លោក ឈួរ សុបញ្ញា៖ វេទិកាបណ្តុះសីលធម៌ បង្ហាញពីការរួមគ្នាកសាងយុវជន​មានគុណភាព

22-03-2026 19:25

(កំពង់ធំ)៖ នារសៀលថ្ងៃអាទិត្យ ទី២១ ខែមីនា ឆ្នាំ២០២៦នេះ លោក ឈួរ សុបញ្ញា អនុ​ប្រធាននាយកដ្ឋានជំរុញចលនាវប្បធម៌ សាសនា និងប្រវត្តិសាស្ត្រ បានចូលរួមជា​អធិបតី​​ក្នុងវេទិកាបណ្តុះសីលធម៌សង្គមដល់សិស្សានុសិស្សវិទ្យាល័យ ហ៊ុន សែន សន្ទុក ចំនួនប្រមាណ ៤០០នាក់ ដែលរៀបចំឡើងដោយ ព្រះគ្រូ ផាន់ វ៉ាន់ណារ៉េត ព្រះចៅអធិការវត្តស្វាយកាល្ប ស្ថិតក្នុងឃុំស្វាយកាល្ប ស្រុកសន្ទុក ខេត្តកំពង់ធំ។

ពិធីនោះ ក៏មានការចូលរួមពីអាជ្ញាធរឃុំ កម្លាំងនគរបាល អនុប្រធានមន្ទីរធម្មការ និង​សាសនា លោកគ្រូ អ្នកគ្រូ និងគណៈកម្មការវត្តជាច្រើនរូប។ វេទិកានេះមានគោល​បំណង​​សំខាន់ក្នុងការលើកកម្ពស់សីលធម៌ បណ្តុះមនសិការយុវជន និងពង្រឹងការយល់​ដឹង​សង្គម ដើម្បីឱ្យយុវជនក្លាយជាពលរដ្ឋល្អ មានវិន័យ និងមានទិសដៅជីវិតច្បាស់​លាស់​។

ក្នុងឱកាសនោះលោកមេឃុំស្វាយកាល្ប បានលើកឡើងថា គោលនយោបាយភូមិ-ឃុំ​មានសុវត្ថិភាព គឺមិនអាចអនុវត្តឱ្យមានប្រសិទ្ធភាពបានទេ ប្រសិនបើខ្វះការចូលរួម​ពី​យុវ​ជន។ យុវជន គឺជាកម្លាំងស្នូលដែលអាចជួយទប់ស្កាត់ និងកាត់បន្ថយអំពើ​អវិជ្ជមាន​ក្នុងសហគមន៍ ដូចជាអំពើហិង្សា ការប្រើប្រាស់គ្រឿងញៀន និងអំពើល្មើសផ្សេងៗ។

លោកមេឃុំ ​បានជំរុញឱ្យសិស្សានុសិស្សត្រូវគោរពច្បាប់ មានវិន័យក្នុងជីវិតប្រចាំថ្ងៃ និង​ចូលរួមសកម្មក្នុងសកម្មភាពសហគមន៍ ដើម្បីក្លាយជាគំរូល្អសម្រាប់អ្នកដទៃ។ លោក ក៏បានបញ្ជាក់ថា ការកសាងសង្គមសុវត្ថិភាព គឺចាប់ផ្តើមពីមនុស្សម្នាក់ៗ ហើយយុវជន​ត្រូវ​យល់​ថា ខ្លួនមានតួនាទីក្នុងការពារសុខសន្តិភាពសង្គម។

ព្រះគ្រូ ផាន់ វ៉ាន់ណារ៉េត បានមានថេរដីកាបញ្ជាក់ផងថា សាសនាព្រះពុទ្ធជាគ្រឹះដ៏​សំខាន់​ក្នុងការបណ្តុះសីលធម៌ និងបង្កើតមនុស្សល្អ។ ព្រះអង្គបានលើកឡើងថា មនុស្ស​ម្នាក់អាចមានចំណេះដឹងខ្ពស់ ប៉ុន្តែបើគ្មានសីលធម៌ នោះចំណេះនោះអាចនាំ​ឱ្យបង្ក​បញ្ហា​ដល់សង្គមបាន។

ព្រះអង្គបានណែនាំឱ្យយុវជនយកព្រះធម៌មកអនុវត្តក្នុងជីវិតប្រចាំថ្ងៃ ដូចជា ការមាន​មេត្តា​ចិត្ត ការគោរពគ្នាទៅវិញទៅមក និងការរស់នៅដោយសុចរិត។ ព្រះអង្គបានបញ្ជាក់​ថា ការអប់រំសីលធម៌ គឺជាការបណ្តុះ «ចិត្ត» មុនបណ្តុះ «ចំណេះ» ហើយនេះជាគន្លងដ៏​សំខាន់ក្នុងការកសាងសង្គមដែលមានសុខសាន្ត និងសុភមង្គល។

លោកអនុប្រធានប៉ុស្តិ៍នគរបាល បានពន្យល់អំពីបញ្ហាគ្រឿងញៀន ដែលកំពុងជាបញ្ហា​ប្រឈម​ធ្ងន់ធ្ងរនៅក្នុងសង្គមជាពិសេសក្នុងចំណោមយុវជន។ លោកបានបញ្ជាក់ថា គ្រឿង​​ញៀនមិនត្រឹមតែបំផ្លាញសុខភាព និងជីវិតបុគ្គលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង​បំផ្លាញ​គ្រួសារ និងបង្កអសន្តិសុខក្នុងសង្គមផងដែរ។

លោកបានអំពាវនាវឱ្យសិស្សានុសិស្សមានការយល់ដឹងច្បាស់អំពីគ្រោះថ្នាក់នៃគ្រឿងញៀន និងត្រូវមានភាពក្លាហានក្នុងការបដិសេធ។ ជាមួយគ្នានេះ លោកក៏បានលើក​ទឹក​ចិត្តឱ្យយុវជនចូលរួមជាមួយអាជ្ញាធរ ក្នុងការផ្តល់ព័ត៌មាន និងការពារសហគមន៍​ពីបញ្ហា​គ្រឿងញៀន ដើម្បីធានាបាននូវសង្គមមានសុវត្ថិភាព។

លោកអនុប្រធានមន្ទីរធម្មការនិងសាសនា ខេត្តកំពង់ធំ បានលើកឡើង​ពន្យល់ក្មូយៗ​ថា សិស្សម្នាក់មិនអាចវាស់តម្លៃត្រឹមតែការសិក្សាបានល្អប៉ុណ្ណោះទេ ប៉ុន្តែត្រូវវាស់តាម​ការប្រព្រឹត្តរបស់ខ្លួនក្នុង សាលារៀន គ្រួសារ និងសង្គម។ លោកបានជំរុញឱ្យ​សិស្ស​គោរព​គ្រូ បិតាមាតា មានវិន័យ សុចរិត និងចេះជួយគ្នាទៅវិញទៅមក។ លោកបាន​បញ្ជាក់​ថា សិស្សដែលមានចំណេះ និងមានគុណធម៌ នឹងក្លាយជាពលរដ្ឋល្អ និងជាធន​ធានមនុស្សដ៏មានតម្លៃសម្រាប់ការអភិវឌ្ឍប្រទេសជាតិ។

លោក ទូច ម៉ៃ ក្នុងនាមជាអ្នកជំនាញក៏បានបញ្ជាក់ថា ព្រះត្រៃបិតក គឺជាឃ្លាំងនៃ​ព្រះ​ធម៌ ដែលអាចយកមកជាមូលដ្ឋានក្នុងការដឹកនាំជីវិតមនុស្សឱ្យមានទិសដៅត្រឹមត្រូវ។ ព្រះធម៌មិនត្រឹមតែផ្តល់ចំណេះដឹងប៉ុណ្ណោះទេ ប៉ុន្តែជួយបណ្តុះចិត្តឱ្យមានសេចក្តីល្អ និងជៀសវាងអំពើអាក្រក់។ លោកបានលើកឡើងថា យុវជនគួរតែសិក្សា និងយក​ព្រះធម៌​មកអនុវត្តក្នុងជីវិតប្រចាំថ្ងៃ ដើម្បីបង្កើតជីវិតដែលមានតម្លៃ និងអាចទទួល​បានទាំងចំណេះ និងគុណធម៌។ ព្រះត្រៃបិតក គឺជាមូលដ្ឋាននៃការអភិវឌ្ឍខ្លួនឯង និងជាគន្លងនាំទៅរកជីវិតប្រសើរ។

ក្នុងឱកាសបិទកម្មវិធី ឈួរ សុបញ្ញា បានលើកឡើងថា ការអភិវឌ្ឍយុវជនត្រូវ​ចាប់ផ្តើម​ពី​ការសិក្សាដែលមានគុណភាព តាមគោលការណ៍ សុ ចិ បុ លិ (ស្តាប់ គិត សួរ សរ​សេរ) ដែលជាគន្លងបង្កើតចំណេះដឹង បំនិនជីវិត និងមនសិការជាតិ។ យុវជនដែលមាន​ទាំង​ចំណេះដឹង និងសីលធម៌ គឺជាគ្រឹះដ៏រឹងមាំសម្រាប់អនាគតជាតិ។ ការលើកកម្ពស់ មនសិការជាតិ មិនមែនកើតឡើងដោយការបង្រៀនតែទ្រឹស្តីប៉ុណ្ណោះទេ ប៉ុន្តែត្រូវចាប់​ផ្តើមពីការបណ្តុះគំនិត និងវិធីសិក្សាដែលត្រឹមត្រូវ។ ក្នុងនោះ អង្គនៃការសិក្សា សុ ចិ បុ លិ (ស្តាប់ គិត សួរ សរសេរ) គឺជាគន្លងដ៏សំខាន់ក្នុងការបង្កើតមនុស្សមានបញ្ញា និងមានមនសិការទទួលខុសត្រូវចំពោះជាតិ។

១. «សុ» (ស្តាប់) មិនមែនគ្រាន់តែស្តាប់ឱ្យឮទេ ប៉ុន្តែត្រូវស្តាប់ដោយយល់ និងស្តាប់​ដោយគោរព។

២. «ចិ» (គិត) គឺជាការវិភាគនិងពិចារណាអំពីអ្វីដែលបានស្តាប់ ដើម្បីបំបែក​ចេញពីការស្ទាក់ស្ទើរ និងការតាមគេដោយគ្មានការយល់ដឹង។

៣. «បុ» (សួរ) ជាការបើកចិត្តស្វែងរកចំណេះដឹងថ្មីៗ ដោយមិនខ្លាចសំណួរ និងមិនខ្លាចកំហុស។

៤. «លិ» (សរសេរ) គឺជាការបង្ហាញចេញនូវគំនិត និងការយល់ដឹង ដែលជាគន្លងធ្វើឱ្យចំណេះដឹងកាន់តែច្បាស់លាស់ និងមានតម្លៃ។

លោក ឈួរ សុបញ្ញា ក៏បានបញ្ជាក់ថា យុវជនដែលអនុវត្តបានល្អតាមគោលការណ៍នេះ នឹងក្លាយជាមនុស្សដែលគិតដោយខ្លួនឯង ធ្វើដោយការទទួលខុសត្រូវ និងមាន​មន​សិ​ការ​ចំពោះសង្គម និងជាតិ។ ជាមួយគ្នានេះ លោក សុបញ្ញា ក៏បានផ្តល់​អនុសាសន៍​ដល់សិស្សានុសិស្ស ដើម្បីអនុវត្តក្នុងជីវិតប្រចាំថ្ងៃដូចខាងក្រោម៖

១. ត្រូវស្គាល់តម្លៃខ្លួនឯង និងកំណត់គោលដៅជីវិតឱ្យច្បាស់ មិនរស់ដោយគ្មានទិសដៅ។

២. ត្រូវខិតខំរៀនសូត្រ និងអភិវឌ្ឍសមត្ថភាពជាបន្តបន្ទាប់ ដោយមិនពឹងផ្អែកលើអ្នកដទៃ។

៣. ត្រូវរក្សាវិន័យ សីលធម៌ និងភាពស្មោះត្រង់ ជាគ្រឹះនៃជីវិត។

៤. ត្រូវជៀសវាងអំពើអវិជ្ជមានគ្រប់ប្រភេទ ពិសេសគ្រឿងញៀន អំពើហិង្សា និងអបាយមុខផ្សេងៗ។

៥. ត្រូវបង្កើនស្មារតីស្រឡាញ់ជាតិ និងចូលរួមទទួលខុសត្រូវក្នុងសង្គម ចាប់ពីការងារតូចៗជុំវិញខ្លួន។

៦. ត្រូវប្រើប្រាស់បច្ចេកវិទ្យា និងបណ្តាញសង្គមឱ្យមានសីលធម៌ និងប្រយោជន៍ មិនឱ្យប៉ះពាល់ដល់ខ្លួន និងសង្គម៕