សកម្មជន និងភ្នាក់ងារសង្កេតការណ៍ គាំទ្រគណបក្សភ្លើងទៀន១៦រូប នៅឃុំតាំងស្យា ស្រុកភ្នំស្រួច គោរពស្នើសុំសម្តេចតេជោ ហ៊ុន សែន ចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា

23-03-2026 13:30

(កំពង់ស្ពឺ)៖ នៅរសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦ លោក ទី ប៊ុនថេង ទីប្រឹក្សារបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាក្រុមការងារស្នូលចលនាកសាងសមាជិកបក្សរាជធានី-ខេត្ត បានដឹកនាំក្រុមការងារចលនា កសាងសមាជិកបក្សខេត្តកំពង់ស្ពឺ ចុះទទួលសកម្មជន និងភ្នាក់ងារសង្កេតការណ៍ គាំទ្រគណបក្សភ្លើងទៀនចំនួន១៤រូប មកពីឃុំតាំងស្យា ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

ដោយមានការយកចិត្តទុកដាក់ខ្ពស់ពី លោក យូ សិរីវុឌ្ឍ បេសកជនពិសេសរបស់សម្ដេចតេជោ ហ៊ុន សែន និងជាប្រធានក្រុមការងារចលនាកសាងសមាជិកបក្ស មូលដ្ឋានរាជធានី-ខេត្ត និងលោក ភឺន ផល្លា ជំនួយការផ្ទាល់របស់សម្ដេចតេជោ ហ៊ុន សែន និងជាអនុប្រធានក្រុមការងារចលនាកសាងសមាជិកបក្ស រាជធានី-ខេត្ត, ក្រុមការងារបានចុះទទួលបេក្ខជន ភ្នាក់ងារ និងសកម្មជនគាំទ្រគណបក្សភ្លើងទៀនចំនួន១៦រូប មកពីឃុំតាំងស្យា ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដែលបានសម្រេចលាឈប់ពី គណបក្សរបស់ខ្លួន និងសម្រេចស្ម័គ្រចិត្តគោរពស្នើសុំសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា សុំចូលមករួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។

ភ្នាក់ងារ និងសកម្មជនគាំទ្រនៅតាមមូលដ្ឋាន ដែលទើបភ្ញាក់រលឹកខាងលើ បានអះអាងថា សកម្មភាពនយោបាយរបស់ទណ្ឌិតក្បត់ជាតិ សម រង្ស៉ី និងក្រុមប្រឆាំង មានតែបំភ្លិចបំផ្លាញជាតិ និងមិនបានជួយអ្វីដល់ជាតិនោះឡើយ។ ពួកគេបានមើល ឃើញច្បាស់ដោយឥតសង្ស័យថា គណបក្សប្រជាជនកម្ពុជា គឺជាបក្សនយោបាយតែមួយគត់ ដែលមានគុណបំណាច់ដ៏ធំធេង សម្រាប់ជាតិ និងប្រជាជនកម្ពុជា។

ក្នុងឱកាសនោះ លោក ទី ប៊ុនថេង បានអបអរសាទរចំពោះវត្តមានបងប្អូនដែលបានចូលរួមថ្ងៃនេះ និងបាននាំនូវការសាកសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីសំណាក់សម្តេចប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចអនុប្រធានគណបក្សជូន ក្រុមគ្រួសារលោក លោកស្រី ដែលបានប្រកាសផ្តាច់ខ្លួន ចេញពីគណបក្សរបស់ខ្លួន មកសុំរួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពជា។ លោកថា ការសម្រេចចិត្តចូលជាសមាជិក គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សតែមួយគត់ ដែលបានជួយយើងតាំងពីដើមរៀងមក គ្រប់កាលៈទេសៈទាំងអស់។

លោក ​ទី ប៊ុនថេង ក៏បានថ្លែងអំណរគុណសមាជិក សមាជិកា ទាំងអស់ដែលបានស្ម័គ្រចិត្តមកចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា ក្នុងគោលបំណងដើម្បីបង្ហាញអំពីឆន្ទៈគោរពស្រឡាញ់សន្តិភាព ចូលរួមថែរក្សាស្ថិរភាពនយោបាយ និងបន្តការអភិវឌ្ឍ ព្រមទាំងបដិសេធ គំនិតនយោបាយ ជ្រុលនិយម ដែលនាំឲ្យប្រទេសជាតិធ្លាក់ក្នុងគ្រោះចលាចល សារជាថ្មីម្តងទៀត៕