ជប៉ុន ប្តេជ្ញាបន្តចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា លើកកម្ពស់គុណភាពជីវិតរបស់ប្រជាជន តាមរយៈការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ធនធានមនុស្ស និងការកែលម្អសេវាសាធារណៈ

23-03-2026 11:00

(ភ្នំពេញ)៖ លោក អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា បានលើកឡើងថា ប្រទេសជប៉ុន បានចូលរួមចំណែកយ៉ាងធំធេងក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមរបស់កម្ពុជា ការលើកកម្ពស់គុណភាពជីវិតរបស់ប្រជាជន តាមរយៈការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការអភិវឌ្ឍធនធានមនុស្ស ការកែលម្អសេវាសាធារណៈ។

ឯកអគ្គរាជទូតជប៉ុន បានបញ្ជាក់ថា កិច្ចសហប្រតិបត្តិការទាំងនេះគឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ដែលគាំទ្រដល់កំណើនសេដ្ឋកិច្ចរបស់កម្ពុជា ការពង្រឹងការតភ្ជាប់ក្នុងតំបន់ និងការលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាជន។

ការថ្លែងបែបនេះរបស់ឯកអគ្គរាជទូតជប៉ុន បានធ្វើឡើងនៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦នេះ ក្នុងពិធីបើកកម្មវិធីទស្សនៈកិច្ចអ្នកសារពត៌មាន ស្តីពីជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) ជប៉ុន ឆ្នាំ២០២៦។ ពិធីនេះមានការចូលរួមពីសំណាក់លោកស្រី ផាណា វីនីដា អគ្គលេខាធិការរងគណៈកម្មាធិការសហប្រតិបត្តិការ អភិវឌ្ឍន៍កម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា តំណាងអ្នកចូលរួមពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងអ្នកសារពូត៌មាន។

ឯកអគ្គរាជទូតជប៉ុន បានរម្លឹកថា ប្រទេសជប៉ុន និងកម្ពុជាបានកសាងទំនាក់ទំនងមិត្តភាពដ៏រឹងមាំជាច្រើនឆ្នាំណាស់មកហើយ។ ប្រទេសជប៉ុន បានចាប់ផ្តើមយ៉ាងលឿនបើប្រៀបទៅនឹងសហគមន៍អន្តរជាតិដទៃទៀត ដែលបានផ្តល់ការគាំទ្រដល់កម្ពុជា ពីដំណាក់កាលដំបូងក្នុងដំណើរការសន្តិភាព និងក្រោយមកគឺការកសាងឡើងវិញ ហើយបានបន្តកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗក្នុងនាមជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់ដើម្បីគាំទ្រដល់ការអភិវឌ្ឍប្រកបដោយចីរភាពរបស់កម្ពុជា។

ឯកអគ្គរាជទូតជប៉ុនរូបនេះ បានគូសបញ្ជាក់ថា៖ «យើងពិតជាមានមោទនភាពណាស់ដែលជំនួយអភិវឌ្ឍន៍ផ្លូវការរបស់ប្រទេសជប៉ុន ឬ ODA បានចូលរួមចំណែកយ៉ាងធំធេងក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់កម្ពុជា និងការលើកកម្ពស់គុណភាពជីវិតរបស់ប្រជាជនតាមរយៈការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការអភិវឌ្ឍធនធានមនុស្ស និងការកែលម្អសេវាសាធារណៈជាដើម។ កិច្ចសហប្រតិបត្តិការទាំងនេះ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ដែលគាំទ្រដល់កំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ការពង្រឹងការតភ្ជាប់ក្នុងតំបន់ និងការលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាជន»

លោក អ៊ូអិណុ អាត់ស៊ូស៊ី បានលើកឡើងថា កម្មវិធី ODA Press Tour លើកនេះនឹងរួមបញ្ចូលដំណើរទស្សនកិច្ចទៅកាន់ទីតាំងនានាដូចជាកំពង់ផែក្រុងព្រះសីហនុ និងរោងចក្រប្រព្រឹត្តិកម្មទឹកស្អាតនិរោធជាដើម ដើម្បីឱ្យលោកអ្នកបានឃើញដោយ ផ្ទាល់នូវសមទ្ធផលនៃកិច្ចសហប្រតិបត្តិការរបស់ប្រទេសជប៉ុន។ កំពង់ផែក្រុងព្រះសីហនុ គឺជាកំពង់ផែសមុទ្រទឹកជ្រៅតែមួយគត់របស់កម្ពុជា ដែលត្រូវបានអភិវឌ្ឍតាមរយៈការគាំទ្រពីប្រទេសជប៉ុន និងបានចូលរួមចំណែកយ៉ាងធំធេងក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ក្នុងនាមជាមជ្ឈមណ្ឌលឡូជីស្ទីក។ ឆ្នាំនេះគឺជាខួបលើកទី៣០ នៃការអភិវឌ្ឍកំពង់ផែនេះជាមួយកិច្ចសហប្រតិបត្តិការរបស់ជប៉ុន។

មន្ត្រីទូតជប៉ុនរូបនេះ បានបន្តថា ជាងនេះទៅទៀតរោងចក្រប្រព្រឹត្តិកម្មទឹកស្អាតនិរោធ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍការផ្គត់ផ្គង់ទឹកស្អាតក្រោមការគាំទ្រជាបន្តបន្ទាប់របស់ប្រទេសជប៉ុនចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៩០ ហើយវាជាទីតាំងមួយដែលតំណាងឱ្យភាពប្រសើរឡើងនៃសេវាកម្មទឹកស្អាតនៅរាជធានី ភ្នំពេញដែលត្រូវបានគេទទួលស្គាល់ថាជា «ភ្នំពេញអច្ឆរិយៈ»

លោកបានបង្ហាញក្តីសង្ឃឹមថាតាមរយៈ ODA Press Tour នេះ លោកអ្នកនឹងយល់ដឹងកាន់តែស៊ីជម្រៅអំពីរបៀប ដែលកិច្ចសហប្រតិបត្តិការរបស់ប្រទេសជប៉ុន កំពុងរួមចំណែកដល់ការអភិវឌ្ឍន៍របស់ប្រទេសកម្ពុជា និងជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា។ ការផ្សព្វផ្សាយរបស់លោកអ្នកនឹងត្រូវបានចែករំលែកយ៉ាងទូលំទូលាយនូវសមិទ្ធផលបនានានៃ ODA របស់ប្រទេសជប៉ុន ដែលអាចជំរុញការយល់ដឹងគ្នាទៅវិញទៅមក និងទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ៕