សមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជា រៀបចំពិធីសន្និបាតឆ្នាំ២០២៥ លើកទិសដៅឆ្នាំ២០២៦ និងជំនួបម្ចាស់អាជីវកម្ម លើកទី៨
23-03-2026 08:03
(ភ្នំពេញ)៖ សមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជា បានរៀបចំពិធីសន្និបាតឆ្នាំ២០២៥ លើកទិសដៅឆ្នាំ២០២៦ និងព្រឹត្តិការណ៍ជំនួបម្ចាស់អាជីវកម្ម លើកទី៨ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦ នៅសណ្ឋាគារហុីម៉ាវ៉ារី ក្នុងគោលបំណងបង្កើតឲ្យមានកិច្ចហការគ្នារវាងម្ចាស់អាជីវកម្មនាំចេញនាំចូល និងក្រុមហ៊ុនដឹកជញ្ជូន និងកិច្ចសហការ រវាងក្រុមហ៊ុនដឹកជញ្ជូន និងឡូជីស្ទុីកដូចគ្នា ដើម្បីបំពេញចន្លោះសេវាកម្មឱ្យគ្នាទៅវិញទៅមក។
ក្នុងអង្គពិធីនេះក៏មានបើកកិច្ចពិភ្សាក្រោមប្រធានបទ៖ ស្តីពី «បញ្ហាប្រឈមនៅកំពង់ផែ ដើម្បីពន្លឿន (Pre-Arrival Clearance) បញ្ចេញទំនិញ និង បញ្ជៀសចរាចណ៏កកស្ទះប្រចាំថ្ងៃ» ដោយមានវាគ្មិនកិត្តិយសអញ្ជើញចូលរួមពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករ និងកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងដោយបានការអញ្ជើញចូលរួមជាគណៈអធិបតីពី លោក ផា អេងវ៉េង អគ្គនាយរង តំណាងលោកបណ្ឌិត គុណ ញឹម រដ្ឋមន្រ្តីអមនាយករដ្ឋមន្រ្តី អគ្គនាយក នៃអគ្គនាយដ្ឋានគយ និងរដ្ឋាករកម្ពុជា។
បន្ទាប់ពីអាននូវសកម្មភាពក្នុងឆ្នាំ២០២៥ និងលើកទិសដៅឆ្នាំ២០២៦ លោកអគ្គនាយករង នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឡើងថ្លែងមតិចំណាប់អារម្មណ៍ ដោយកោតសរសើរ អំពីការខិតខំប្រឹងប្រែងរបស់សមាគមដែលបានបង្កើតសកម្មភាពច្រើន និងឈ្មោះរបស់សមាគម មានន័យក្នុងបេសកម្ម និងសកម្មទាំងឡូជីស្ទីក និងខ្សែច្រវាក់ផ្គង់នៅកម្ពុជា ជាពិេសសសកម្មភាពបើកវគ្គបណ្តុះបណ្តាលជាច្រើន និងសកម្មភាពដឹកនាំសមាជិកទៅចូលរួមកិច្ចប្រជុំ ជំនួបម្ចាស់អាជីវកម្មក្នុង និងក្រៅប្រទេស។
ក្រៅពីនេះ លោកក៏បានណែនាំឱ្យសមាគម ធ្វើការឱ្យស្និតជាមួយស្ថាប័នពាក់ព័ន្ធ ជាពិសេស អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដើម្បីចូលរួមដោះស្រាយរាល់បញ្ហាប្រឈមរួមរបស់សមាជិកដែលពាក់ព័ន្ធ រកមធ្យោបាយរួមគ្នា និងជំរុញការប្រើប្រាស់ប្រព័ន្ធឌីជីថល ធ្វើយ៉ាងណាឱ្យឡូជីស្ទីកនៅកម្ពុជា មានភាពល្អប្រសើរ ដែលអាចប្រកួតប្រជែងជាមួយប្រទេសជិតខាងបាន។
លោកក៏បានបន្ថែមថា អគ្គនាយកដ្ឋានគយបានទំនើបកម្មឌីជីថលជាច្រើនដើម្បីដោះស្រាយការកកស្ទះទំនិញនៅកំពង់ផែ ដោយរាល់ប្រតិបត្តិការទាំងអស់តាមរយៈការប្រើប្រាស់ប្រព័ន្ធ ហើយក៏បានភ្ជាប់ប្រព័ន្ធទៅក្រសួងបញ្ជរតែមួយ ដើម្បីធ្វើលិខិតអនុញ្ញាតរាល់ទំនិញដែលជាប់អនុក្រឹត្យ កម្រិតកំណត់ដែលត្រូវឆ្លងកាត់ក្រសួងពាក់ព័ន្ធផងដែរ។
ក្នុងកិច្ចពិភាក្សា លោកថៃ ម៉េងលី នាយកដ្ឋានប្រតិបត្តិការទីលានកុងតែន័រ កំពង់ផែក្រុងព្រះសីហនុ បានលើកឡើងថា យោងទៅតាមកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ចំនួនទូកុងតែន័រ មានការឡើង ពីមួយឆ្នាំទៅមួយឆ្នាំ ហើយក្នុងឆ្នាំ២០២៥ កំពង់ផែក្រុងព្រះសីហនុ បានទទួលចំនួនសរុប ១ ៣៤៧ ៧២៦ទូ ហើយសម្រាប់ ឆ្នាំ២០២៦ គិតត្រឹមអាទិត្យទី៤១ ទិន្ន័យទូបានបង្ហាញមានការកើនឡើងចំនួន ៣៩.៤% បន្ថែមទៀត បើធៀបអាទិត្យទី៤១ ក្នុងឆ្នាំ២០២៥។
លោកក៏បានលើកឡើងអំពីអ្នកបើករថយន្តភាគច្រើនតែងតែនាំគ្នាសម្រុកបើកចូលទៅកៀកផែដែលមិនគម្លាតគ្នា ទោះបីមិនទាន់ចាំបាច់ត្រូវចូលផែក៏ដោយ ចំណែកឯរថយន្តនៅក្នុងបរិវេនផែវិញ បន្តនៅរយៈពេលយូរធ្វើឱ្យមានការកកស្ទៈពេញផ្លូវ និងហៀមកខាងក្រៅ ទើបបណ្តាលឱ្យកកស្ទះជាញឹកញាប់។ លោកក៏បានសំណូមពរចំពោះរថយន្តទាំងអស់គួរចតឆ្ងាយពីទីតាំងផែ ប្រសិនបើពុំទាន់ចាំបាច់ និងចូលរួមសហការគ្នាដើម្បីធ្វើយ៉ាងណាអាចកាត់បន្ថយនៃការកកស្ទះជាប្រចាំបែបនេះបន្តទៀត។
ពិធីសន្និបាត និងជំនួបម្ចាស់អាជីវកម្ម នាំចេញ នាំចូល ដឹកជញ្ជូន និងឡូជីស្ទីកលើកទី៨នេះ ទទួលបាននូវការចូលរួមពីភ្ញៀវជាតិ និងអន្តរជាតិ និងដៃគូសហការជាច្រើន រួមទាំងមានម្ចាស់អាជីវកម្មនាំចេញ នាំចូល ក្រុមហ៊ុនឡូជីស្ទីក ដឹកជញ្ជូន ផែស្ងួត តំពង់ផែស្វ័យតក្រុងព្រះសីហនុ កំពង់ផែស្វ័យតភ្នំពេញ កំពង់ផែពហុបំណង ក្រុមហ៊ុនកប៉ាល់ ក្រុមហ៊ុនផ្លូវល្បឿនលឿន និងបណ្តារអាជីកម្មផ្សេងទៀត សរុប១៣៥នាក់៕
























