភាពស្រាប់។
ថ្លែងក្នុងពិធីនេះ រដ្ឋមន្ត្រី ហួត ហាក់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះមិត្តចិន ដែលតែងតែគាំទ្ររាល់ព្រឹត្តិការណ៍ និងកម្មវិធីជំរុញទេសចរណ៍នានារហូតមក ជាពិសេសការគំាទ្រក្នុងយុទ្ធនាការ «ឆ្នាំទេសចរណ៍ កម្ពុជា-ចិន» ដែលជាព្រឹត្តិការណ៍ដ៏សំខាន់ក្នុងការជំរុញកំណើនភ្ញៀវទេសចររវាងប្រទេសមិត្តទាំងពីរ និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅ។
រដ្ឋមន្ត្រី ហួត ហាក់ គូសបញ្ជាក់ថា វិស័យទេសចរណ៍ត្រូវបានចាត់ទុកជាវិស័យអាទិភាពចន្ទល់សេដ្ឋកិច្ច និងជា «មាសបៃតង» ដោយសម្តេចអគ្គមហាសេនាបតី ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ដែលរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើតការងារ បង្កើនប្រាក់ចំណូលជូនប្រជាពលរដ្ឋ ជំរុញកំណើនសេដ្ឋកិច្ចជាតិ និងការពារនិងអភិរក្សវប្បធម៌ជាតិ។
លោករដ្ឋមន្ត្រី បានអំពាវនាវឱ្យភាគីពាក់ព័ន្ធទាំងអស់ និងប្រជាពលរដ្ឋ ចូលរួមផ្សព្វផ្សាយវិស័យទេសចរណ៍កម្ពុជា ឱ្យកាន់តែទូលំទូលាយ ដោយបង្ហាញពីភាពសុវត្ថិភាព មិត្តភាព និងភាពរាក់ទាក់របស់កម្ពុជា ជាមួយនឹង «ស្នាមញញឹមកម្ពុជា» ដើម្បីទាក់ទាញភ្ញៀវទេសចរអន្តរជាតិឱ្យមកទស្សនានៅកម្ពុជាកាន់តែច្រើនឡើងជាបន្តបន្ទាប់។
ក្នុងឆ្នាំ២០២៥ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ៥,៦ លាននាក់ ក្នុងនោះភ្ញៀវទេសចរចិនមានចំនួនជាង ១,២ លាននាក់ កើនឡើងជិត ៤២% ហើយស្ថិតក្នុងលំដាប់ទី២ នៃទីផ្សារទេសចរអន្តរជាតិមកកម្ពុជា។ ចំណែកក្នុងរយៈពេល២ខែដើមឆ្នាំ២០២៦ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ៧០០,០០០ នាក់ ក្នុងនោះមានភ្ញៀវទេសចរចិនកើនប្រមាណ ១៥ម៉ឺននាក់។
សូមជម្រាបជូនថា ចាប់ពីថ្ងៃទី១៥ ខែមិថុនា រហូតដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ ខាងមុខនេះ សម្រាប់ភ្ញៀវទេសចរចិនដែលមានលិខិតឆ្លងដែនចិន អាចធ្វើដំណើរចេញចូលប្រទេសកម្ពុជាដោយពុំចាំបាច់មានទិដ្ឋាការ (Visa Free) ឡើយ៕



















