សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ប្រទេសកម្ពុជានៅតែមានអត្រាឈឺ និងស្លាប់ដោយសារជំងឺរបេងក្នុងកម្រិតខ្ពស់នៅឡើយ បើធៀបនឹងប្រទេសមួយចំនួនទៀតនៅសកលលោក (Video inside)

23-03-2026 10:47

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងបញ្ជាក់ថា ទោះបីជាប្រទេសកម្ពុជាទទួលបានជោគជ័យក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរបេងក៏ដោយ តែប្រទេសកម្ពុជាក៏នៅមានអត្រាឈឺ និងស្លាប់ដោយសារជំងឺរបេងក្នុងកម្រិតខ្ពស់នៅឡើយ បើប្រៀបធៀបនឹងបណ្តាប្រទេសមួយចំនួនទៀតនៅសកលលោក។

នេះបើយោងតាមរយៈសារលិខិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសប្រារព្ធទិវាពិភពលោកកំចាត់រោគរបេង ក្រោមប្រធានបទ៖ «មែនហើយ ! យើងអាចបញ្ចប់ជំងឺរបេង៖ ដឹកនាំដោយប្រទេសជាតិ ជំរុញដោយប្រជាជន» ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦នេះ។

តាមរយៈសារលិខិតនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា «ទោះបីជាយើងទទួលបានជោគជ័យក៏ប្រទេសកម្ពុជា នៅមានអត្រាឈឺ និងស្លាប់ដោយសារជំងឺរបេងក្នុង កម្រិតខ្ពស់នៅឡើយ បើប្រៀបធៀបនឹងបណ្តាប្រទេសមួយចំនួនទៀតនៅសកលលោក»

សម្តេចបវរធិបតី បានបញ្ជាក់ទៀតថា បញ្ហានេះតម្រូវឱ្យយើងត្រូវបង្កើនល្បឿននៃកិច្ចខិតខំប្រឹងប្រែងបំពេញកិច្ចការបន្ថែមទៀត ដើម្បីកាត់បន្ថយជាអតិបរមានៃអត្រាឈឺ និងស្លាប់ដោយសារជំងឺរបេង ស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។ ក្នុងស្មារតីនេះយើងទាំងអស់គ្នាត្រូវបន្តជំរុញ ការយកចិត្តទុកដាក់ដោះស្រាយបញ្ហាជំងឺរបេង ប្រកបដោយស័ក្តិសិទ្ធភាព និងប្រសិទ្ធភាពខ្ពស់ ដើម្បីលើកកម្ពស់ សុខភាព គុណភាពនៃការរស់នៅ និងសេចក្តីថ្លៃថ្នូររបស់ប្រជាពលរដ្ឋយើង។

ប្រជាពលរដ្ឋមានសុខុមាលភាព រួមចំណែកដល់ការអភិវឌ្ឍធនធានមនុស្ស និងសកម្មភាពសង្គម សេដ្ឋកិច្ច ដើម្បីបង្កើនលទ្ធភាព និងជីវភាពរស់នៅកាន់តែល្អប្រសើរ ស្របតាមគោលដៅនៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។ រាជរដ្ឋាភិបាលមានជំនឿយ៉ាងមុតមាំថា ប្រធានបទដែលត្រូវបានកំណត់នៅក្នុងឆ្នាំនេះ នឹងសង្កត់ធ្ងន់ឱ្យពិភពលោកទាំងមូលមានជំនឿយ៉ាងមុតមាំថា យើងទាំងអស់គ្នាអាចបញ្ចប់ជំងឺរបេងបានដោយយើងទាំងអស់គ្នាត្រូវរួបរួមប្តេជ្ញា វិនិយោគ អនុវត្ត និងបង្កើនល្បឿន ដើម្បីបំពេញកិច្ចការដ៏ច្រើនបន្ថែមទៀត ជាពិសេសពង្រឹងសេវាថែទាំ បង្កើនការស្រាវជ្រាវ និងព្យាបាលជំងឺរបេងជាសកលនៅគ្រប់ទីកន្លែងសម្រាប់ជនគ្រប់រូប។

ដើម្បីឆ្លើយតបតាមប្រធានបទខាងលើនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏សូមស្នើក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ និងប្រជាពលរដ្ឋ ត្រូវបន្តខិតខំយកចិត្តទុកដាក់លើការងារអាទិភាព ដូចខាងក្រោម៖

* ទី១៖ បង្កើនល្បឿនអនុវត្តការងារប្រយុទ្ធជំងឺរបេង តាមផែនការជាតិ និងសកលលោក។

* ទី៖ ខិតខំប្រឹងប្រែងបន្ថែមទៀត ក្នុងការស្រាវជ្រាវស្វែងរកជំងឺរបេង រាប់បញ្ចូលទាំងសកម្មភាពស្រាវជ្រាវ រកជំងឺរបេងនៅតាមសេវាមូលដ្ឋានសុខាភិបាល សហគមន៍ និងទីកន្លែងសាធារណៈនានា។

* ទី៣៖ បន្តថែរក្សាឱ្យបានខ្ពស់នូវអត្រាព្យាបាលជោគជ័យនៃជំងឺរបេង លើសពី៩០%។

* ទី៤៖ ខិតខំកៀរគរធនធានបន្ថែមទៀតសម្រាប់បម្រើឱ្យការងារប្រយុទ្ធជំងឺរបេង។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងអំណរគុណដល់ភាគីពាក់ព័ន្ធទាំងអស់ ទាំងក្នុងនិងក្រៅប្រទេស រួមទាំងមន្ត្រី បុគ្គលិកសុខាភិបាលនៅទូទាំងប្រទេស និងប្រជាពលរដ្ឋគ្រប់រូប ដែលបានចូលរួមចំណែកធ្វើឱ្យការងារកំចាត់រោគរបេងនេះទទួលបានជោគជ័យនាពេលកន្លងមក និងសូមសម្តែងនូវការគាំទ្រយ៉ាងពេញ ទំហឹងជាថ្មីម្តងទៀតដល់សកម្មភាពប្រយុទ្ធនឹងជំងឺរបេង ក្នុងព្រះរាជាណាចក្រកម្ពុជា ក៏ដូចជានៅទូទាំងសកលលោក៕