រដ្ឋមន្ត្រីសុខាភិបាល៖ ដើរដើម្បីស្នាមញញឹម (Walk for a Smile) ជាព្រឹត្តិការណ៍បង្ហាញពីក្តីមេត្តា ករុណា ការយកចិត្តទុក និងក្តីសង្ឃឹម សម្រាប់កុមារ ដោយផ្សារភាប់ភ្ជាប់ជាមួយទេសចរណ៍
23-03-2026 15:21
(សៀមរាប)៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានថ្លែងថា ព្រឹត្តិការណ៍ដេីរដើម្បីស្នាមញញឹម «Walk for a Smile» ជាព្រឹត្តិការណ៍មានអត្ថន័យដ៏ជ្រាលជ្រៅទាំងផ្នែកសុខភាព មនុស្សធម៌ និងសាមគ្គីភាពមនុស្សជាតិ ព្រមទាំងទេសចរណ៍សុខភាព ពិសេសបង្ហាញពីក្តីមេត្តា ករុណា ការយកចិត្តទុក និងក្តីសង្ឃឹម សម្រាប់កុមារ។
ការថ្លែងយ៉ាងដូច្នេះរបស់លោកសាស្ត្រាចារ្យ ក្នុងឳកាសបានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកព្រឹត្តិការណ៍ដេីរដើម្បីស្នាមញញឹម «Walk for a Smile» នាថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦ ដែលមានអញ្ជើញជាអធិបតីពីលោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍។
លោកសាស្ត្រាចារ្យបានគូសបញ្ជាក់ថា ព្រឹត្តិការណ៍នេះដែរក៏បានបង្ហាញពីក្តីមេត្តា ករុណា ការយកចិត្តទុក និងក្តីសង្ឃឹមដែលមានជានិច្ច សម្រាប់កុមារ និងអ្នកជំងឺដែលមានបញ្ហាស្នាមញញឹម។ ការវះកាត់ផ្តល់ជូនភាពញញឹមស្រស់បំព្រងឡើងវិញ និងការថែទាំបន្តសុខភាពកុមារ ពិតជាមានន័យសំខាន់បន្ថែមមួយទៀត នោះគឺការភ្ជាប់ សុខភាពមនុស្សជាតិតាំងពីដំបូង ជាមួយនឹងសោភណ្ឌភាពនៃទេសចរណ៍កម្ពុជា ជាមួយគ្នា។
ជានេះទៅទៀតក៏ជាសក្ខីភាពបញ្ជាក់ពីការយកចិត្តទុកដាក់ និងការប្តេជ្ញារបស់ក្រសួងសុខាភិបាល និងក្រសួងទេសចរណ៍ ក្នុងការលើកកម្ពស់ទាំងសុខភាព និងទេសចរណ៍ ដែលជាស្ពានចំណងមិនអាចកាត់ផ្តាច់បាននៃមនុស្សជាតិ ជាមួយការអភិវឌ្ឍចីរភាពសម្រាប់គ្រប់ប្រជាជាតិ។
សម្រាប់ក្នុងព្រឹត្តិការណ៍នេះដែរ មានការរួមទស្សនាប្រាសាទនានានៅតំបន់អង្គរ និងការទស្សនាព្រឹត្តិការណ៍សំខាន់ សមរាត្រី ដែលជាព្រឹត្តិការណ៍ថ្ងៃ និងយប់ស្មើគ្នា ព្រះអាទិត្យរះ នៅចំកំពូល កណ្ដាលនៃប្រាសាទអង្គរវត្ត ដែលគេអាចមើលឃើញច្បាស់ពីគោបុរៈ រៀងរាល់ ២ដង ក្នុងមួយឆ្នាំ។
សូមរំលេចថានេះជាព្រឹត្តិការណ៍លើកទី៨ នៃការរៀបចំពិធី Walk for a Smile ដែលជាផ្នែកមួយនៃការបង្ហាញអំពី ទំនាក់ទំនងល្អ និងការចូលរួមរួមគ្នារវាងប្រជាជនទាំងពីរ តាមរយៈការសហការរវាងអង្គការ ស្នាមញញឹមកម្ពុជា និងអង្គការ Future Smile China ដែលបានបន្តអនុវត្តគម្រោងនេះជាច្រេីនឆ្នាំមកដល់បច្ចុប្បន្ន៕




























