ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារឆមាសទី១ និងលើកទិសដៅបន្ដរបស់នាយកដ្ឋានកណ្ដាលនគរបាលព្រំដែន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ
23-03-2026 10:46
(ភ្នំពេញ)៖ លោក សំរឹទ្ធ ឌី និងលោក ហ៊ូ សាគុណ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ បានដឹកនាំកិច្ចប្រជុំស្តីពីការរាយការណ៍វឌ្ឍនភាពលទ្ធផលការងារ ប្រចាំឆមាសទី១ និងលើកទិសដៅការងារបន្តសម្រាប់ឆមាសទី២ ឆ្នាំ២០២៦ របស់នាយកដ្ឋានកណ្តាលនគរព្រំដែន នៃអគ្គស្នងការនគរបាលជាតិ។
កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅទីស្ដីការក្រសួងមហាផ្ទៃ ដោយមានការចូលរួមពីលោកឧត្តមសេនីយ៍ឯក កឹង ឃន អគ្គស្នងការរងនគរបាលជាតិ, នាយកដ្ឋានជំនាញពាក់ព័ន្ធ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងមន្ត្រីជាច្រើនរូប។
អង្គប្រជុំបានស្តាប់របាយការណ៍សង្ខេបស្តីពីវឌ្ឍនភាពការងារសំខាន់ៗ ដែលនាយកដ្ឋានកណ្តាលនគរបាលព្រំដែន បានអនុវត្តក្នុងរយៈពេលកន្លងមក ដូចជា ការពង្រឹងការគ្រប់គ្រងសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់តាមតំបន់ព្រំដែន ការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរពាក់ព័ន្ធ និងកងកម្លាំងមិត្តភាពតាមបណ្តោយព្រំដែន ក៏ដូចជាការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែនគ្រប់ប្រភេទ ដែលអាចប៉ះពាល់ដល់សន្តិសុខជាតិ និងសង្គម។
ជាមួយគ្នានេះ អង្គប្រជុំក៏បានពិភាក្សា ផ្លាស់ប្តូរយោបល់ និងវាយតម្លៃលើបញ្ហាប្រឈមនានា ក្នុងដំណើរការអនុវត្តការងារ ដើម្បីស្វែងរកដំណោះស្រាយ និងដាក់ចេញវិធានការបន្ថែម សម្រាប់បង្កើនប្រសិទ្ធភាពការងារបន្តទៅមុខ។
ថ្លែងក្នុងកិច្ចប្រជុំ លោក សំរឹទ្ធ ឌី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីនគរបាល នៃនាយកដ្ឋានកណ្តាលនគរបាលព្រំដែន ដែលបានអនុវត្តតួនាទីភារកិច្ចប្រកបដោយការទទួលខុសត្រូវ និងសម្រេចបានលទ្ធផលគួរឱ្យកត់សម្គាល់ក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងការពារអធិបតេយ្យភាពតាមបណ្តោយព្រំដែន។
បន្ថែមពីនេះ លោក ហ៊ូ សាគុណ ក៏បានផ្តល់អនុសាសន៍ណែនាំសំខាន់ៗមួយចំនួន ដោយជំរុញឱ្យនាយកដ្ឋាន និងអង្គភាពពាក់ព័ន្ធបន្តពង្រឹងសមត្ថភាពវិជ្ជាជីវៈ សហការជាមួយស្ថាប័នពាក់ព័ន្ធ និងបង្កើនការយកចិត្តទុកដាក់ ក្នុងការទប់ស្កាត់បទល្មើសគ្រប់ប្រភេទតាមតំបន់ព្រំដែន ដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាព និងស្ថិរភាពសង្គមប្រកបដោយប្រសិទ្ធភាព។
កិច្ចប្រជុំនេះ បានកំណត់ទិសដៅការងារសំខាន់ៗ សម្រាប់ការអនុវត្តបន្តក្នុងឆមាសទី២ ឆ្នាំ២០២៦ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងាររបស់នាយកដ្ឋានកណ្តាលនគរបាលព្រំដែន ឱ្យកាន់តែប្រសើរឡើងថែមទៀត៕















