លោកស្រី ទុយ សិរីរតនៈ នេត្រភក្រ្តា ផ្តល់អំណោយកាកបាទក្រហមកម្ពុជា ជូនសមាជិកាសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងព័ត៌មាន ដែលមានជីវភាពខ្សត់ខ្សោយ ២៥រូប

23-03-2026 12:03

(ភ្នំពេញ)៖ លោកស្រី ទុយ សិរីរតនៈ នេត្រភក្រ្តា ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងព័ត៌មាន តំណាងលោក នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន រួមនឹងគណៈប្រតិភូនៃសាខាសមាគមននារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦នេះ បានអញ្ជើញផ្តល់អំណោយមនុស្សធម៌ដល់ស្រ្តី ដែលមានជំងឺប្រចាំកាយ និងជីវភាពខ្វះខាតដែលមកពីអគ្គនាយកដ្ឋានទាំង៥ នៃក្រសួងព័ត៌មាន ចំនួន២៥រូប។

លោកស្រី ទុយ សិរីរតនៈ នេត្រភក្រ្តា បានផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់លោករដ្ឋមន្ត្រី នេត្រ ភក្រ្តា ជូនចំពោះបងប្អូនដែលជាស្រ្តីទាំងអស់ ដែលបម្រើការងារក្នុងវិស័យសារព័ត៌មាន និងតែងតែគិតគូខ្វល់ខ្វាយពីសុខទុក្ខ និងជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូននារីនៃក្រសួងព័ត៌មាន ដែលមានបញ្ហាប្រឈមផ្នែកសុខភាព ជំងឺប្រចាំកាយ និងកង្វះខាតផ្នែកជីវភាព ដោយមិនទុកចោលនូវបញ្ហាប្រឈម និងពុំបានដោះស្រាយនោះឡើយ។

លោកស្រីបានលើកឡើងថា ជាការពិតណាស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការយកចិត្តទុកដាក់របស់សម្តេចបរវធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទ មុន្នី ហ៊ុនម៉ាណែត តែងបានយកចិត្តទុកដាក់ចំពោះសុខមាលភាពសង្គម ពិសេសសុខភាពស្រ្តី និងកុមារដែលជាសសរស្តម្ភមួយនៃការអភិវឌ្ឍប្រទេសជាតិមួយមិនអាចខ្វះបាន ពិសេសស្រ្តីក្នុងវិស័យសារព័ត៌មាន ដែលជាកម្លាំងចលករមួយដ៏សំខាន់មិនអាចកាត់ថ្លៃបានដែលស្រ្តី និងយុវនារីក្នុងវិស័យសារព័ត៌មាន តែងតែចូលរួមបម្រើការងារយ៉ាងសកម្មគ្រប់ទីកន្លែង គ្រប់ពេលវេលា ធ្វើយ៉ាងណាសំដៅដល់ការផ្សព្វផ្សាយជាសាធារណៈអំពីភាពរីកចម្រើនវឌ្ឍនភាពលើគ្រប់វិស័យក្រោមការដឹកនាំរបស់ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា។

លោកស្រី ទុយ សិរីរតនៈ ក៏បានកោតសរសើរចំពោះការលះបង់គ្រប់បែបយ៉ាងរបស់ស្រ្តីក្នុងវិស័យសារព័ត៌មាន លើការផ្សព្វផ្សាយភាពពិតជាក់ស្តែងរបស់កម្ពុជា ទៅកាន់ពិភពលោក ពិសេសស្ថិតក្នុងបរិបទនៃការឈ្លានពានរបស់ប្រទេសថៃ មកលើព្រះរាជាណាចក្រកម្ពុជា ក្រុមអ្នកសារព័ត៌មាន ជាស្រ្តីបានបំពេញតួនាទីយ៉ាងមុតមាំក្នុងការនាំមកជូននូវព័ត៌មានពិតជាក់ស្តែងជូនសាធារណៈជន។

បន្តមក លោកស្រី ទុយ សិរីរតនៈ នេត្រភក្រ្តា និងគណៈប្រតិភូបានចែកជូនអំណោយកាកបាទក្រហម ជូនសមាជិកសមាគមនារី ដែលមានជីវភាពខ្សត់ខ្សោយចំនួន ២៥នាក់ មកពី៥ អគ្គនាយកដ្ឋាន នៃក្រសួងព័ត៌មាន ដែលម្នាក់ៗទទួលបានរួមមាន៖ អង្ករ ២៥គីឡូ ឃីដ សម្ភារៈ ៤មុខ(មុង ភួយ សារុង ក្រមា ) ត្រីខមួយយួរ មី ១កេស ទឹកស៊ីអ៉ីវ ១យួរ ឆៃប៉ូវ មួយកែវ និងថវិកាសមាគមនារីចំនួន ១០ម៉ឺនរៀល៕