សាលាបឋមសិក្សាពាមរក៍ ស្រុកពាមរក៍ ដែលមានសភាពចាស់ទ្រុឌទ្រោមបន្សល់តាំងពីឆ្នាំ១៩៦២ ត្រូវបានបញ្ចុះបឋមសិលាសាងសង់អគារថ្មី១ខ្នង ៥បន្ទប់
22-03-2026 18:35
(ព្រៃវែង)៖ សាលាបឋមសិក្សាពាមរក៍ ស្ថិតក្នុងឃុំពាមរក៍ ស្រុកពាមរក៍ ខេត្តព្រៃវែង ដែលមានសភាពចាស់ទ្រុឌទ្រោមបន្សល់តាំងពីឆ្នាំ១៩៦២ ត្រូវបានបញ្ចុះបឋមសិលាសាងសង់អគារថ្មីមួយខ្នង មាន៥បន្ទប់ ដែលជាអំណោយរបស់លោកសន្ដិបណ្ឌិត ចាន់ អ៊ាន់ ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយស្រុកពាមរក៍។
ពិធីប្រុងពាលីសាងសង់អគារសិក្សាថ្មី នៃសាលាបឋមសិក្សាពាមរក៍ បានធ្វើឡើងនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦ និងមានការចូលរួមពីលោកបណ្ឌិត ហួម តាំងហឿត អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយស្រុកពាមរក៍ និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានឃុំពាមរក៍ ព្រមទាំងអនុប្រធាន សមាជិក អាជ្ញាធរមូលដ្ឋាន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សជាច្រើននាក់ទៀតផងដែរ។
ក្នុងឱកាសនោះ លោកសន្ដិបណ្ឌិត ចាន់ អ៊ាន់ បានណែនាំដល់ក្រុមជាងសំណង់ទាំងអស់ ត្រូវធ្វើយ៉ាងណាសាងសង់អគារសាលារៀននេះបានរឹងមាំ ស្របតាមបទដ្ឋានបច្ចេកទេស ដើម្បីប្រើប្រាស់បានយូរអង្វែង។
លោកបញ្ជាក់ថា សាលារៀន១ខ្នងនេះ ជាថ្នាលបណ្តុះបណ្តាលធនធានមនុស្ស ដ៏សំខាន់សម្រាប់ក្មួយៗនៅជនបទ បានសិក្សារៀនសូត្រ ក្រេបយកចំណេះវិជ្ជា ក្លាយខ្លួនជាទំពាំងស្នងឫស្សី នៃប្រទេសជាតិប្រកបដោយចំណេះជំនាញពិតប្រាកដ។
សូមជម្រាបថា កន្លងទៅលោកសន្ដិបណ្ឌិត ចាន់ អ៊ាន់ ក៏បានឧបត្ថម្ភអគារសិក្សានៅក្នុងមូលដ្ឋានឃុំអ្នកលឿង និងកែលម្អជួសជុលអគារសិក្សានៅមូលដ្ឋានឃុំបាប៉ោង ស្រុកពាមរក៍ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល សំដៅលើកកម្ពស់គុណភាពអប់រំនៅកម្ពុជា៕

















