តំណាងរាស្រ្តមណ្ឌលតាកែវ រំលឹកប្រាប់ប្រជាពលរដ្ឋ ពីទង្វើឈ្លានពានរបស់ថៃយ៉ាងសាហាវព្រៃផ្សៃជាទីបំផុត មកលើដែនអធិបតេយ្យកម្ពុជា
23-03-2026 11:19
(តាកែវ)៖ លោកបណ្ឌិត ស៊ូ ភិរិន្ទ អ្នកតំណាងរាស្ត្រមណ្ឌលតាកែវ បានចាត់ទុកការឈ្លានពានរបស់យោធាថៃមកលើកម្ពុជា កន្លងមកមានលក្ខណៈសាហាវព្រៃផ្សៃជាទីបំផុត និងបានប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះទង្វើអមនុស្សធម៌ដ៏សាហាវយង់ឃ្នង របស់យោធាថៃ ដែលបានឈ្លានពាន មកលើអធិបតេយ្យភាពកម្ពុជា ជាពិសេសបានបន្តបាញ់ប្រហារមកលើប្រជាជនស៊ីវិលដោយមិនរើសមុខ។
ថ្លែងនៅចំពោះព្រះសង្ឃ មន្រ្តីរាជការ និងប្រជាពលរដ្ឋជាង ១ពាន់នាក់ ក្នុងពិធីសម្ភោធឆ្លងខ្លោងទ្វារវត្ត និងពុទ្ធាភិសេក នៅវត្តអង្គក្រូច ស្ថិតក្នុងឃុំបូរីជលសារ ស្រុកបូរីជលសារ ខេត្តតាកែវ នាថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦ លោកបណ្ឌិត ស៊ូ ភិរិន្ទ បានមានប្រសាសន៍បន្តថា ការឈ្លានពានរបស់យោធាថៃ ដោយបានប្រើប្រាស់អាវុធធុនតូច និងធុនធំ ដោយកំរោល និងមិនរើសគោលដៅយ៉ាងសាហាវព្រៃផ្សៃ បានធ្វើឱ្យប្រជាជនស៊ីវិលកម្ពុជា មួយចំនួនស្លាប់ និងរងរបួស ប្រាង្គប្រាសាទ ហេដ្ឋារចនាសម្ព័ន្ធ រួមនឹងផ្ទះសម្បែងពលរដ្ឋជាច្រើនខ្នងត្រូវបានបំផ្លាញ សិស្សសាលា ក្មេងចាស់ ប្រុសស្រីត្រូវបង្ខំចិត្តភៀសខ្លួនរកទីកន្លែង សុវត្ថិភាពបណ្តោះអាសន្ន។
លោកបណ្ឌិត អ្នកតំណាងរាស្រ្តមណ្ឌលតាកែវ ក៏បានអំពាវនាវល់ប្រជាពលរដ្ឋត្រូវរួបរួម សាមគ្គីគ្នា និងមានជំនឿជឿជាក់លើរាជរដ្ឋាភិបាលលើការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ កម្ពុជាត្រូវការសន្ដិភាព យើងមិនគាំទ្រការកំណត់ព្រំដែនណាមួយដោយប្រើប្រាស់កម្លាំងយោធានោះទេ ។
ជាមួយគ្នានោះលោកស្រី សេង សារ៉េត តំណាងប្រជាពលរដ្ឋស្រុកបូរីជលសារ បានសម្ដែងការឈឺចាប់ និងចាត់ទុកសកម្មភាពឈ្លានពានរបស់យោធាថៃ មកលើទឹកដីកម្ពុជា ជាទង្វើខុសច្បាប់ និងបានស្នើរដល់បណ្ដាសមាគមអន្តរជាតិ ជួយរកយុត្តិធម៌ជូនប្រជាជនកម្ពុជា និងប្រទេសជាតិទាំងមូល៕














