ក្រសួងបរិស្ថាន បន្តផ្តល់ធុងសំរាមជាង២ពាន់ធុង ដល់សាលារៀន វត្តអារាម មូលដ្ឋានសុខាភិបាល នៅទូទាំងខេត្តក្រចេះ

22-03-2026 19:27

(ក្រចេះ)៖ ដើម្បីជំរុញសកម្មភាពឆ្ពោះទៅកម្ពុជាមានភាពស្អាត នៅថ្ងៃទី​២១ ខែមីនា ឆ្នាំ២០២៦នេះ ក្រសួងបរិស្ថាន បន្តផ្តល់ធុងសំរាមសរុបរួមចំនួន ២,០៦០ធុង ដល់​សាលា​រៀន វត្តអារាម មូលដ្ឋានសុខាភិបាល នៅទូទាំងខេត្តក្រចេះ។

ធុងសំរាមទាំងនេះត្រូវប្រគល់ជូនសាលារៀនចំនួន៤០២, វត្តអារាម ចំនួន ២០៧វត្ត និង មូលដ្ឋានសុខាភិបាល ៦១កន្លែង នៅទូទាំងខេត្តក្រចេះ។ ក្រសួងក៏បានផ្តល់ជូនធុង​សំរាម ៥០ធុង ដើម្បីចូលរួម លើកកម្ពស់សោភ័ណភាព និងអនាម័យបរិស្ថាន​ក្នុងពិធី​បុណ្យ​ទន្លេលើកទី១០ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៧-២៩ ខែមីនា ឆ្នាំ២០២៦ ខាងមុខ​នៅក្រុងក្រចេះ ខេត្តក្រចេះ។

ការផ្តល់ជូនធុងសំរាមនេះ ធ្វើឡើងក្នុងគោលបំណង សំខាន់ក្នុងអប់រំប្រជាពលរដ្ឋ​ឱ្យចេះ​ទុក​ដាក់ និងញែកសំរាមតាមប្រភេទសំរាម និងប្រជាពលរដ្ឋនៅតាមមូលដ្ឋានអាច​មាន​កន្លែងទុកដាក់សំរាមបានត្រឹមត្រូវ ក្នុងធុងតាមសាលារៀន មណ្ឌលសុខភាព និងវត្ត​អារាម​បាន។

ក្នុងនាមប្រធានក្រុមការងាររាជរដ្ឋាភិបាល និងប្រធានក្រុមការងារគណបក្សចុះ​មូល​ដ្ឋាន​ខេត្តក្រចេះ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងអំណរគុណដល់​លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដែលបានផ្តល់ធុងសំរាម ដើម្បីបែងចែក​ជូនសា​លា​រៀន វត្តអារាម មន្ទីរពេទ្យនៅខេត្តក្រចេះ។

សូមបញ្ជាក់ថា ក្រសួងបរិស្ថាន នៅក្នុងឆ្នាំ២០២៥កន្លងមកនេះ បានផ្តល់ធុងដាក់​សំរាម​សម្រាប់ញែកសំណល់ ជាពិសេសសំណល់ប្លាស្ទិក សរុប ១១,៧៦១ធុង ដល់សាលា​រៀន មូលដ្ឋានសុខាភិបាល វត្តអារាម និងមណ្ឌលសុវត្ថិភាពជនភៀសសឹក។

ក្នុងនោះ ខេត្តចំនួន៦ ទទួលបានធុងទុកដាក់សំរាម ចំនួន ១០,១៣៤ធុង រួមមានខេត្ត​ត្បូង​ឃ្មុំ ចំនួន ៣,៤០៥ធុង ពោធិ៍សាត់ចំនួន ២,៤៥៤ធុង ខេត្ត កែប ១៥០ធុង ខេត្ត​កំពត​ចំនួន ២,៣៥៨ធុង ខេត្តព្រះសីហនុចំនួន ៨២៨ធុង កោះកុងចំនួន ៩៣៩ធុង និងមណ្ឌល៕