KOICA បើកដំណើរការគម្រោងពង្រឹងប្រព័ន្ធសុខាភិបាលសាធារណៈនៅខេត្តរតនគិរី «វិធីសាស្ត្ររួមបញ្ចូលគ្នា ដើម្បីឆ្ពោះទៅរកប្រព័ន្ធសុខាភិបាលដែលមានសមភាព និងភាពធន់ខ្ពស់ជាងមុន»

23-03-2026 16:22

(ភ្នំពេញ)៖ អង្គការសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ដោយសហការជាមួយក្រសួងសុខាភិបាល បានប្រកាសបើកដំណើរការជាផ្លូវការនូវ «គម្រោងពង្រឹងប្រព័ន្ធសុខាភិបាលសាធារណៈគ្រប់ជ្រុងជ្រោយ នៅខេត្តរតនគិរី»។ ពិធីបើកដំណើរនេះ ធ្វើឡើងនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ ដោយស្ថាប័នទទួលផល រួមមាន មន្ទីរពេទ្យបង្អែកខេត្តរតនគិរី និងមន្ទីរពេទ្យបង្អែកកូនមុំ ព្រមទាំងដៃគូអភិវឌ្ឍន៍ ដើម្បីចែករំលែកចក្ខុវិស័យរបស់គម្រោង និងបញ្ជាក់ឡើងវិញពីការប្តេជ្ញាចិត្តក្នុងការសហការគ្នា។

លោកស្រី Moo Jun Choi នាយិកាការិយាល័យ KOICA ប្រចាំកម្ពុជា បានរំលឹកអំពីដំណើរទស្សនកិច្ចលើកដំបូងរបស់លោកស្រីទៅកាន់ខេត្តនេះ ដោយបានឃើញការខ្វះខាត ក្នុងការចូលដំណើរការសេវាសុខាភិបាល ដែលមានគុណភាព។ គម្រោងនេះលោកស្រីជឿជាក់ថា នឹងអាចជួយផ្លាស់ប្តូរពីភាពជាក់ស្តែងនោះបាន។ លោកស្រីបានបន្ថែមថា គម្រោងនេះ មិនមែនគ្រាន់តែសាងសង់មន្ទីរពេទ្យទេ ប៉ុន្តែសាងសង់ប្រព័ន្ធសុខាភិបាលដែលប្រសើរជាងមុនសម្រាប់ប្រជាជននៅខេត្តរតនគិរី។

លោក ស៊ុង វិនតាក់ រដ្ឋលេខាធិការក្រសួងសុខាភិបាល ក្នុងនាមក្រសួងសុខាភិបាល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ KOICA និងរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ សម្រាប់គាំទ្រដែលបន្ត។ ជាមួយការប្តេជ្ញាហិរញ្ញវត្ថុប្រមាណ៧លានដុល្លារអាមេរិក គម្រោងនេះតំណាងឲ្យសញ្ញានៃការជឿទុកចិត្ត និងភាពរួបរួមគ្នា ដោយផ្តោតទាំងលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការពង្រឹងសមត្ថភាពធនធានមនុស្ស។

លោកក៏បានបញ្ជាក់ថា គម្រោងនេះនឹងជួយបង្កើនការចូលដំណើរការសេវាសុខាភិបាលនៅតំបន់ដែលមិនទាន់ទទួលបានសេវាគ្រប់គ្រាន់ និងជំរុញការអភិវឌ្ឍរបស់កម្ពុជា ទៅរកការគ្របដណ្តប់សុខភាពជាសកល (UHC)។

សូមជម្រាបថា គម្រោងនេះ នឹងចាប់ផ្តើមអនុវត្តពីឆ្នាំ២០២៥ ដល់ឆ្នាំ២០៣០ជាមួយថវិកាសរុបប្រមាណ៧លានដុល្លារអាមេរិក ប្រើប្រាស់វិធីសាស្ត្រគ្រប់ជ្រុងជ្រោយ ក្នុងការពង្រឹងប្រព័ន្ធសុខាភិបាលកម្រិតខេត្ត ដោយផ្តោតលើរចនាសម្ព័ន្ធ ធនធានមនុស្ស ការផ្តល់សេវា និងគ្រប់គ្រង។ សកម្មភាពសំខាន់ៗ រួមមាន ការសាងសង់អគារទំហំ១,២០១ម៉ែត្រការ៉េ នៅមន្ទីរពេទ្យបង្អែកខេត្តរតនគិរី និងអគារទំហំ២៧៩ម៉ែត្រការ៉េ នៅមន្ទីរពេទ្យបង្អែកកូនមុំ ព្រមទាំងការផ្គត់ផ្គង់វេជ្ជសាស្ត្រចាំបាច់។

គម្រោងក៏នឹងគាំទ្រការគ្រប់គ្រងមន្ទីរពេទ្យ និងការកែលម្អគុណភាពសេវា តាមរយៈសេវាពិគ្រោះយោបល់បច្ចេកទេស ខណៈដែលផ្តល់កម្មវិធីបណ្តុះបណ្តាលសមត្ថភាពជាប្រព័ន្ធសម្រាប់វេជ្ជបណ្ឌិត គិលានុបដ្ឋាយិកា និងវិស្វករឧបករណ៍វេជ្ជសាស្ត្រ។ បន្ថែមពីនេះ ក៏មានសកម្មភាពនៅកម្រិតសហគមន៍ដើម្បីបង្កើនការយល់ដឹងអំពីសុខភាពសាធារណៈ និងពង្រឹងប្រព័ន្ធសុខភាពសុខាភិបាលមូលដ្ឋានផងដែរ។

ដោយផ្អែកលើជោគជ័យនៃដំណាក់កាលមុន (ឆ្នាំ២០១៩-២០២៣) ដែលបានកាត់បន្ថយយ៉ាងសំខាន់នូវតម្រូវការ ដែលមិនទាន់បានបំពេញ ក្នុងសេវាសុខភាពមាតា និងបង្កើនកម្រិតពេញចិត្តរបស់អ្នកជំងឺគម្រោងនេះ តំណាងឲ្យការពង្រីកបន្ថែមឆ្ពោះទៅរកវិធីសាស្ត្រ ពង្រឹងប្រព័ន្ធសុខាភិបាល ដែលមានការរួមបញ្ចូល និងគ្របដណ្តប់ទាំងមូល។ គម្រោងនេះ ត្រូវបានអនុវត្តដោយ National Center សហការជាមួយ Term Sailors ដោយបញ្ចូលជំនាញបច្ចេកទេសក្នុងការពង្រឹងប្រព័ន្ធសុខាភិបាលសាធារណៈ ជាមួយសមត្ថភាពអនុវត្តការងារនៅតំបន់ជាក់ស្តែង។

KOICA រំពឹងថា គម្រោងនេះ នឹងបង្កើនការចូលដំណើរការសេវាសុខាភិបាលចាំបាច់សម្រាប់ប្រជាជននៅខេត្តរតនគិរី ខណៈពង្រឹងសមត្ថភាពស្ថាប័នមូលដ្ឋាន ដែលជាគ្រឹះសម្រាប់ប្រព័ន្ធសុខាភិបាល មានភាពចីរភាព និងមានភាពធន់ខ្ពស់៕