រដ្ឋមន្ត្រីក្រសួងធម្មការអញ្ជើញចូលរួមពិធីចម្រើនអាយុវឌ្ឍនមង្គល ស្រោចស្រពព្រះសុគន្ធវារី ប្រគេនសម្តេចព្រះឧត្តមមុនី ជា សំអាង ព្រះមេគណខេត្តកណ្តាល
22-03-2026 19:38
(កណ្តាល)៖ លោកបណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា នាថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦នេះ បានអញ្ជើញចូលរួម ពិធីចម្រើនអាយុវឌ្ឍនមង្គល ស្រោចស្រពព្រះសុគន្ធវារី ប្រគេនសម្តេចព្រះឧត្តមមុនី ជា សំអាង សមាជិកថេរសភានៃព្រះពុទ្ធសាសនា នៅកម្ពុជា សម្តេចព្រះអគ្គាធិការរងពុទ្ធិកសិក្សាជាតិ ព្រះវិមលវេទី ព្រះមេគណខេត្តកណ្តាល និងជាសម្តេចព្រះចៅអធិការវត្តសុវណ្ណវារី ហៅ ព្រែកតាទែនចាស់ ខេត្តកណ្តាល។
ពិធីស្រោចស្រពសុគន្ធវារីនេះ ជាទំនៀមទម្លាប់ប្រពៃណីបុរាណខ្មែរ តាមបែបព្រះពុទ្ធសាសនាមួយក្នុងចំណោមទំនៀមទម្លាប់ប្រពៃណីបរមបុរាណខ្មែរជាច្រើនទៀត។
ពិធីស្រោចស្រពព្រះសុគន្ធវារី គឺជាពិធីសាសនា និងព្រះរាជពិធីដ៏ឧត្តុង្គឧត្តមមួយរបស់កម្ពុជា ដែលមានន័យថា «ការស្រង់ទឹកសុគន្ធ» (ទឹកអប់) ថ្វាយ ឬប្រគេនព្រះសង្ឃជាន់ខ្ពស់ ដើម្បីរៀបចំតែងតាំង ប្រកាសនីយបត្រតាំងទីតាំង ឬលើកកម្ពស់ឋានន្តរសក្តិ។ ពិធីនេះបង្ហាញពីការគោរព សទ្ធាជ្រះថ្លា និងជាម្លប់ដ៏ត្រជាក់នៃការរីកចម្រើននៃពុទ្ធសាសនា។
សម្តេចព្រះឧត្តមមុនី ជា សំអាង ប្រសូតនៅថ្ងៃអង្គារ១២រោច ខែបឋមាសាឍ ឆ្នាំម្សាញ់ ចត្វាស័ក ព.ស.២៤៥៧ ត្រូវនឹងថ្ងៃទី០៧ ខែកក្កដា ឆ្នាំ១៩៥៣ នៅភូមិថ្មី ឃុំ ស្វាយអំពារ ស្រុកមុខកំពូល ខេត្តកណ្តាល ។ បិតានាម ឃឹម និងមាតានាម សេក ឆេល។ ព្រះអង្គមានបងប្អូនបង្កើតចំនួន៥នាក់ ប្រុស៣នាក់, ស្រី២នាក់, ព្រះអង្គជា កូនទី២ក្នុងគ្រួសារ។
សមាជិកគ្រួសារព្រះអង្គមានដូចរាយនាមខាងក្រោម៖
១.លោក ស៊ុ សំអាត
២.សម្តេចព្រះឧត្តមមុនី ជា សំអាង (សាមីព្រះអង្គ)
៣.លោក ស៊ុ សំអុល
៤.អ្នកស្រី ជា សំបូរ
៥.អ្នកស្រី ជា គឹមអ៊ាង
* អំពីកុមារភាព
កុមារ ជា សំអាង មានគុណធម៌ មានសណ្តាប់ធ្នាប់ក្នុងការរស់នៅដូចនឹងមនុស្សផងគ្នា ក៏ដូចជាអ្នកជិតខាងភូមិ កាលពីកុមារ មាតាបិតាបានអប់រំប្រៀនប្រដៅ ឱ្យក្លាយជាក្មេងចេះស្រឡាញ់ អ្នកភូមិផងរបងជាមួយប្រកបដោយអាកប្បកិរិយាស្លូតបូតសុភាពរាបសា ស្រគត់ស្រគំគួរជាទីស្រឡាញ់រាប់អានរបស់មហាជនទូទៅ។
កុមារ ជា សំអាង ត្រូវបានឪពុកម្តាយបញ្ជូនឱ្យសិក្សាអក្សរសាស្ត្រ លេខនព្វ និងច្បាប់ក្រមផ្សេងៗនៅសាលាវត្តសិរីមង្គលភូមិថ្មី ឃុំស្វាយអំពារស្រុកមុខកំពូល កណ្តាល រហូតចេះអាន ចេះសរសេរស្ទាត់ជំនាញ អាចប្រើការបាន។
នៅអាយុ១៣ឆ្នាំ កុមារ ជា សំអាង បានសុំការអនុញ្ញាតពីមាតាបិតាចូលខ្លួនជាសាមណេរ ក្នុងវត្តខាងលើ ដោយមានព្រះតេជគុណព្រះនាម ប៉ែម លុន ជាព្រះឧបជ្ឈាយ៍ ។ លុះអាយុ២១ឆ្នាំ សាមណេរ ជា សំអាង បានបំពេញឧបសម្បទា ជាភិក្ខុភាវៈ ពទ្ធសីមាវត្តសិរីមង្គលភូមិថ្មី ដោយមានព្រះសាសនសោភ័ណ កាន់ អែល ឧបជ្ឈាយ៍ ព្រះតេជគុណ ប៉ែន លន់ ជាកម្មវាចា និងព្រះតេជគុណ ប៉ុល ព្រុយ អនុស្សាវនកម្មវាចា។ លុះដល់ឆ្នាំ១៩៧៦ ភិក្ខុ ជា សំអាង ត្រូវបានពួកខ្មែរក្រហម សឹករួចបង្ខំឱ្យធ្វើការជាទម្ងន់ដូចប្រជាពលរដ្ឋដទៃទៀតដែរ ។
ក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ របស់គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិត របស់សម្តេចទាំងបីគឺ សម្តេចអគ្គធម្មពោធិសាល ជា ស៊ីម សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ព្រះពុទ្ធសាសនា ត្រូវបានបើកឱកាសឱ្យរស់រានមានជីវិតសាជាថ្មីតាមរយៈរណសិរ្ស សាមគ្គីសង្គ្រោះជាតិមាតុភូមិកម្ពុជា បច្ចុប្បន្នប្តូរឈ្មោះមកជា(ក្រុមប្រឹក្សារណសិរ្ស សាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា) បន្ទាប់មក យុវជន ជា សំអាង ក៏បានសម្រេចចិត្តសាងផ្នួសម្តងទៀតជាលើកទី២ នៅថ្ងៃចន្ទ ២រោច ខែបុស្ស ឆ្នាំមមី ព.ស.២៥២២ ត្រូវនឹងថ្ងៃ១៥ មករា ១៩៧៩ ក្នុងពុទ្ធសីមាវត្តសន្សំកុសល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលមានព្រះតេជគុណ និល មុនី ជាព្រះឧបជ្ឈាយ៍បានឱ្យនាមបញ្ញត្តិថា «ចិត្តសំវរោ»។ លុះដល់ឆ្នាំ១៩៨១ ភិក្ខុ ជា សំអាង ក៏បានមកបួសបំពេញសិទ្ធិកាន់យក និស្ស័យម្តងទៀត ក្នុងពទ្ធសីមាវត្តឧណ្ណាលោម សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជ ធានីភ្នំពេញ ពីសំណាក់សម្តេចព្រះមហាសុមេធាធិបតី ទេព វង្ស ជាព្រះឧបជ្ឈាយ៍ ព្រះ គ្រូរាហុលត្ថេរ អន ហ៊ឹម ជាកម្មវាចា និងព្រះតេជគុណ គង់ នូ ជាអនុស្សាវនកម្មវាចា ឧបជ្ឈាយ៍ តាំងនាមបញ្ញត្តិថ្មីថា «ចិត្តបាលោ»៕



























