លោកបណ្ឌិត ម៉ុង ឫទ្ធី៖ វិស័យចិញ្ចឹមសត្វកម្ពុជា អាចរក្សាស្ថេរភាពថ្លៃ និងផ្គត់ផ្គង់តម្រូវការក្នុងស្រុកបាន រហូតឈានដល់ការនាំចេញ ទោះបីកម្ពុជាពើបប្រទះសង្គ្រាមព្រំដែនជាមួយប្រទេសថៃក៏ដោយ (Video inside)

23-03-2026 15:27

(ភ្នំពេញ)៖ លោកបណ្ឌិត ម៉ុង ឫទ្ធី ប្រធានគណៈកម្មការទី៣ ទទួលបន្ទុកផែនការ វិនិយោគកសិកម្ម ធនធានទឹក ឧតុនិយម អភិវឌ្ឍន៍ជនបទ និងបរិស្ថាន នៃព្រឹទ្ធសភា នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ បានបញ្ជាក់ថា វិស័យចិញ្ចឹមសត្វកម្ពុជា អាចរក្សាស្ថេរភាពថ្លៃ និងផ្គត់ផ្គង់តម្រូវការក្នុងស្រុកបាន រហូតឈានដល់ការនាំចេញ ទោះបីកម្ពុជាពើបប្រទះសង្គ្រាមព្រំដែនជាមួយប្រទេសថៃក៏ដោយ។

ការថ្លែងរបស់លោកបែបនេះ បានធ្វើឡើងនាឱកាសដែលលោក អញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំកំពូលសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា ឆ្នាំ២០២៦ ក្រោមប្រធានបទ៖ «ការពង្រឹងផលិតកម្មសត្វដើម្បីធានាសន្តិសុខស្បៀង និងការអភិវឌ្ឍប្រកបដោយនិរន្តរភាព»។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួងពាក់ព័ន្ធ, លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា, លោក លី ឡាវីល ប្រធានក្រុមប្រឹក្សាភិបាលសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា, សមាជិក សមាជិកា សមាគម និងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិជាច្រើនរូបផ្សេងទៀត។

ឆ្លើយតបនឹងសំណួរអ្នកសារព័ត៌មាន អំពីស្ថានភាពថ្លៃ និងការផ្គត់ផ្គង់សាច់នៅលើទីផ្សារ ស្របពេលដែលកម្ពុជាមានជម្លោះព្រំដែនជាមួយប្រទេសថៃ, លោកបណ្ឌិត ម៉ុង ឫទ្ធី បានមានប្រសាសន៍ថា ទោះបីមានបញ្ហាព្រំដែនជាមួយប្រទេសថៃយ៉ាងធ្ងន់ធ្ងរក៏ដោយ ក៏វិស័យចិញ្ចឹមសត្វនៅកម្ពុជាបន្តកើនឡើងដដែល។

លោកបណ្ឌិត បានបន្តថា សមាគមចិញ្ចឹមសត្វ បានខិតខំប្រឹងប្រែងយ៉ាងពេញទំហឹង​ ដើម្បីទប់ទល់នឹងការនាំចូលពីមុនមក ហើយឥឡូវយើងឈានដល់ការនាំចេញទៅទីផ្សារខាងក្រៅផងដែរ។ ដោយលោក បានមានប្រសាសន៍ដូច្នេះថា៖ «បើនិយាយពីកំណើន ពីមុនយើងនាំចូលតែឥឡូវយើងនាំចេញទៅឱ្យគេវិញបាន លើសពីតម្រូវការ(ក្នុងស្រុក) បើនិយាយពីជ្រូកតែមួយមុខ។ បើនិយាយពីត្រី​ ពីមុនយើងអាចនាំចូលពីគេ តែឥឡូវយើងអាចផ្គត់ផ្គង់បានក្នុងស្រុក ហើយនៅសល់ទៀត..»

សូមស្ដាប់ប្រសាសន៍របស់លោកបណ្ឌិត ម៉ុង ឫទ្ធី ដូចតទៅ៖