មន្ដ្រីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទ ចុះពិនិត្យផ្លូវព្រៃឈើនាង-ពញ្ញាអង្គរ ជាផ្លូវក្រាលកៅស៊ូពីរជាន់ តភ្ជាប់ពីភូមិព្រៃឈើនាង ស្រុកឈូក ទៅកាន់ភូមិពញ្ញាអង្គរ ស្រុកបន្ទាយមាស
23-03-2026 14:34
(កំពត)៖ លោកបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញពិនិត្យ ផ្លូវព្រៃឈើនាង-ពញ្ញាអង្គរ ជាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) មានប្រវែង១២,៣៧៩គីឡូម៉ែត្រ ទទឹងខ្នងលើ៦ម៉ែត្រ តភ្ជាប់ពីភូមិព្រៃឈើនាង ឃុំបានៀវ ស្រុកឈូក ទៅកាន់ភូមិពញ្ញាអង្គរ ឃុំវត្តអង្គខាងជើង ស្រុកបន្ទាយមាស ខេត្តកំពត សាងសង់ដោយក្រុមហ៊ុន អរអិន អ៊ីស៊ី&ស៊ី ឯ.ក (RN EC&C Co.,LTD.) ចាប់ផ្តើមសាងសង់ថ្ងៃ១៦ វិច្ឆិកា ២០២៤-១៦ មេសា ២០២៦។
ផ្លូវនេះ មានអ្នកទទួលផលដោយផ្ទាល់ចំនួន ២,៧៥១គ្រួសារ ស្មើនឹង ១១,៥០៩នាក់ និងទទួលផលដោយប្រយោលចំនួន ១,៨៦៨គ្រួសារ ស្មើនឹង៦,៧៣១នាក់។ ផ្លូវនេះ ត្រូវបានអនុវត្ត ការសាងសង់ដោយក្រសួងអភិវឌ្ឍន៍ជនបទក្នុងឆ្នាំ២០២៤ ក្នុងក្របខ័ណ្ឌគម្រោងខ្សែច្រវ៉ាក់ផលិតកម្ម ដោយភាគរៈបរិស្ថាន ដោយប្រើប្រាស់ថវិកាសហប្រតិបត្តិការរបស់ រាជរដ្ឋាភិបាលកម្ពុជា និងហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB), កម្ចីឥណទានរបស់មូលនិធិអាកាសធាតុបៃតង និងថវិកាបដិភាគរបស់អ្នកទទួលផល។ បច្ចុប្បន្នសម្រេចបាន ៦០%។
នៅក្នុងពេលចុះត្រួតពិនិត្យជាក់ស្តែង លោកបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត បានផ្តល់អនុសាសន៍ និងសំណូមពរដល់ក្រុមហ៊ុនមួយចំនួនដូចខាងក្រោម៖
១៖ ក្រុមហ៊ុនពង្រឹងការងារសាងសង់ ឲ្យមានគុណភាពស្របតាមបទដ្ឋានបច្ចេកទេស និងតាមផែនការកំណត់ក្នុងកិច្ចសន្យា។
២៖ ក្រុមហ៊ុនសម្រួលផ្លូវ Access Road និងផ្តល់សូឡាបំភ្លឺត្រង់ចំណុចលូប្រអប់មួយកន្លែង ដើម្បីបង្ការគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុ។
៣៖ ក្រុមហ៊ុនពន្លឿនការងារសាងសង់ និងចាក់កៅស៊ូអោយបានមួយទាន់មុនចូលឆ្នាំខ្មែរ។
៤៖ ដោះដូរគម្របលូដែលបែកបាក់ប្តូរចេញ និងយកដីខ្សាច់, ថ្ម ដែលចាក់លើគម្របលូចេញ ។
៥៖ ស្រោចទឹកអោយបានញឹកញាប់ ។
៦៖ ណែនាំប្រជាពលរដ្ឋកុំឲ្យនាំគ្នាចាក់ដី ខ្សាច់ ថ្ម លុបលើគម្របលូបង្ហូរទឹក៕


































