ក្រសួងអប់រំ ណែនាំពីការចូលរួមសន្សំសំចៃ ការប្រើប្រាស់ប្រេងឥន្ទនៈ និងអគ្គិសនី និងលើកទឹកចិត្តឲ្យរៀបចំកិច្ចប្រជុំ តាមប្រព័ន្ធអនឡាញ (Video inside)
23-03-2026 15:58
(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីណែនាំ ស្តីពី ការចូលរួមសន្សំសំចៃការប្រើប្រាស់ប្រេងឥន្ទនៈ និងអគ្គិសនី និងលើកទឹកចិត្តឱ្យរៀបចំ សិក្ខាសាលា និងកិច្ចប្រជុំ តាមប្រព័ន្ធអនឡាញ ព្រមទាំងកាត់បន្ថយជាអតិបរមាក្នុងការរៀបចំ សិក្ខាសាលានិងកិច្ចប្រជុំ ដែលត្រូវធ្វើដំណើរឆ្ងាយ។
ក្រសួងអប់រំ បានឲ្យដឹងថា ក្នុងបរិបទដែលតម្លៃប្រេងឥន្ធនៈកើនឡើង យ៉ាងគំហុកជាសកល ដោយសារបញ្ហាសង្គ្រាមនៅមជ្ឈិមបូព៌ា និងតម្រូវការប្រើប្រាស់អគ្គិសនី មានការកើនឡើងខ្លាំង ដោយសារអាកាសធាតុក្តៅ បានកំពុងប៉ះពាល់ដោយផ្ទាល់ ដល់ការប្រើប្រាស់ថាមពលជាទូទៅ រាជរដ្ឋាភិបាលកម្ពុជាបានចេញសារាចរ ស្តីពី «វិធានការសន្សំសំចៃលើ ការប្រើប្រាស់ប្រេងឥន្ធនៈ និងអគ្គិសនី»។
ដើម្បីចូលរួមអនុវត្តសារាចររបស់រាជរដ្ឋាភិបាល ក្រសួងអប់រំ យុវជន និងកីឡា សូមណែនាំដល់ថ្នាក់ដឹកនាំ បុគ្គលិកអប់រំទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ និស្សិត និងសិស្សានុសិស្ស នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនគ្រប់កម្រិត ឱ្យចូលរួមអនុវត្តវិធានការ សន្សំសំចៃការប្រើប្រាស់ប្រេងឥន្ធនៈ និងអគ្គិសនី ដូចខាងក្រោម៖
* លើកទឹកចិត្តបុគ្គលិកអប់រំ គ្រូបង្រៀន និស្សិត និងសិស្សានុសិស្ស ឱ្យជ្រើសរើសមធ្យោបាយធ្វើដំណើរ សាធារណៈ មធ្យោបាយធ្វើដំណើររួមគ្នា និងជ្រើសរើសមធ្យោបាយ ធ្វើដំណើរដែលប្រើប្រាស់ប្រេងឥន្ធនៈ តិច ឬមិនប្រើប្រាស់ប្រេងឥន្ធនៈ
* កាត់បន្ថយជាអតិបរមាក្នុងការរៀបចំ សិក្ខាសាលានិងកិច្ចប្រជុំ ដែលត្រូវធ្វើដំណើរឆ្ងាយ
* លើកទឹកចិត្តឱ្យរៀបចំ សិក្ខាសាលា និងកិច្ចប្រជុំ តាមប្រព័ន្ធអនឡាញ
* លើកទឹកចិត្តបុគ្គលិកអប់រំ និងគ្រូបង្រៀន ឱ្យប្រើប្រាស់ថាមពលអគ្គិសនីប្រកបដោយប្រសិទ្ធភាព ដោយត្រូវចៀសវាងការប្រើប្រាស់ឧបករណ៍បរិក្ខារអគ្គិសនីណាដែលមិនចាំបាច់
* បិទភ្លើង កង្ហារ ម៉ាស៊ីនត្រជាក់ កុំព្យូទ័រ ម៉ាស៊ីនហ្វូតូកូពី និងឧបករណ៍បរិក្ខារអគ្គិសនីផ្សេងៗ បន្ទាប់ពី បញ្ចប់ការងារ ឬនៅពេលមិនប្រើប្រាស់
* ប្រើប្រាស់ម៉ាស៊ីនត្រជាក់ និងឧបករណ៍បរិក្ខារអគ្គិសនីផ្សេងៗ តាមការណែនាំរបស់ក្រសួងរ៉ែ និង ថាមពល ដូចជាការកំណត់សីតុណ្ហភាពម៉ាស៊ីនត្រជាក់ក្នុងកម្រិតសមស្រប
* ប្រើប្រាស់ពន្លឺធម្មជាតិឱ្យបានច្រើនជាអតិបរិមា នៅពេលមានលក្ខខណ្ឌអនុគ្រោះ (ដូចជា បើកទ្វារ និងបង្អួច)
* ណែនាំ លើកទឹកចិត្ត និងបង្រៀន និស្សិតនិងសិស្សានុសិស្សឱ្យចូលរួមនិងមានទម្លាប់សន្សំសំចៃ ការប្រើប្រាស់អគ្គិសនី
* គ្រប់អង្គភាព និងគ្រឹះស្ថានសិក្សាទាំងអស់ ត្រូវចូលរួមផ្សព្វផ្សាយសារៈសំខាន់នៃការសន្សំសំចៃ អគ្គិសនី និងត្រូវអនុវត្តវិធានការសន្សំសំចៃការប្រើប្រាស់ប្រេងឥន្ធនៈ និងអគ្គិសនី ដោយស្មារតីទទួល ខុសត្រូវខ្ពស់ និងត្រូវចូលរួមត្រួតពិនិត្យជាប្រចាំ៕






