លោកបណ្ឌិត ម៉ុង ឫទ្ធី ស្នើឱ្យមានការយកចិត្តទុកដាក់លើវិស័យសំខាន់២ គឺវិស័យដាំដុះកសិផល និងចិញ្ចឹមសត្វ (Video inside)
23-03-2026 15:42
(ភ្នំពេញ)៖ លោកបណ្ឌិត ម៉ុង ឫទ្ធី ប្រធានគណៈកម្មការទី៣ ទទួលបន្ទុកផែនការ វិនិយោគកសិកម្ម ធនធានទឹក ឧតុនិយម អភិវឌ្ឍន៍ជនបទ និងបរិស្ថាន នៃព្រឹទ្ធសភា នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ បានស្នើឱ្យមានការយកចិត្តទុកដាក់លើវិស័យសំខាន់ ២ គឺវិស័យដាំដុះកសិផល និងវិស័យចិញ្ចឹមសត្វ ដែលសុទ្ធសឹងតែជាវិស័យខ្វះគ្នាមិនបាន។
ការថ្លែងរបស់លោកបែបនេះ បានធ្វើឡើងនាឱកាសដែលលោក អញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំកំពូលសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា ឆ្នាំ២០២៦ ក្រោមប្រធានបទ៖ «ការពង្រឹងផលិតកម្មសត្វដើម្បីធានាសន្តិសុខស្បៀង និងការអភិវឌ្ឍប្រកបដោយនិរន្តរភាព»។
លោកបណ្ឌិត ម៉ុង ឫទ្ធិ បានមានប្រសាសន៍ថា កសិករខ្នាតតូច និងមធ្យម អាចពង្រឹងសមត្ថភាពរបស់ខ្លួនបានមួយចំណែកហើយ។ ទន្ទឹមនឹងនេះ ក៏ត្រូវមានការចូលរួមពីរាជរដ្ឋាភិបាល ក្នុងការគាំទ្របន្ថែមលើវិស័យសំខាន់ ២ គឺវិស័យដាំដុះកសិផល និងវិស័យចិញ្ចឹមសត្វ។
អ្នកជំនាញកសិកម្មរូបនេះ បានលើកឡើងដូច្នេះថា៖ «...បើតម្រូវការពីរាជរដ្ឋាភិបាល គឺសុំឱ្យនៅតែបន្តគាំទ្រសព្វបែបសព្វយ៉ាងដល់វិស័យដាំ និងចិញ្ចឹម បើគាំទ្រតែវិស័យចិញ្ចឹម អត់គាំទ្រវិស័យដាំ ការចិញ្ចឹមវាត្រូវការកសិផល យកមកឱ្យសត្វស៊ី ដូចពោត សណ្ដែក ស្រូវ-អង្ករ ដំឡូង ហើយបើសិនណាអ្នកដាំមិនកើត នាំឱ្យវិស័យចិញ្ចឹមក៏ពិបាក..»។
ជាមួយគ្នានេះដែរ លោក ក៏ស្នើឱ្យមានការពិចារណាបន្ធូរបន្ថយអត្រាការប្រាក់ ចំពោះហិរញ្ញប្បទានក្នុងវិស័យកសិកម្ម ដើម្បីជាការលើកទឹកចិត្តដល់កសិករក្នុងការបន្តវិថីកសិកម្មទៅមុខ៕
សូមស្ដាប់ប្រសាសន៍របស់លោកបណ្ឌិត ម៉ុង ឫទ្ធី ដូចតទៅ៖















