រដ្ឋសភា ចេញសេចក្តីណែនាំកាត់បន្ថយ និងសន្សំសំចៃការប្រើប្រាស់ថាមពលអគ្គិសនី និងប្រេងឥន្ធនៈ

23-03-2026 15:54

(ភ្នំពេញ)៖ អគ្គលេខាធិការដ្ឋាន នៃរដ្ឋសភា នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦នេះ បានដាក់ចេញសេចក្តីណែនាំថ្មី ស្ដីពីការកាត់បន្ថយ និងសន្សំសំចៃការប្រើប្រាស់ថាមពលអគ្គិសនី និងប្រេងឥន្ធនៈ។ វិធានការនេះ ធ្វើឡើងដើម្បីបង្កើនប្រសិទ្ធភាពគ្រប់គ្រងធនធាន និងចូលរួមឆ្លើយតបនឹងវិបត្តិថាមពលសកល ក៏ដូចជាការប្រែប្រួលអាកាសធាតុ។

យោងតាមសេចក្ដីជូនដំណឹងដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានបញ្ជាក់ថា ដើម្បីចូលរួម កាត់បន្ថយ និងសន្សំសំចៃការប្រើប្រាស់ថាមពលអគ្គិសនី និងប្រេងឥន្ធនៈ នៅវិមានរដ្ឋសភា និងតាមទីស្នាក់ការ តំណាងរាស្ត្រមណ្ឌលរាជធានីខេត្តទាំងអស់ក្នុងអំឡុងពេលបំពេញការងារ អគ្គលេខាធិការដ្ឋានរដ្ឋសភាសូម ដាក់ចេញនូវវិធានការបណ្តោះអាសន្ន ចូលរួមកាត់បន្ថយ និងសន្សំសំចៃការប្រើប្រាស់ថាមពលអគ្គិសនី និង ប្រេងឥន្ធនៈ ដូចខាងក្រោម៖

*ទី១៖ ត្រូវកំណត់សីតុណ្ហភាពម៉ាស៊ីនត្រជាក់ក្នុងបន្ទប់ការិយាល័យ សាលប្រជុំនានា ត្រឹម ២៥អង្សាស ចៀសវាងប្រើប្រាស់ម៉ាស៊ីនត្រជាក់លើសពីតម្រូវការ
*ទី២៖ ត្រូវបិទអំពូលភ្លើង ម៉ាស៊ីនត្រជាក់ និងដកឌុយចេញពីឧបករណ៍បរិក្ខារអគ្គិសនីគ្រប់ប្រភេទដែល មិនចាំបាច់ ឬនៅពេលឈប់ប្រើប្រាស់ នៅពេលម៉ោងសម្រាក និងមុនពេលចាកចេញពីបន្ទប់ ការិយាល័យ សាលប្រជុំ។
*ទី៣៖ ចំពោះការបំភ្លឺទីសាធារណៈ ឬតាមរបង ត្រូវកំណត់ពេលបើក-បិទ ឱ្យបានត្រឹមត្រូវ និងខ្ជាប់ខ្ជួន ចៀសវាងបំភ្លឺពេលមិនទាន់ងងឹត និងបើកចោលពេលព្រឹក នៅពេលមានពន្លឺថ្ងៃ
*ទី៤៖ លើកទឹកចិត្តឱ្យបើកវាំងននប្រើប្រាស់ពន្លឺព្រះអាទិត្យឱ្យអស់លទ្ធភាព ជំនួសការបើកអំពូលភ្លើង
ទី៥៖ ធ្វើការសន្សំសំចៃលើការប្រើប្រាស់ប្រេងឥន្ធនៈ ដោយកាត់បន្ថយការចុះបំពេញបេសកកម្មក្នុងប្រទេស និងក្រៅប្រទេស៕